ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ពី​កំណើន​នៃ​ការបរិភោគ​ត្រី​របស់​ប្រជាជន​កម្ពុជា​ក្នុង​ម្នាក់​មាន​ចំនួន​​ ៥២,៤ ​គីឡូក្រាម​ក្នុង​ ១ ​ឆ្នាំ​ ខណៈ​ប្រជាជន​រស់នៅ​តំបន់​ទំនាប​លិចទឹក បរិមាណ​នៃ​ការបរិភោគ​ត្រី​បាន​កើនឡើង​ដល់​ទៅ​ប្រមាណ ៧៥,៦ ​គីឡូក្រាម​ក្នុង​ ១ ​ឆ្នាំ ដែល​កំណើន​នេះ​បាន​ធ្វើឱ្យ​មាន​បញ្ហា​ប្រឈម​នឹង​ការខ្វះខាត​ក្នុង​ការផ្គត់ផ្គង់ និង​តម្រូវការ​សម្រាប់​ទីផ្សារ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយតប​នឹង​ចម្ងល់​មួយចំនួន​ពាក់ព័ន្ធ​នឹង​តម្រូវការ និង​ការផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ក្រសួង​រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាក់ថា ផ្អែក​តាម​តួលេខ​បណ្ដោះអាសន្ន​នៃ​ជំរឿន​ទូទៅ​ប្រជាជន​សរុប​តាម​វិធីសាស្ត្រ​ឃើញ​រាប់​ (de-facto) កាលពី​ថ្ងៃទី​ ៣ ខែមីនា ឆ្នាំ​ ២០១៩ មាន​ចំនួន​ ១៥ ២៨៨ ៤៨៩ ​នាក់​។ តួលេខ​នេះ​កើនឡើង​ចំនួន ១៤,១% រយៈពេល​ ១១ ​ឆ្នាំ​រវាង​ឆ្នាំ​ ២០០៨ និង​ឆ្នាំ​ ២០១៩ ដែល​ធ្វើឱ្យ​តម្រូវការ​ត្រី សាច់​សម្រាប់​បរិភោគ​មាន​ការកើនឡើង​ផងដែរ​។

ក្រសួង​បញ្ជាក់ថា ឆ្លើយតប​ទៅនឹង​តម្រូវការ​ខាងលើ​នេះ ពិសេស​ក្នុង​បរិបទ​នៃ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺឆ្លង​កូវីដ​ ១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ទឹកចិត្ត​ប្រកប​ដោយ​ភាពកក់ក្ដៅ ដើម្បី​អនុវត្ត​គម្រោង​វារីវប្បកម្ម​។ ពិសេស​ការចិញ្ចឹម​ត្រី​អណ្ដែង និង​កង្កែប​ក្នុង​តង់​ប្លាស្ទិក ដោយ​ប្រើ​រយៈពេល​ខ្លី ចំណាយ​ដើមទុន​តិច និង​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​នៅ​តាម​ខេត្ត​គោលដៅ​ចំនួន​ ១១ និង​ខេត្ត​ទទួល​រងគ្រោះ​ជំនន់​ទឹកភ្លៀង​ចំនួន​ ៤ ​នាពេល​កន្លងមក​។

លើសពីនេះ ក្រសួង​បាន​សហការ​យ៉ាង​ល្អប្រសើរ​ជាមួយ​សមាគម​វារីវប្បករ​នៅ​កម្ពុជា​ផងដែរ អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វារីវប្បកម្ម​ឆ្នាំ​ ២០១៦-២០៣០ ជា​លទ្ធផល​ជាក់ស្តែង​ផលិតកម្ម​វារីវប្បកម្ម​ក្នុង​ឆ្នាំ​ ២០២០ បាន​កើនឡើង​រហូត​ដល់​ជាង​ ៣០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៩​។

ក្រសួង​កសិកម្ម​បញ្ជាក់ថា​៖ «​ជាការពិត ធនធានមនុស្ស​ពាក់ព័ន្ធ​នឹង​ការងារ​វារីវប្បកម្ម​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការធ្វើ​វារីវប្បកម្ម​នៅ​កម្ពុជា​។ ជាក់ស្តែង​មន្ត្រី​ជំនាញ​វារីវប្បកម្ម​ត្រូវបាន​ទទួល​ការបណ្តុះបណ្តាល​ក្នុង​ និង​ក្រៅប្រទេស និង​បាន​យកចំណេះ​ជំនាញ​នេះ​ទៅ​បណ្តុះបណ្តាល​ដល់​កសិករ​ឱ្យ​ចេះ​ចិញ្ចឹម​ត្រី​នៅ​ស្ទើរតែ​គ្រប់​រាជធានី-ខេត្ត​ដែលមាន​សក្តានុពល​ផលិត​»​។

ទោះយ៉ាងណា ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ទទួលស្គាល់ថា តម្រូវការ និង​ការផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា នៅតែ​បន្ត​ជួបប្រទះ​បញ្ហា​ប្រឈម​មិនទាន់​អាច​ដោះស្រាយ​បាន​នៅឡើយ ដោយសារ​កត្តា​សំខាន់ៗ​មួយចំនួន រួមមាន​ការថមថយ​ផល​ត្រី​ពី​ធម្មជាតិ​។

មាន​បដិបក្ខ​ក្នុង​ការគ្រប់គ្រង​ទីផ្សារ​ត្រី​នៅ​កម្ពុជា ការប្រកួតប្រជែង​ទីផ្សារ​ក្នុងស្រុក​។ យន្តការ​ត្រួតពិនិត្យ​នៃ​ការនាំ​ចូល​មាន​ភាពស្មុគស្មាញ​ទាំង​បរិមាណ គុណភាព និង​កាតព្វកិច្ច​នានា​សម្រាប់​អ្នក​នាំចូល និង​មាន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​ជាច្រើន​។ វិស័យ​វិនិយោគ​ឯកជន​លើ​ការធ្វើ​វារីវប្បកម្ម​នៅ​ខ្វះ​ទុន និង​ខ្វះ​ចំណេះដឹង​ក្នុង​ការសិក្សា​ពី​តម្រូវការ​ទីផ្សារ ក្នុង និង​ក្រៅប្រទេស គួបផ្សំ​ជាមួយ​តម្លៃ​នៃ​ការដឹកជញ្ជូន​ក្នុងស្រុក និង​ការនាំចេញ តម្លៃ​សេវា​ក្នុង​ការផលិត កែច្នៃ និង​ស្តុក​នៅមាន​តម្លៃ​ខ្ពស់​។

លោក​ សុង ឌីណា វារីវប្បករ​ដែល​កំពុង​ចិញ្ចឹម​ត្រី និង​កង្កែប​នៅក្នុង​ស្រះ​ចំនួន​ ៥ នៃ​ផ្ទៃដី ៣ ​ហិកតា ស្ថិតនៅ​ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ​បាន​ទទួលស្គាល់​ថា តម្រូវការ​បរិភោគ​ត្រី​របស់​ប្រជាជន​កម្ពុជា មាន​ការកើនឡើង​ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ​។ ប៉ុន្តែ ការផ្គត់ផ្គង់​ទីផ្សារ​សម្រាប់​ត្រី​ដែល​វារីវប្បករ​របស់​កម្ពុជា​ផលិត​បាន មិនមាន​តម្រូវការ​ច្រើន​នោះទេ ដោយសារ​មានការ​នាំចូល​ច្រើន​ពី​ប្រទេស​វៀតណាម​។

លោក​ សុង ឌីណា បញ្ជាក់ថា ត្រី​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​ ១ ​គីឡូ​មានតម្លៃ​ត្រឹមតែ​ ៤ ​ពាន់​រៀល ខណៈ​វារីវប្បករ​របស់​កម្ពុជា​ផលិត​បាន​ក៏​តម្រូវឱ្យ​លក់​ក្នុងតម្លៃ​ ៤ ​ពាន់​រៀល​ដូច​គេ​ទើប​មាន​ឈ្មួញ​ចុះមក​ទិញ​។ ប៉ុន្តែ​បើ​បិទ​ការនាំ​ចូល​ពី​ប្រទេស​វៀតណាម ​តម្លៃ​ត្រី​នៅ​កម្ពុជា​អាចមាន​ការឡើង​ថ្លៃ​ជាង​នេះ ដែល​អាចជួយ​ដល់​កសិករ​បាន​ច្រើន​។

បើតាម​លោក​ ឌីណា បច្ចុប្បន្ន​មាន​ប្រជាកសិករ​ជាច្រើន​បាន​នាំគ្នា​ចិញ្ចឹម​ត្រី​ច្រើន​ស្ទើរតែ​គ្រប់​រាជធានី-ខេត្ត-ក្រុង ប៉ុន្តែ​អ្វីដែល​ពិបាក​បំផុត​នោះ នៅពេល​ដែល​ផលិត​បាន​ហើយ គឺ​ពិបាក​ក្នុង​ការប្រកួតប្រជែង​ជាមួយ​នឹង​ការនាំចូល​ត្រី​មកពី​ប្រទេស​វៀតណាម​។

លោក​ សុង ឌីណា ​ថ្លែងថា​៖ «​ត្រី​នាំចូល​មកពី​ប្រទេស​វៀតណាម គេ​ឱ្យ​ចំណី​គីមី​ប្រើ​រយៈពេល​តែ ២ ​ខែ​ប៉ុណ្ណោះ គេ​អាច​ចាប់​លក់បាន​។ មិនល្អ​ដូច​ត្រី ដែល​កសិករ​កម្ពុជា គាត់​ចិញ្ចឹម​ប្រើតែ​ចំណី​បែប​ធម្មជាតិ​នឹង​ប្រើពេល​រហូតដល់ ៥ ​ខែ ទៅ ៧ ​ខែ ដូច្នេះ​វា​ចុះ​ចំណី​ណាស់​»​។

លោក​ក៏​បដិសេធ​ចំពោះ​ក្រសួង​ដែលថា ការផ្គត់ផ្គង់​ត្រី​ក្នុង​ទីផ្សារ​កម្ពុជា​ជួប​បញ្ហា​ប្រឈម គឺ​មិន​ពិត​នោះទេ​។ ព្រោះ​កសិករ​ចិញ្ចឹម​ត្រី​នៅ​ស្ទើរ​ទូទាំង​ប្រទេស ហើយ​រក​ឈ្មួញ​មក​ប្រមូល​ទិញ​មិន​អស់​ត្រី​ពី​កសិដ្ឋាន​ទេ​។ លោក​ ឌីណា ទទូច​ឱ្យ​បិទ​ការនាំចូល​ត្រី​ពី​ប្រទេស​វៀតណាម ហើយ​ឱ្យ​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ត្រី​ពី​ប្រជាកសិករ​កម្ពុជា គឺ​មិន​ខ្វះ​នោះ​ទេ សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស​កម្ពុជា​។

យ៉ាងណា​ក៏ដោយ លោក​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៦ មិថុនា ថា ការដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​វារីវប្បកម្ម​សម្រាប់​ប្រទេស​កម្ពុជា មិនមែន​តែ​ក្រសួង​កសិកម្ម ជា​អ្នកដោះស្រាយ​ម្នាក់ឯង​ទៅ​រួច​នោះទេ គឺ​លុះត្រាតែ​មាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ទើប​អាច​ទៅ​រួច​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​មាន​បញ្ហា​ជាច្រើន​ដែល​ចាក់ស្រែះ​ក្នុង​ការដោះស្រាយ បើ​យើង​ទុក​អ៊ីចឹង ហើយ​អន្តរក្រសួង​មិន​ធ្វើការ ហើយ​បញ្ហា​នេះ​ឱ្យ​ក្រសួង​កសិកម្ម ធ្វើ​ម្នាក់ឯង​ម្តេច​បាន​។ វា​ទៅ​អត់​រួច!»​។

លោក វេង សាខុន បញ្ជាក់ថា ក្រសួង​ខិតខំ​ដោះស្រាយ ប៉ុន្តែ​ការដោះស្រាយ​នោះ​វា​មាន​កម្រិត​នៅឡើយ ព្រោះ​ក្រសួង​កសិកម្ម​មាន​តួនាទី​ផ្តល់នូវ​បច្ចេកទេស​ក្នុង​ការចិញ្ចឹម​តែ​ប៉ុណ្ណឹង ឯរឿង​ទីផ្សារ គឺ​ក្រសួង​គេ​ផ្សេង​។ ប៉ុន្តែ​ក្រសួង​កសិកម្ម​ចេះតែ​ជួយ ព្រោះ​វា​មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​៕