The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ស ខេង ​ណែនាំ​ឱ្យ​ក្រុមការងារ​ធ្វើការ​ពិនិត្យ និង​កែសម្រួល​សារាចរ​ស្តីពី​ការរៀបចំ​ក្រុមការងារ​ពន្លត់​អគ្គិភ័យ




លោក ស ខេង ​ណែនាំ​ឱ្យ​ក្រុមការងារ​ធ្វើការ​ពិនិត្យ និង​កែសម្រួល​សារាចរ​ស្តីពី​ការរៀបចំ​ក្រុមការងារ​ពន្លត់​អគ្គិភ័យ

Content image - Phnom Penh Post
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​កិច្ចប្រជុំ​ពី​ម្សិលមិញ​។ រូបថត ក្រសួងមហាផ្ទៃ

លោក ស ខេង ​ណែនាំ​ឱ្យ​ក្រុមការងារ​ធ្វើការ​ពិនិត្យ និង​កែសម្រួល​សារាចរ​ស្តីពី​ការរៀបចំ​ក្រុមការងារ​ពន្លត់​អគ្គិភ័យ

ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ធ្វើការ​ពិនិត្យ និង​កែសម្រួល​សារាចរ​ណែនាំ ស្តីពី​ការរៀបចំ​ក្រុមការងារ​បង្ការ និង​ពន្លត់​អគ្គិភ័យ កាតព្វកិច្ច និង​ក្រុម​បង្ការ និង​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​ឡើងវិញ ដើម្បី​ឈាន​ទៅ​សម្រេច​ដាក់​ឱ្យ​អនុវត្ត​នៅក្រោយ​ដំណាច់ខែ​មិថុនា​។

ការប្រកាស​ណែនាំ​នេះ​បាន​ធ្វើឡើង​ក្នុង​អំឡុងពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ខ្លឹមសារ​នៃ​សារាចរ​ណែនាំ​ស្តីពី​ការរៀបចំ​ក្រុមការងារ​បង្ការ និង​ពន្លត់​អគ្គិភ័យ កាតព្វកិច្ច និង​ក្រុម​បង្ការ និង​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​នៅ​ថ្ងៃទី​ ១៦ ខែមិថុនា តាមរយៈ​ប្រព័ន្ធ Zoom​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួងមហាផ្ទៃ​បាន​ឱ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តំណាង​ពី​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ជាច្រើនរូប​។

លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ដែល​ទទួលបន្ទុក​ក្នុង​ការដឹកនាំ​រៀបរៀង​តាក់តែង​សារាចរ​នេះ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៦ មិថុនា​ថា បន្ទាប់ពី​បាន​ស្តាប់​សេចក្តីរាយការណ៍​សង្ខេប​អំពី​ការរៀបចំ​សារាចរ​ណែនាំ​នេះ​ លោក ស ខេង បានផ្តល់​ការណែនាំ និង​ធាតុចូល​បន្ថែម ដើម្បី​ឱ្យ​ក្រុមការងារ​បន្ត​ពិនិត្យ និង​កែសម្រួល​ខ្លឹមសារ​ឱ្យ​សមស្រប​តាម​បរិបទ និង​ស្ថានភាព​ជាក់ស្តែង ដែល​អាច​នឹង​អនុវត្ត​មាន​ប្រសិទ្ធភាព​ក្នុង​ពេល​សារាចរ​នេះ​ចេញ​ជា​ធរមាន​។

បន្ថែម​ពីនេះ លោក អ៊ុក គឹមលេខ ក៏បាន​បញ្ជាក់ដែរថា តាម​ការគ្រោងទុក ក្រុម​ការងារ​នឹង​ខិតខំ​ពន្លឿន​ការពិនិត្យ និង​កែសម្រួល​សារាចរ​នេះ​ឱ្យ​រួចរាល់ ក្នុង​ដំណាច់​ខែមិថុនា​នេះ ដើម្បី​អាច​ឱ្យ​សារាចរ​នេះ អនុវត្ត​បាន​បន្ថែម​ពី​បទប្បញ្ញត្តិ​ច្បាប់​ស្តីពី​ការបង្ការ និង​ពន្លត់​អគ្គិភ័យ ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប​មាន​កាតព្វកិច្ច​ចូលរួម​សកម្មភាព​ទាំងនេះ​ដោយ​ស្ម័គ្រចិត្ត​។

លោក​បញ្ជាក់ថា​៖ «​ក្រោយពី​មាន​ការចូលរួម​ពី​អ្នកច្បាប់ និង​ថ្នាក់ដឹកនាំ​ទៅ​ឃើញថា សេចក្តី​ព្រាង​យើង​នេះ វា​មិនទាន់​បាន​គ្រប់​ជ្រុងជ្រោយ ទើប​សម្តេច​ (​ស ខេង​) ​លោក​ឱ្យ​យកមក​កែសម្រួល​សិន ដើម្បី​យើង​បញ្ចូល​មតិ​ឱ្យ​សារាចរ​នេះ ចែង​ពី​ការទទួល​ខុសត្រូវ​ទាំងអស់​គ្នា​ឱ្យបាន​ច្បាស់លាស់​»​។

បើតាម​លោក​ អ៊ុក គឹមលេខ សារាចរ​នេះ​នឹង​ចែង​ឱ្យ​បណ្តា​មន្ទីរ​ស្ថាប័ន ទូទាំង​ប្រទេស​ធ្វើការ​រៀបចំ​ឱ្យមាន​ក្រុម​បង្ការ​មាន​កាតព្វកិច្ច​ត្រួតពិនិត្យ ដើម្បី​ចូលរួម​បង្ការ និង​ពន្លត់​អគ្គិភ័យ​មុន និង​ក្នុងអំឡុងពេល​មាន​គ្រោះអគ្គិភ័យ​។ បន្ថែម​ពីនេះ សារាចរ​នេះ​ក៏​តម្រូវ​ឱ្យ​មាន​ក្រុមការងារ​ទូទាំង​រាជធានី-ខេត្ត​ចុះ​បណ្តុះបណ្តាល​បច្ចេកទេស និង​ជំនាញ​នានា​ដល់​ពលរដ្ឋ​ឱ្យ​មាន​ការយល់ដឹង​ក្នុង​ចូលរួម​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​នេះ​ផងដែរ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍