ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានចាក់វ៉ាក់សាំងប្រឆាំជំងឺកូវីដ ១៩ ដល់ពន្ធនាគារគោលដៅតាមបណ្ដារាជធានី-ខេត្ដបានចំនួន ១១ ពន្ធនាគារដោយចាក់ឱ្យជនជាប់ឃុំជិត២ម៉ឺននាក់ ក្នុងនោះជនជាប់ឃុំ នៅពន្ធនាគារក្នុងរាជធានីភ្នំពេញ និងខេត្ដព្រះសីហនុ បានចាក់វ៉ាក់សាំងចំនួន ២ ដូសរួចហើយ គិតត្រឹមថ្ងៃទី ១៦ មិថុនានេះ។ នេះបើតាមមន្រ្ដីនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ។

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា ក្រោយពីស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក្នុងពន្ធនាគារបានធូរស្រាល និងជនជាប់ឃុំដែលឆ្លងជំងឺនេះភាគច្រើនបានព្យាបាលជាសះស្បើយ បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធនាគារកំពុងបន្ដអនុវត្ដយុទ្ធនាការចាក់វ៉ាក់សាំងដល់ជនជាប់ឃុំ ក្នុងពន្ធនាគារគោលដៅតាមបណ្ដាខេត្ដ។

លោកថ្លែងថា៖ «ដោយមានការយកចិត្តទុកដាក់ផ្តល់ការគាំទ្រដ៏ថ្លៃថ្លាពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទស៊ីណូវ៉ាក់ចាក់ដល់ជនជាប់ឃុំនៅខេត្ដព្រះសីហនុ និងនៅរាជធានីភ្នំពេញប្រមាណជាង ១ ម៉ឺននាក់គ្រប់ចំនួនទាំង ២ ដូស»។

លោកបានបន្ដថា ថ្មីៗនេះរាជរដ្ឋាភិបាល ក៏បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ CoviShield (Astra Zeneca) ដើម្បីចាក់ដល់ជនជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាល កំពង់ស្ពឺ បន្ទាយមានជ័យ កំពត និងពន្ធនាគារខេត្តស្វាយរៀង ចំនួន៦ ៧៦០ ដូសបន្ថែមទៀត។ នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះជនជាប់ឃុំ។

លោកឱ្យដឹងថា ដើមឡើយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ CoviShield ចំនួន ៦ ៧៦០ ដូសនេះ ត្រៀមចាក់សម្រាប់ពន្ធនាការក្នុងខេត្តចំនួនខាងលើនេះ។ ប៉ុន្ដែពេលចាក់ដូសទី១ រួចវ៉ាក់សាំងនេះនៅសល់ប្រមាណ ១ ២០០ ដូស ដូច្នេះទើបតម្រង់ចាក់ទៅ ២ គោលដៅទៀត គឺពន្ធនាគារខេត្ត ព្រៃវែង និងកំពង់ធំ។

លោក សវនា បញ្ជាក់ថា៖ «ជាក់ស្ដែងយើងបានចាក់ចំនួន ២ ដូសរួចហើយនៃវ៉ាក់សាំងប្រភេទស៊ីណូហ្វាមនៅមណ្ឌលអបរំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ ពន្ធនាគាររាជធានីភ្នំពេញ និងពន្ធនាគារខេត្ដព្រះសីហនុ។ បើសរុបទៅយើងបានចាក់នៅទីតាំងចំនួន ១១ ទីតាំង (ពន្ធនាគារ) ដល់ជនជាប់ឃុំជិត ២ ម៉ឺននាក់។ អ្នកដែលបានចាក់វ៉ាក់សាំង CoviShield គឺទើបចាក់រួចដូសទី១។ ព្រោះវ៉ាក់សាំងនេះក្រោយចាក់ដូសទី១ រួច គឺត្រូវរង់ចាំរយៈពេល ២ ខែ ទើបអាចចាក់ដូសទី២ ទៀតបាន»។

លោកបន្តថា៖ «យុទ្ធនាការចាក់វ៉ាក់សាំងទៅពន្ធនាគារខេត្ដព្រៃវែង និងកំពង់ធំ យើងនឹងចាក់ឱ្យបានមុនថ្ងៃទី ២៥ ខែមិថុនានេះ។ នៅថ្ងៃទី ១៨ ខែមិថុនានេះ គឺចាក់នៅពន្ធនាគារខេត្ដស្វាយរៀង និងខេត្ដព្រៃវែង ដល់ថ្ងៃទី ២០ ខែមិថុនានេះ នឹងបន្តចាក់ ទៅដល់ពន្ធនាគារ ខេត្ដកំពង់ធំ»។

លោក សវនា លើកឡើងថា តាមផែនការរបស់រាជដ្ឋាភិបាល គឺបានផ្ដោតការចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ពិសេសនៅរាជធានីភ្នំពេញ។ ដូច្នេះអ្វី ដែលរាជរដ្ឋាភិបាលពិចារណាបែងចែកវ៉ាក់សាំងទៅផ្នែកណា គឺអគ្គនាយកដ្ឋានពន្ធនាគារបន្តអនុវត្ដតាម។

លោកថ្លែងថា៖ «យើងមិនអាចស្មានបានថា ពេលណាអាចចាក់វ៉ាក់សាំងដល់ជនជាប់ឃុំបានអស់ទេ។ ប៉ុន្ដែយើងកំពុងតែព្យាយាមធ្វើម៉េចឱ្យគណៈកម្មការចាក់វ៉ាក់សាំងបញ្ចូលជនជាប់ឃុំទៅក្នុងផែនការចាក់វ៉ាក់សាំងដែរ»។

លោក អំ សំអាត នាយករងអង្គការ សិទ្ធិមនុស្ស (លីកាដូ) លើកឡើងថា ជាការពិតបច្ចុប្បន្នស្ថានភាពតាមពន្ធនាគារ គឺជាបញ្ហាមួយគួឱ្យបារម្ភខ្លាំងទាក់ទងនឹងការរីករាលដាលជំងឺកូវីដ ១៩។ ពីព្រោះ ពន្ធនាគារមានស្ថានភាពចង្អៀតខ្លាំង ដូច្នេះហានិភ័យខ្ពស់ សម្រាប់ការរីករាល ដាលជំងឺកូវីដ ១៩ និងជំងឺឆ្លងផ្សេងៗ។

លោកថ្លែងថា៖ «កន្លងមកអង្គការលីកាដូក៏បានផ្តល់អនុសាសន៍ លើការពិចារណាដោះលែងអ្នកជាប់ឃុំបណ្តោះអាសន្នដែលបទល្មើសស្រាល។ ពន្លឿននីតិវិធីស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរ ពន្លឿនការជំនុំជម្រះពិនិត្យលើការដោះលែងជនជាប់ឃុំដែលជិតផុតទោស។ ជាពិសេសពិនិត្យអនីតិជនស្រ្តីជាប់ឃុំមានកូន ស្រ្តីជាប់ឃុំមានផ្ទៃពោះ ជនជាប់ឃុំមានជំងឺរ៉ាំរ៉ៃ ជនជាប់ឃុំជាជនពិការដែលអាចអនុញ្ញាតឱ្យនៅក្រៅឃុំបាន»។

បើតាម លោក នុត សវនា កាលពីការផ្ទុះរីករាលដាលជំងឺកូវីដ ១៩ ក្នុងពន្ធនាគារខេត្ដព្រះសីហនុ អគ្គនាយកដ្ឋានពន្ធនាគារក៏បានបញ្ជាឱ្យរៀបចំបញ្ជីឈ្មោះជនជាប់ឃុំសម្រាប់ត្រៀមដោះលែងផងដែរ។ ការរៀបចំបញ្ជីឈ្មោះជនជាប់ឃុំនេះជាផែនការត្រៀមទុកក្នុងករណីចាំបាច់ដោយសារជម្រើសនេះ អាចជួយសម្រួលដល់បញ្ហានៅក្នុងពន្ធនាគារបាន។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធនាគារកាលពីថ្ងៃទី ១១ ខែមិថុនា ពន្ធនាគារខេត្តព្រះសីហនុមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ ពន្ធនាគាររាជធានីភ្នំពេញ ពន្ធនាគារខេត្តកណ្តាល ពន្ធនាគារខេត្តកំពង់ស្ពឺ និងពន្ធនាគារខេត្តបន្ទាយមានជ័យ គឺត្រូវបានរកឃើញមានការឆ្លងក្នុងចំណោមជនជាប់ឃុំ ក្នុងកម្រិតផ្សេងៗគ្នា។ ការឆ្លងនៅកន្លែងនីមួយៗមានប្រមាណពី ១០ ទៅ ២០% នៃចំនួនជនជាប់ឃុំសរុប។

ក្នុងពេលថ្មីៗនេះក្រសួងមហាផ្ទៃបានចេញលិខិតជម្រាបជូនគណៈអភិបាលរាជធានី-ខេត្ត ស្ដីពីការចាត់វិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។ ក្រោមការជ្រោមជ្រែងពីអាជ្ញាធរសុខាភិបាល អគ្គនាយកដ្ឋានពន្ធនាគារ បានសម្របសម្រួលការពិនិត្យសំណាកជនជាប់ឃុំទាំងអស់ចំនួន ៣ លើក បន្ទាប់ពីបានរកឃើញថាមានការផ្ទុះរាលដាលជំងឺកូវីដ ១៩ នៅតាមមណ្ឌលអប់រំកែប្រែនិងពន្ធនាគារតាមរយៈមធ្យោបាយ PCR (Polymerasa Chain Reaction) និងឧបករណ៍តេស្តរហ័ស(Rapid Test)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន៕

វីដេអូ៖