ភ្នំពេញៈ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​បាន​សម្រេច​ជ្រើសរើស​លោក ​ប្រាជ្ញ ​ចន្ទ​ អតីត​ប្រធាន​គណៈ​ក​ម្មការ​ទី​១​ នៃ​រដ្ឋ​សភា ​ជា​បេក្ខ​ជន​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(​គ​.​ជ​.​ប​) ​ថ្មី​ ដាក់​ជូន​កិច្ច​ប្រ​ជុំ​ពេញ​អង្គ​រដ្ឋ​សភា ​ដើម្បី​បោះ​ឆ្នោត​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​។​

អគ្គ​លេខា​ធិការ​ ​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​លោក ​ឡេ​ង​ ​ប៉េង​ឡុង​ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃនេះ​ថា គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​បាន​សម្រេច​បញ្ជូន​ឈ្មោះ​បេក្ខ​ជន​ប្រធាន​ គ​ជ​ប​ ​ថ្មី​ លោក​ ប្រាជ្ញ​ ចន្ទ​ មក​រដ្ឋ​សភា​ហើយ​ ​កាល​ពី​ព្រឹក​ថ្ងៃទី​ ​១៦​ ខែ​មិថុនា​នេះ ។​ លោក​បន្ត​ថា​ បន្ទាប់​ពី​ទទួល​បាន​ឈ្មោះ​ជា​ផ្លូវការ​ហើយ រដ្ឋ​សភា​នឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​នៅ​សប្តាហ៍​ក្រោយ ​ប៉ុន្តែ​មិន​ទាន់​អាច​កំណត់​ថ្ងៃ​ជាក់​លាក់​នៅ​ឡើយ​ទេ​​។

លោក​ថា​៖​ «​គណៈ​កម្មា​ធិការ​អចិ​ន្ត្រៃយ៍​នៃ​រដ្ឋ​សភា​កំពុង​ប្រជុំ​ដើម្បី​ដាក់​បេក្ខ​ជន (​ប្រាជ្ញ​ ចន្ទ​) ​ចូល​ក្នុង​សម័យ​ប្រ​ជុំ​ពេញ​អង្គ​រដ្ឋ​សភា ​តាម​ពិត​ទៅ​រយៈ​ពេល​ជា​ផ្លូវ​ការ​ដែល​គណ​បក្ស​ប្រជា​ជន​ជ្រើស​រើស​រយៈ​ពេល​ ​៣ ​ថ្ងៃ ​ចាប់​ពី​ថ្ងៃទី ​១៥​ ដល់​ថ្ងៃទី ​១៧​ ​មិថុនា​»​។​ «​អញ្ចឹង​ រ​ដ្ឋ​សភា​នឹង​បើក​កិច្ចប្រជុំ​គណៈក​ម្មា​ធិ​ការ​អចិ​ន្ត្រៃយ៍ ​ហើយ​កំណត់​របៀប​វារៈ​ដាក់​ជូន​សម័យ​ប្រជុំ​ពេញ​អង្គ​បោះ​ឆ្នោត​ផ្តល់​ទំនុក​ចិត្ត​នៅ​អាទិត្យ​ក្រោយ​»​។​

លោក​បាន​បន្ថែម​ទៀត​ថា ​ទន្ទឹម​នេះ​ដែរ​ ​នៅ​ថ្ងៃ​ទី​ ១៦ ​ខែ​មិថុនា​នេះ​ លោក ​ប្រាជ្ញ​ ​ចន្ទ​ បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​ ​ប្រធាន​គណៈ​កម្មការ​ទី​១ ​នៃ​រដ្ឋ​សភា ​ដែល​ជា​គណៈក​ម្ម​ការ​សិទ្ធិ​មនុស្ស ​ទទួល​ពា​ក្ស​ប​ណឹ្ត​ងអង្កេត ​និង​ទំនាក់​ទំនង​រដ្ឋ​សភា ​ព្រឹទ្ធ​សភា​នៃ​រដ្ឋ​សភា​។​​

លោក​ ​ប្រាជ្ញ​ ​ចន្ទ​ បាន​ថ្លែង​ដោយ​សុំ​មិន​អត្ថា​ធិប្បាយ​អំពី​បេក្ខភាព​របស់​លោក​នោះ​ទេ​។​ លោក​ធ្លាប់​បម្រើ​ការងារ​នៅ​ខុទ្ទកា​ល័យ​គណៈ​កម្ម​ការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា ​អតីត​អភិ​បាល​ខេត្ត​បាត់​ដំបង ​ខេត្ត​ត្បូង​ឃ្មុំ ​និង​ជា​តំ​ណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ត្បូង​ឃ្មុំ​។

លោក​ ​សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​គណៈ​កម្មា​ធិការ​អ​ព្យា​ក្រឹត្យ ​និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ​ហៅ​កាត់​ថា ​និក​ហ្វិ​ក​ បាន​ថ្លែង​ថា​ ​ដំណើរ​ជ្រើស​រើស​បេក្ខជន​ប្រធាន​ គ​ជ​ប​ ថ្មី​ នៅ​មិន​ទាន់​ទូលំ​ទូលាយ​ ​និង​តម្លា​ភាព​ក៏​ដោយ​ តែ​លោក​ស្នើ​ដល់​ប្រធាន​ ​គ​ជ​ប ​ថ្មី​ ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​ជា​ចម្បង​។

លោក​ថា​៖ «​ឥឡូវ​គណ​បក្ស​ប្រជា​ជន​គេ​សម្រេច​ជ្រើស​រើស​បេក្ខ​ជន​រួ​ច​ហើយ ចឹ​ង​ខ្ញុំ​មាន​សំណូម​ពរ​មួយ​ ​ស្នើ​ប្រធាន​ ​គជ​ប​ ​ថ្មី​ ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​រដ្ឋ​ធម្មនុ​ញ្ញ ​ច្បាប់​របស់​ ​គ​ជ​ប​ គឺ​តម្រូវ​ឱ្យ​ស្ថាប័​ន​​ គ​ជ​ប ​ជ​ស្ថាប័​ន​ ឯក​រាជ្យ ​កុំ​នៅ​ក្រោម​ឥទ្ធិ​ពល​គណ​បក្ស​ណា​មួយ ​បើ​មិន​អញ្ចឹង​ទេ​ការ​បោះ​ឆ្នោ​ត​ ​គណ​ប​ក្ស​នយោ​បាយ​នឹង​មាន​ពាក្យ​ប្តឹង​ប្តល់​នៅ​ពេល​បោះ​ឆ្នោត​»​។​​

ការ​រៀប​ចំ​នីតិ​វិធី​ ​ដើម្បី​ជ្រើស​រើស​ប្រធាន​ គ​.​ជ​.​ប ​ថ្មី​ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ លោក​ ស៊ិ​ក ប៊ុន​ហុក​ ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​ កាល​ពី​ថ្ងៃទី ​០១​ ខែ​ មិថុនា ឆ្នាំ​ ២០២១​ ​បន្ទាប់​ពី​មាន​បញ្ហា​សុខ​ភាព​។ ​លោក​ ស៊ិ​ក ប៊ុន​ហុក ​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោ​ត​ជ្រើស​តាំង​ជា​ប្រធាន​ ​គ​.​ជ​.​ប ​កាល​ពី​ឆ្នាំ​ ២០​១៥​៕​