ភ្នំពេញៈ នគរបាល​ខណ្ឌឫស្សីកែវ​បាន​បញ្ជូន​បុរស​អ្នក​រត់​ម៉ូតូកង់៣​ម្នាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ១៥ ​មិថុនា​ បន្ទាប់ពី​ចាប់ខ្លួន​បាន​ ១ ​ថ្ងៃ តាម​បណ្តឹង​របស់​ក្មេងស្រី​រងគ្រោះ​ពាក់ព័ន្ធ​អំពើ​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ជាច្រើន​លើក លើ​កូនចុង​របស់​ខ្លួន ដែល​ប្រព្រឹត្ត​ក្នុងអំឡុង​ខែឧសភា​ឆ្នាំ​ ២០២១ នៅ​ខណ្ឌ​ឫស្សីកែវ​។

លោក កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​នៅ​ថ្ងៃទី ១៥ ​មិថុនា​ថា ករណី​នេះ​មាន​ជនសង្ស័យ​ឈ្មោះ ម៉ៅ សាមឿន អាយុ​ ៤២ ​ឆ្នាំ​ មាន​របរ​ជា​អ្នករត់​ម៉ូតូកង់៣ ស្នាក់នៅ​ផ្ទះជួល​ក្នុង​ភូមិសាស្ត្រ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

រីឯ​ក្មេងស្រី​រងគ្រោះ ដែល​ជា​កូនចុង​ឈ្មោះ ម.ថ អាយុ​ ១៧ ​ឆ្នាំ​។ ចំពោះ​ជនសង្ស័យ​ម្នាក់នេះ​ត្រូវ​បាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៥ ​មិថុនា ឆ្នាំ​ ២០២១ ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ​។

លោក​បន្តថា​៖ «​ការងារ​នេះ​​ខ្ញុំ​ប្រគល់ឱ្យ​ខាង​ជំនាញ​ខណ្ឌ​ធ្វើតាម​នីតិវិធី​ហើយ​។ ប៉ុន្តែ​ខាងយើង ជួយ​សហការ​ជា​បច្ចេកទេស​ពាក់ព័ន្ធ​ការអនុវត្ត​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​»​។

ដោយឡែក​លោក ហ៊ាង ថារ៉េត អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៥ ​មិថុនា​ថា ចំពោះ​ជនសង្ស័យ​ម្នាក់នេះ គឺ​សមត្ថកិច្ច​របស់លោក បាន​បញ្ចប់​នីតិវិធី​ស៊ើបសួរ​ហើយ ហើយ​បាន​បញ្ជូន​បន្តទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។

លោក​ថ្លែង​យ៉ាងខ្លី​ថា​៖ «​អំពើ​ល្មើស​នេះ​បុរស​សង្ស័យ​បាន​​ប្រព្រឹត្ត​លើ​កូនស្រី​ចុង​របស់​ខ្លួន​ហើយ​នាង​បាន​ប្តឹង​មក​នគរបាល​យើង​»​។

ទោះយ៉ាងណា បើតាម​មន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ ១ ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៥ ​មិថុនា តាម​សម្តី​របស់​ក្មេងស្រី​រងគ្រោះ​ថា ម្តាយ​របស់​នាង​បាន​បែកបាក់​គ្នា​ជាមួយ​ឪពុក​បង្កើត​របស់​នាង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។

ដោយមាន​ការលំបាក​ក្នុង​ជីវិត​ជា​ស្ត្រី​មេម៉ាយ និង​ទទួលបន្ទុក​ក្នុង​ការចិញ្ចឹម​កូន​ផង​នោះ ទើប​ម្តាយ​របស់​នាង​បាន​សម្រេចចិត្ត​យក​បុរស​ម្នាក់​គ្រាន់​ពឹងពាក់​អាស្រ័យ​គ្នា​។ ចំពោះ​ក្មេងស្រី​រងគ្រោះ​ក៏បាន​ចាត់ទុក​ជនសង្ស័យ​ដូចជា​ឪពុក​បង្កើត​របស់ខ្លួន​អ៊ីចឹង​ដែរ​។

មន្ត្រី​នគរបាល​ខណ្ឌ​រូបនេះ​បាន​បន្តថា ក្នុង​ការរួមរស់​ជាមួយ​ម្តាយ​ក្មេងស្រី​រងគ្រោះ​គឺ​ជនសង្ស័យ​បាន​ប្រកបរបរ​ជា​អ្នក​រត់​ម៉ូតូកង់៣ រីឯ​ម្តាយ​របស់​នាង​ជា​អ្នកលក់ដូរ​បន្តិចបន្តួច ដោយបាន​ជួល​បន្ទប់​ស្នាក់នៅ​ស្ថិត​ក្នុង​ភូមិ​មួយ​ក្នុង​ខណ្ឌ​ឫស្សីកែវ​។

មន្ត្រី​រូបនេះ​បាន​បញ្ជាក់​ទៀតថា​៖ «​បើ​តាម​ក្មេងស្រី​រងគ្រោះ​និយាយ​ចាប់តាំងពី​ជនសង្ស័យ​ក្លាយ​ជា​ឪពុកចុង​របស់​ក្មេងស្រី​រងគ្រោះ​មក គឺ​ជនសង្ស័យ​មិន​សូវ​បង្កបញ្ហា​អ្វី​ធំដុំ​នៅក្នុង​គ្រួសារ​នោះទេ តែ​ក្មេងស្រី​រងគ្រោះ​ក៏​ចេះ​ប្រយ័ត្នប្រយែង​ខ្លួនឯង​ដែរ​»​។

ប៉ុន្តែ​នៅក្នុង​អំឡុង​ខែឧសភា ឆ្នាំ ២០២១ ខណៈ​ពេល​ខ្លះ​ម្តាយ​ក្មេងស្រី​រងគ្រោះ​មិន​នៅ​ផ្ទះ​ស្រាប់តែ​ជនសង្ស័យ​បាន​ចាប់​ក្មេងស្រី​រងគ្រោះ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ជាច្រើន​លើក​ច្រើនសា​នៅក្នុង​បន្ទប់​ជួល​។

ក្នុង​ការប្រព្រឹត្ត​ទៅលើ​ក្មេងស្រី​រងគ្រោះ​ម្តងៗ​គឺ​ជនសង្ស័យ​តែង​សំឡុត​គំរាម មិន​ឱ្យ​ក្មេងស្រី​រងគ្រោះ​យក​រឿងនេះ​ទៅ​និយាយ​ប្រាប់​នរណា​ដឹង​ទេ បើ​បែកការណ៍​គឺ​ជនសង្ស័យ​នឹង​សម្លាប់​ក្មេងស្រី​រងគ្រោះ​ចោល​។

ទោះយ៉ាងណា ដោយសារ​តែ​ទ្រាំ​នឹង​ទង្វើ​ចាប់រំលោភ​សេពសន្ថវៈ​របស់​ជនសង្ស័យ​លែង​បាន​នៅ​ថ្ងៃទី​ ១៤ ខែ មិថុនា ឆ្នាំ​ ២០២១ ​ទើប​ក្មេងស្រី​រងគ្រោះ​បាន​មក​ប្តឹង​នៅ​អធិការដ្ឋាន​​នគរបាល​ខណ្ឌ​ឫស្សីកែវ​។

បន្ទាប់ពី​ទទួល​បាន​បណ្តឹង​មក​សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​តែម្តង​។ នៅពេល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ចុង​របស់​ខ្លួន​ពិតប្រាកដ​មែន​៕