ភ្នំពេញៈ កម្មករ​ធ្វើការ​ផ្ទះ​បាននិង​កំពុង​ជួប​ប្រឈម​នឹង​ការរំលោភបំពាន​មួយចំនួន​ដូចជា​ប្រាក់​ឈ្នួល​ទាប មិនមាន​កិច្ចសន្យា​ការងារ​ច្បាស់លាស់ ធ្វើ​ការងារ​លើស​ម៉ោង​ច្រើន និង​ងាយ​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​ហិង្សា​ផ្លូវកាយ ផ្លូវភេទ និង​ការជួញដូរ ខណៈ​កម្ពុជា​នៅ​មិនទាន់​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ ស្តីពី​ការងារ​សមរម្យ​សម្រាប់​កម្មករ​ការងារ​ផ្ទះ​នៅឡើយ​។

នេះ​បើ​តាម​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ ទិវា​កម្មករ​ការងារ​ផ្ទះ​អន្តរជាតិ​ខួប​លើក​ទី១០ ស្តីពី​ «​តម្លៃ​យើង សិទ្ធិ​យើង​» នៅ​ថ្ងៃទី​ ១៦ មិថុនា ឆ្នាំ​ ២០២១​។

លោក វន់ ពៅ បញ្ជាក់​ថា ក្រៅពី​នេះ​កម្ពុជា​ក៏​នៅ​មិនទាន់​បានផ្តល់​សច្ចាប័ន លើ​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO) លេខ​ ១៨៩ ស្តីពី​ការងារ​សមរម្យ សម្រាប់​កម្មករ​ការងារ​ផ្ទះ​នៅឡើយ​ទេ​។

ច្បាប់​ស្តីពី​ការងារ​ក៏​មិនបាន​ចែង​ជាក់លាក់​អំពី​កម្មករ​ការងារ​ផ្ទះ​ដែរ​។ បើតាម​លោក វន់ ពៅ ប្រកាស​លេខ​ ២៣៥ របស់​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញ​នៅ​ខែ​ឧសភា ឆ្នាំ​ ២០១៨ បាន​អនុលោម​ជាមួយ​នឹង​បទប្បញ្ញត្តិ​អនុសញ្ញា ILO ​លេខ ១៨៩ ក៏ដូចជា​អនុសាសន៍​លេខ ២០១ ក៏​មិន​បាន​រាប់បញ្ចូល​កម្មករ ការងារ​ផ្ទះ​ឆ្លងដែន​មិនមាន​បញ្ជាក់​ពី​ការកសាង​សមត្ថភាព និង​យន្តការ​ច្បាស់លាស់​ដើម្បី​ការពារ កម្មករ​ការងារ​ផ្ទះ​ពិសេស​កម្មករ​ជា​កុមារ​។ ដូចគ្នានេះ ស្តង់ដា​ទម្រង់​កិច្ចសន្យា​ការងារ​សម្រាប់​កម្មករ ការងារ​ផ្ទះ​នៅ​មិនទាន់​បង្កើតឡើង​នៅឡើយ​។

លោក វន់ ពៅ ថ្លែងថា​៖ «​មកដល់​ពេល​នេះ កម្មករ​ការងារ​ផ្ទះ​មិនទាន់​ទទួល​បាន​ការគ្របដណ្តប់ និង​អត្ថប្រយោជន៍​ពេញលេញ​ពី​កម្មវិធី​កិច្ច​គាំពារ​សង្គម ដូចជា​ការថែទាំ​សុខភាព ហានិភ័យ​ការងារ និង​មាតុភាព​។ ជាមួយ​គ្នា​នេះ ការពង្រឹង និង​កសាង​សមត្ថភាព​កម្មករ​ការងារ​ផ្ទះ​នៅ​មាន​កម្រិត​បំផុត​ដោយ​ហេតុ​ថា កម្មករ​ការងារ​ផ្ទះ គឺជា​កម្មករ​ដែល​គេ​គិតថា មិនត្រូវការ​ជំនាញ ដូច​កម្មករ​ដទៃ​»​។ ទោះជា​យ៉ាងណា លោក វន់ ពៅ មិនមាន​តួលេខ​ពាក់ព័ន្ធ​នឹង​កម្មករ​ការងារ​ផ្ទះ​ថា​មាន ប៉ុន្មាន​រូប​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ទាំងនេះ​ទេ​។

ប៉ុន្តែ​តាម​ការសិក្សា​របស់​អង្គការ ILO ឆ្នាំ ២០១៨ ​នៅ​ប្រទេស​កម្ពុជា កម្មករ​ការងារ ផ្ទះ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​ប្រមាណ ២៤០ ០០០ ​នាក់​ដែល​ភាគច្រើន​គឺជា​ស្ត្រី​ ពួកគេ​ធ្វើ​កិច្ចការ​ដូចជា​ការ​បោសសម្អាត ចម្អិន​អាហារ បោកគក់ និង​អ៊ុតខោអាវ ថែទាំ​កុមារ ថែទាំ​មនុស្ស​ចាស់ ថែទាំ​សួន ថែទាំ​ទ្រព្យសម្បត្តិ ថែទាំ​សត្វ​ចិញ្ចឹម និង​បើកបរ​រថយន្ត​សម្រាប់​គ្រួសារ​ជាដើម​។

តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ឆ្នាំ​ ២០០៩ ស្តីពី​ស្ថានភាព​រស់នៅ និង​លក្ខខណ្ឌ​ការងារ​កម្មករ​ការងារ​ផ្ទះ​នៅ​កម្ពុជា​រកឃើញថា កម្មករ​ការងារ​ផ្ទះ នៅ​តែ​ជា​កម្មករ​ដែល​ស្ថិតក្នុង​ភាព​ងាយ​រងគ្រោះ​ជាងគេ​ក្នុង​ចំណោម​កម្មករ​ដទៃ​ទៀត​។

អ្នកស្រី ផេង ស្រី អាយុ​ ៣៨ ឆ្នាំ អ្នកបម្រើ​ការងារ​ផ្ទះ​ជាង ១០ ឆ្នាំ​នៅ​ទីក្រុង​ភ្នំពេញ​យល់ឃើញ​ថា កម្មករ​ការងារ​ផ្ទះ​នៅតែ​មាន​ការរើសអើង និង​មិនសូវ​គេ​ឱ្យ​តម្លៃ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ និង​ម្ចាស់ផ្ទះ​ជាដើម​ជាពិសេស​រដ្ឋាភិបាល​ក៏​មិនទាន់​បានផ្តល់​តម្លៃ​ចំពោះ​អ្នក​ដែល​ធ្វើការ​ផ្ទះ​ដែរ ព្រោះ​ការងារ​នេះ​ត្រូវ​បាន​គេ​គិតថា ជា​ការងារ​សាមញ្ញ​។ មួយវិញ​ទៀត​រាជរដ្ឋាភិបាល​មិនបាន​ផ្តល់​សិទ្ធិ​គ្រប់គ្រាន់​ដូច​អ្នក​ធ្វើការ​តាម​រោងចក្រ​នោះទេ​។

អ្នកស្រី​បញ្ជាក់​ថា៖ «​សម្រាប់​ពួកខ្ញុំ ជា​កម្មករ​ការងារ​ផ្ទះ​មិន​ថា រាជរដ្ឋាភិបាល និង​មជ្ឈដ្ឋាន​ខាងក្រៅ​គឺ​ឱ្យ​តម្លៃ​មក​ពួកយើង​គឺ​ទាប មិន​ដូច​ទៅ​នឹង​កម្មករ​រោងចក្រ​ទេ​។ ម្ចាស់ផ្ទះ​មួយចំនួន​ទៀត​ក៏​មិនឱ្យ​តម្លៃ និង​សិទ្ធិ​ដល់​ពួកយើង​ដូចជា​ថ្ងៃបុណ្យ​ឈប់សម្រាក​អី គឺ​មិន​ឱ្យ​សម្រាក និង​ប្រើ​ពួកយើង​តាមតែ​តម្រូវការ​របស់គាត់​»​។

អ្នកស្រី ផេង ស្រី បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​សូម​ផ្តល់​បណ្ណ ប.ស.ស និង​ផ្តល់​តម្លៃ​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ ដូច​ទៅ​នឹង​កម្មករ-កម្មការិនី​ធ្វើការ​នៅតាម​រោងចក្រ និង​ផ្សព្វផ្សាយ​ដល់​ម្ចាស់ផ្ទះ​ឱ្យ​គោរព​សិទ្ធិ និង​មិនឱ្យ​រើសអើង​មកលើ​កម្មករ​ការងារ​ផ្ទះ​ដូច​ទៅនឹង​កម្មករ​ផ្សេងទៀត​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី​ ១៦ ខែមិថុនា​។

យោងតាម​របាយការណ៍ ILO ឆ្នាំ​ ២០១៥ វិស័យ​ការងារ​តាមផ្ទះ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​គ្របដណ្តប់​ចំនួន​កម្មករ​ប្រមាណ ៦៧,១ លាន​នាក់​នៅលើ​ពិភពលោក (​មាន​អាយុ​លើសពី ១៥ ​ឆ្នាំ​) ដែល​ភាគច្រើន​ជា​ស្ត្រី (៨៣ ភាគរយ​)​។

ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​វិស័យ​ការងារ​ផ្ទះ​ជា​ផ្នែក​ដ៏សំខាន់​មួយ​ដែល​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ក្នុង​ឆ្នាំ​ ២០១១ ILO បានអនុម័ត​នូវ​អនុសញ្ញា​លេខ ១៨៩ ស្ដីពី​កម្មករ​ការងារ​ផ្ទះ​ដោយ​ទទួលស្គាល់​សិទ្ធិ​កម្មករ​ការងារ​ផ្ទះ ដូចជា​កម្មករ​ដទៃទៀត​ដែរ​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ការឈប់​សម្រាក​ប្រចាំ​សប្ដាហ៍ ឬ​ប្រចាំខែ ម៉ោង​ធ្វើការ ការទូទាត់​សំណង ពេល​ធ្វើការ​លើស​ម៉ោង ប្រាក់​ឈ្នួល​សម្រាប់​ការឈប់​សម្រាក​ប្រចាំឆ្នាំ និង​កិច្ចការពារ​សមស្រប​នានា​ប្រឆាំង​នឹង​អំពើហិង្សា និង​ការបៀតបៀន​គ្រប់​ទម្រង់​។ ការទទួល​ស្គាល់​នេះ បាន​ក្លាយ​ជា​ទិវា​ប្រវត្តិសាស្ត្រ​មួយ​ដែល​កម្មករ​ការងារ​ផ្ទះ​ទូទាំង​ពិភពលោក​តែង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៦ ​មិថុនា​ជា​រៀងរាល់ឆ្នាំ ដើម្បី​ជា​ការរំឭក​ និង​អបអរសាទរ​៕