ភ្នំពេញៈ ​​ថ្នាក់​ដឹក​នាំ​គ្រឹះ​ស្ថាន​សិក្សា​ឯក​ជន​ជាង​១០០​បានឯកភាពស្នើសុំ​ជួប​ពិភាក្សា​ជា​មួយ​ភាគី​រាជ​រដ្ឋា​ភិបាលនិង​​ក្រសួង​ពាក់​ព័ន្ធ​ ដើម្បី​ស្វែង​រក​វិធីបើក​ដំណើការ​សាលារៀន​ឡើង​វិញ​ ខណៈគ្រឹះស្ថាន​សិក្សា​ភាគ​ច្រើន​កំពុង​ប្រឈម​នឹង​ការ​ក្ស័យ​ធន​និង​ឈានទៅ​ការ​បិទ​ទ្វារ​។

ថ្លែងនៅក្នុងកិច្ចប្រជុំតាមអនឡាញ លោក ​ហេង វ៉ាន់ដា ​នាយក​វិទ្យា​ស្ថាន​វ៉ាន់ដា​និង​ជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​​បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់​ដែល​កើត​ឡើង​ពីការ​រីរាល​ដាល​ជំងឺ​កូវីដ​ ១៩​ និង​បញ្ហា​ប្រឈម​ ​ដើម្បី​ស្នើ​សុំរក​ដំ​ណោះ​ស្រាយ​ពី​រដ្ឋា​ភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​នេះ​ថា ​ជំងឺ​កូវីដ ​១៩​ បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ​២០២០ បាន​ធ្វើ​ឱ្យគ្រឹះ​ស្ថាន​សិក្សា​ឯកជនរង​ផល​ប៉ះពាល់​រយៈ​ពេល​ពេញ​១​ឆ្នាំ​រួច​​ទៅ​ហើយ​។ ​រីឯ​ឆ្នាំ​២០២១​នេះក៏កើត​មាន​ព្រឹត្ដិ​ការណ៍​ ២០​ កុម្ភៈ​ ដែលកំពុង​​ជះ​ឥទ្ធិពល​​ធ្ងន់​ធ្ងរ​ដល់​គ្រឹះ​ស្ថាន​សិក្សា​ឯក​ជន​។

លោក​ថ្លែង​ថា​៖ «​លទ្ធ​ផល​នៃកិច្ច​ប្រជុំ​មាន​ច្រើន​ចំណុច ​ប៉ុន្ដែ​អ្វីដែល​អង្គប្រជុំ​លើកឡើង​ដើម្បី​​គោរពជូន​រាជ​រដ្ឋាភិបាល​​ស្នើ​សុំ​ជួយ​ដោះ​ស្រាយ ​គឺ​ធ្វើ​យ៉ាង​ណា​អាច​ឱ្យ​គ្រឹះស្ថាន​សិក្សា​ឯកជន​អាច​មាន​ស្ថិរភាព​បន្ត​ទៅ​មុខ​ទៀត​បាន»​។

លោក​បន្តថា​៖ «​គ្រឹះស្ថាន​សិក្សា​ឯក​ជន​គឺ​មិន​អាច​ធន់​ទ្រាំ​បាន​បន្ត​ទៅ​ទៀត​បាន​ទេ ​គឺ​ស្នើ​សុំ​ឱ្យ​បើក​ដំណើការ​សិក្សា​ឡើង​វិញ​ព្រោះ​យើង​មិន​ដឹង​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​ ១៩ ​នេះ ​ពេល​ណា​អាច​បិទ​បញ្ចប់​»​។

​លោក​បន្តថា ​ការ​ស្នើ​សុំ​បើក​ដំណើការ​សាលារៀន​ឡើងវិញ​នេះ គឺ​ឈរលើ​​វិធីសាស្រ្ដ​សិក្សា​ក្នុង​ថ្នាក់​ខ្លះ​និងរៀន​តាម​អន​ឡាញ​ខ្លះ​ (Online Plus) ដើម្បី​កាត់​បន្ថយ​ចំនួន​សិស្ស​រៀន​ក្នុង​ថ្នាក់ និង​កុំ​ឱ្យសិស្ស​រៀន​តែ​តាម​អន​ឡាញ​​។

លោកថ្លែង​ថា​៖ «​យើង​នឹង​ប្រមូល​លទ្ធ​ផល​ដែល​ទទួល​បាន​ពីកិច្ច​ប្រជុំនេះ ​ធ្វើ​លិខិត​ស្នើ​សុំ​ទៅ​ជួប​ពិភាក្សា​ជា​មួយក្រ​សួង​ពាក់​ព័ន្ធ ​ដើម្បី​ជម្រាប​ពីបញ្ហានិង​ការព្រួយ​បាម្ភ​របស់​យើង​»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្រ្ដី​នាំពាក្យ​ ក្រសួង​អប់រំ ​យុវ​ជន ​និង​កីឡា លោក ​រស់ សុវាចា ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​គ្រឹះស្ថាន​សិក្សា​ឯក​ជន ​និង​ភាគី​ពាក់​ព័ន្ធ​បន្ត​ពិភាក្សា​ចរចាគ្នា​រក​ដំណោះ​ស្រាយ​សម​ស្រប​និង​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក​ព្រោះ​ទាំង​អស់​គ្នា​សុទ្ធ​តែរ​រង​ផល​ប៉ះ​ពាល់​ពីការ​រីក​រាល​ដាល​ជំងឺ​កូវីដ​ ១៩​។

យ៉ាងណាក្ដី លោក​ រស់ សុវាចា បាន​ថ្លែង​ថា​ ជារួម​ក្រសួង​អប់រំ​បន្ត​ផ្អាក​គ្រឹះស្ថាន​សិក្សា​សាធារណៈ​និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ដោយ​បន្ត​តាម​ដាន​និង​វាយ​តម្លៃ​ស្ថាន​ភាព​ព្រឹត្តិការណ៍​សហ​គមន៍​២០​កុម្ភៈ​។​ប៉ុន្តែចំពោះ​មុខ​នេះ​ក្រសួង​អប់រំលើកទឹក​ចិត្ត​គ្រប់​ភាគី​ពាក់​ព័ន្ធ​ជាពិ​សេស​បុគ្គ​លិក​អប់រំ​មាតា​បិតា​សិស្ស​និស្សិត​បន្ត​អនុវត្តឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​វិធាន​ការ ៣​ ការពារ​ ៣ កុំ​។

លោក​ថ្លែង​ថា៖ «គ្រឹះស្ថាន​សិក្សា​សាធារណៈ​ និង​ឯក​ជន​ត្រូវ​បន្ត​ការ​បង្រៀន​និង​រៀន​ពីចម្ងាយ​ និង​តាម​អន​ឡាញ​ស្រប​តាម​គន្លង​ជីវិត​ថ្មី​នៃ​វិស័យ​អប់រំ​»។

លោក ​ប៉ិច ​បូឡែន​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សហព័ន្ធ​សេវាអប់រំ​នៅ​កម្ពុជា​ដែល​បាន​ចូល​រួម​ប្រជុំ​ដែរ​នោះបាន​ឱ្យដឹង​ថា​ ​គ្រឹះ​ស្ថាន​សិក្សា​ឯកជន​ភាគច្រើន​សុំ​ឱ្យ​ក្រសួង​អប់រំពិចារ​ណា​លទ្ធ​ភាព​នៃកា​របើក​សាលា​រៀន​ឡើង​វិញ​ ដោយ​មាន​ការ​ពិភាក្សា​គ្នា​ទៅលើ​វិធាន​ការ​ចាំបាច់​ ដើម្បី​រក្សា​ការពារ​ការ​ឆ្លង​រីករាល​ជំងឺកូវីដ​ ១៩ ​នៅ​ក្នុង​សាលា​រៀន​។

លោក​ថ្លែង​ថា​៖ «​យើង​ចង់​ឱ្យ​បើក​សាលា​រៀន​ឡើង​វិញ​ល្អ​បំផុត ​ប្រសិន​បើអាច​បើក​បាន​នៅ​អំឡុង​ខែ​សីហា ​ឬ​ខែកញ្ញាខាង​មុខនេះ​៕

វីដេអូ៖