ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី ​ប្រកាស​គាំទ្រ​កម្ពុជា ដើម្បី​កែលម្អ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅតាម​តំបន់​ជនបទ ខណៈការស្រាវជ្រាវ​ថ្មី​មួយ​របស់​ខ្លួនបាន​បង្ហាញថា ​មានតែ ​៤៧% នៃ​ភូមិ​ទាំងអស់​នៅ​កម្ពុជាមាន​បណ្តាញ​ទឹកស្អាត​នៅត្រឹម​ឆ្នាំ ២០២០។

សេចក្តីប្រកាស​អំពី​ការស្រាវជ្រាវ​របស់​ស្ថានទូត​អូស្ត្រាលី ​ដើម្បី​បង្កើន​ការវិនិយោគ​និង​នវានុវត្តន៍ ក្នុង​វិស័យ​ទឹកស្អាត​ ចេញផ្សាយ​នៅ​ថ្ងៃទី ១៥ ​មិថុនា ​បាន​បង្ហាញថា ​ខណៈដែល​មាន​តែ ​៤៧%​ នៃ​ភូមិ​ទាំងអស់​នៅ​កម្ពុជា​មាន​បណ្តាញ​ទឹក​ស្អាត​នៅ​ត្រឹម​ឆ្នាំ ២០២០​ បែប​នេះ ​តួលេខ​នៃ​បណ្តាញ​ទឹកស្អាត​នេះ ​អាច​កើនឡើង​យ៉ាង​ឆាប់​រហ័ស។

ការកើន​ឡើង​បណ្តាញ​ទឹកស្អាត​ឆាប់​រហ័ស​នេះ​ ការស្រាវជ្រាវ​បានរក​ឃើញថា ​គឺ​ដោយសារតែ​មាន​កិច្ចសហ​ប្រតិបត្តិការ​ និង​ភាពជា​ដៃគូ​រវាង​ស្ថាប័ន​សាធារណៈ​ និង​ឯកជន ​ដើម្បី​ការបង្កើន​ការវិនិយោគ​ និង​នវានុវត្តន៍​ពី​សំណាក់​វិស័យ​ឯកជន​សម្រាប់​ការផ្គត់​ផ្គង់​ទឹកស្អាត​នៅ​កម្ពុជា។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «ការសិក្សា​ស្រាវជ្រាវ​មួយ​នេះ​ ត្រូវបាន​ធ្វើឡើង ​ដោយ​កម្មវិធី​ របស់​អូស្ត្រាលី​“វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ ​(3i)” ​ដែល​កម្មវិធី​ទាំងមូល​មាន​ទឹកប្រាក់​ចំនួន​ ៤៩ លាន​ដុល្លារ​អូស្ត្រាលី​ នៅក្នុង​ប្រទេស​កម្ពុជា»។

ការសិក្សា​ស្រាវជ្រាវ​នេះ ​បាន​វាយតម្លៃ​វិសាលភាព​ នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទូទាំង​ខេត្ត​ចំនួន ​២២​ របស់​ប្រទេស​កម្ពុជា​ ហើយ​គណនា​ទឹកប្រាក់​វិនិយោគ​សរុប​ ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ទៅកាន់​ភូមិ​ទាំងអស់​នៅ​កម្ពុជា​ដែល​មិនទាន់​មាន​បណ្តាញ​ទឹក​ស្អាត​ដើម្បី​ប្រើ​ប្រាស់។

ក្នុងជំនួប​កាលពី​ថ្ងៃទី ១៥ ​មិថុនា ​ជាមួយ​ លោក ចម ​ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ​និង​នវា​នុវត្តន៍ ​ដើម្បី​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ​លោក ​Luke Arnold​ ភារធារី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជាបាន​និយាយថា ​អូស្ត្រាលី​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​អភិវឌ្ឍ​វិស័យ​ទឹកស្អាត​បន្ថែម​ទៀត។

លោក​បន្តថា ​នេះ​ក៏​ព្រោះតែ​ផលប៉ះពាល់​ដោយ​ផ្ទាល់​ទៅលើ​សុខភាព​ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ​នៅពេល​ដែល​ពួកគាត់​មាន​ទឹកស្អាត​ប្រើប្រាស់​នៅ​ផ្ទះ។ ការសិក្សា​ដ៏​មាន​សារៈសំខាន់​នេះ​បានបង្ហាញ​ពី​កាលានុវត្តភាព​សំខាន់ៗ​នានា ​ដើម្បី​ពង្រីក​ការផ្គត់ផ្គង់​ទឹកស្អាត ​ក្រោម​កិច្ចសហការ ​និង​ភាពជា​ដៃគូ​រវាង​ស្ថាប័ន​សាធារណៈ​និង​ឯកជន។

លោក​ Arnold ​បញ្ជាក់ថា​៖«ការរួម​ចំណែក​របស់​ស្ថានទូត​អូស្ត្រាលី​ទៅលើ​បណ្តាញទឹក​ស្អាត​កម្ពុជាមាន​សង្គតិភាព​ទៅ​នឹង​កម្មវិធី​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​អូស្ត្រាលី​នៅ​កម្ពុជា​រួមទាំង​ការផ្តល់​អាទិភាព​ដល់​គម្រោង​មួយចំនួន ​ដែល​ត្រូវ​បាន​គាំទ្រ​ថវិកា​ប្រកប​ដោយ​ចីរភាព​ និង​ដែល​ផ្តល់នូវ​ផលប្រយោជន៍​ពិតប្រាកដ​សម្រាប់​ពលរដ្ឋ​នៅ​កម្ពុជា»។

លោក​ ចម ប្រសិទ្ធ ​បាន​ថ្លែង​ក្នុង​ជំនួប​នោះ​ដែរ​ថា ​រដ្ឋាភិបាលគ្រោង​ផ្តល់​ទឹកស្អាត ​១០០% ​ដល់​ពលរដ្ឋ​នៅ​ទីប្រជុំ​ជន​នៅ​ត្រឹម​ឆ្នាំ ២០២៥ ​ហើយ​ផ្តល់​ទឹកស្អាត​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ នៅ​ត្រឹម​ឆ្នាំ ២០៣០។ លោក​ក៏បាន​បង្ហាញ​ការ​ស្វា​គមន៍ ​និង​ចាត់ទុក​ថា ​ប្រព័ន្ធ​ទិន្នន័យ​កម្មវិធី ​3i បាន​ចូលរួម​អភិវឌ្ឍ​ជាមួយ​អគ្គនាយកដ្ឋាន​ផ្គត់ផ្គង់​ទឹកស្អាត​របស់​ក្រសួង។

លោកបាន​បញ្ជាក់ថា​៖ «ខ្ញុំ​ជឿជាក់​ថា ​យើង​កំពុង​ស្ថិត​នៅលើ​មាគ៌ា​ដ៏​ត្រឹមត្រូវ ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​អូស្ត្រាលី​ ចំពោះ​ជំនួយ​និង​ការងារ​ទាំងអស់​ដែល​បានផ្តល់​មកកាន់​ក្រសួង»។

តាមរយៈ​កម្មវិធី​ 3i ​អូស្ត្រាលីបានអនុម័ត ​និង​វិនិយោគ​ថវិកា​ជាង​ ១៩,៨​ លាន​ដុល្លារ​អូស្ត្រាលី​ដល់​ប្រតិបត្តិករ​ទឹក​ឯកជន​ចំនួន​ជិត ៨០​ ដើម្បី​បង្កើត​និង​ពង្រីក​ការផ្គត់ផ្គង់​ទឹកស្អាត​ដល់​គ្រួសារ​ជនបទ។ បន្ថែម​ពីនេះ ​ស្ថានទូត​អូស្ត្រាលី ​ក៏បាន​អះអាង​ដែរ​ថា ​នៅពេល​ដែល​កម្មវិធី​នេះ​បញ្ចប់​ ពលរដ្ឋ​កម្ពុជា​ជាង ​១ លាន​នាក់​ នឹងមាន​ទឹកស្អាត​ប្រើប្រាស់​ដោយសារ​កម្មវិធី ​3i។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី៕