ភ្នំពេញៈ​ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អបអរសាទរ​ចំពោះ​ខួប​លើក​ទី​៣០ នៃ​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​ចិន ដោយ​លោក​ចាត់ទុក​នេះ​គឺជា​ឱកាសល្អ​ប្រសើរ​មួយ ក្នុងការ​បង្កើន​ទំនាក់ទំនង​អាស៊ាន​-​ចិន ឈា​នទៅដល់​កម្រិត​ខ្ពស់​ទៅមុខទៀត​ក្នុង​ការកសាង​សហគមន៍​មួយ​ដែលមាន​អនាគត​រួមគ្នា​។​

លោក ទៀ បាញ់ បាន​ថ្លែង​បែបនេះ​ក្នុងពេល​ដឹកនាំ​ប្រតិភូ​យោធា​ជាន់ខ្ពស់​ក្រសួងការពារជាតិ​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន​-​ចិន តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​នា​ល្ងាច​ថ្ងៃទី ​១៥ ខែមិថុនា​នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន​-​ចិន​នេះ​ ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម គឺជា​ម្ចាស់ផ្ទះ​។​

លោក​បាន​ថ្លែងថា​៖ «​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អប្រសើរ​ក្នុងការ​បង្កើន​ទំនាក់ទំនង​អាស៊ាន​-​ចិន​ឈានដល់​កម្រិត​ខ្ពស់​បន្ទាប់​ទៀត​ ដើម្បី​កសាង​សហគម​ន៏​មួយ​ដែលមាន​អនាគត​រួមគ្នា​ការបើក​ទំព័រ​ថ្មី​ឆ្ពោះទៅរក​វិបុលភាព​រួម​អាស៊ាន​-​ចិន​។​ ៣​ ទស្សវត្ស​កន្លងមកនេះ​ យើង​ឃើញថា​ ទំនាក់ទំនង​អាស៊ាន​-​ចិន​ បាន​រីកដុះដាល់​កាន់តែ​ជិតស្និទ្ធ​និង​រឹងមាំ​ឡើង​ហើយ​ប្រទេស​ចិន​ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​សន្តិភាព​ស្ថិរភាព​វិបុលភាព​ និង​និរន្ត​ភាព​តំបន់​»​។​

លោក​បាន​វាយតម្លៃ​ខ្ពស់​លើ​ជោគជ័យ​នៃ​លំ​ហាត់​លម្ហ​សមុទ្រ​អាស៊ាន​-​ចិន ​ដែល​អនុវត្ត​កាលពី​ខែសីហា​ ឆ្នាំ​ ២០១៨ ​ដែល​ជួយ​ពង្រឹង​អន្តរ​ប្រតិបត្តិការ​កងទ័ពជើងទឹក​ក្នុងការ​សាង​ទំនុកចិត្ត​និង​ភាពជឿជាក់​ក្នុងការ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ដោះស្រាយ​ឧប្បត្តិហេតុ​នៅ​លម្ហ​សមុទ្រ​។

លោក​ ទៀ​ បាញ់​ បញ្ជាក់ថា​៖ «​ចិន​បាន​ប្ដេជ្ញាចិត្ត​ ដើម្បី​កសាង​ទំនុកចិត្ត​និង​ពង្រឹង​ចំណង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ជាពិសេស​លើ​វិស័យ​សន្តិសុខ​លម្ហ​សមុទ្រ​»​។​

លោក​បាន​អបអរសាទរ​ដល់​ប្រទេស​ចិន​ ដែល​បាន​ធ្វើជា​សហប្រធាន​ក្រុមការងារ​ជំនាញ​ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក​ ដោយ​ជោគជ័យ​រួមមាន​ការធ្វើជា​សហប្រធាន​ក្រុមការងារ​ជំនាញ​ស្ដីពី​ជំនួយ​មនុស្សធម៌​ និង​សង្គ្រោះ​គ្រោះមហន្តរាយ​ជាមួយ​ប្រទេស​វៀតណាម​ ក្នុង​ជុំ​ទី​១​ និង​សហប្រធាន​ក្រុមការងារ​ជំនាញ​ស្តីពី​ការប្រឆាំង​ភេរវកម្ម​ជាមួយ​ប្រទេស​ថៃ ​ក្នុង​ជុំ​ទី​៣​។​ ហើយ​នៅក្នុង​ជុំ​ទី​៤​ នេះ​កម្ពុ​ជាមាន​កិត្តិយស​ដែល​បាន​ធ្វើជា​សហប្រធាន​ក្រុមការងារ​ជំនាញ​ស្ដីពី​សកម្មភាព​កម្ចាត់មីន​មនុស្សធម៌​ជាមួយ​ប្រទេស​ចិន​ ផងដែរ​។​

លោក ទៀ​ បាញ់​ បាន​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ប្រ៊ុយណេ​ដារ​រូ​សា​ឡឹម ក្នុងការ​ដោះស្រាយ​ការងារ​ដែល​ប្រកបដោយ​ភាព​ប្រឈម​ទាំងឡាយ​ក្នុងអំឡុងពេល​នៃ​ការធ្វើជា​ប្រធាន​ឆ្នាំនេះ​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ឧ​ត្ត​ម​មន្ត្រី​ការពារជាតិ​អាស៊ាន និង​ក្រុមការងារ ឧ​ត្ត​ម​មន្ត្រី​ការពារជាតិ​អាស៊ាន​សម្រាប់​ការព្យាយាម​ជំរុញ រាល់​គំនិត​ផ្តួចផ្តើម​នានា​ដើម្បី​ពង្រឹង​ឯកភាព​អាស៊ាន និង​ម​ជ្ឈ​ភាព​អាស៊ាន និង​សម្រេចបាន​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​។​

លោក​បាន​ថ្លែងថា​៖ «​កម្ពុជាសូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកសារ ទស្សនទាន​ដែល​បានអនុម័ត​ទាំងអស់​ជា​ឯកសារ​មាន​សារៈសំខាន់​សម្រាប់​ការថែរក្សា​និម្មាបនកម្ម​សន្តិសុខ​ដែលមាន​អាស៊ាន​ជា​មូលដ្ឋាន​និង​កិច្ចសហការ​ជាមួយ​ដៃគូ​ខាងក្រៅ​។​កម្ពុជា​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ភាពជា​ប្រធាន​ដ៏​ជំនាញ​របស់​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម ការជួយ​គ្នា​និង​ការយោគយល់​គ្នា​ទៅវិញទៅមក​របស់​យើងទាំងអស់គ្នា​ដើម្បី​ជម្នះ​រាល់​ឧបសគ្គ​ទាំងអស់នេះ​»​។​

លោក ទៀ​ បាញ់ ​បាន​បញ្ជាក់ថា​ នៅពេល​ធ្វើជា​ប្រធាន ADMM និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំក្រោយ​កម្ពុជា​នឹង​ពិចារណា​លើ​គំនិត​ផ្តួចផ្តើម​មួយចំនួន ​ដើម្បី​ចែករំលែក​ជាមួយ​បងប្អូន​អាស៊ាន​ដោយមាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​កងកម្លាំង​ការពារជាតិ​អាស៊ាន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​គំរាមកំហែង​រួម​លើកកម្ពស់​ឯកភាព​អាស៊ាន និង​ធានា​និរន្ត​ភាព​នូវ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​។

លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​យល់ឃើញថា​កិច្ចខិតខំ​ប្រឹងប្រែង​រួម​រវាង​កងកម្លាំង​ការពារជាតិ​អាស៊ាន ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​ឆ្លង​ព្រំដែន ​គឺជា​វិធានការ​សន្តិសុខ​ចាំបាច់​មួយ​ក្នុងចំណោម​វិធានការ​ជាច្រើន​ទៀត​។ ​កម្ពុជា​ក៏​ពិចារណា​លើ​សំណើរ​ឱ្យមាន​ការគាំទ្រ​យន្តការ​លើកកម្ពស់​ស្ត្រី​អាស៊ាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។​កម្ពុជា​ស្នើសុំ​ការពិចារណា​និង​ស្វែងរក​ការគាំទ្រ​ពី​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត​លើ​គំនិត​ផ្ដួចផ្ដើម​ទាំងអស់នេះ​»៕