ភ្នំពេញៈ ​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​សិក្សា​ឯកជន​ជាង​ ១០០ បាន​​ឯកភាព​ស្នើសុំ​ជួបពិភាក្សា​ជាមួយ​ភាគី​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​វិធីសាស្ដ្រ​ឈានទៅ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ខណៈ​បច្ចុប្បន្ននេះ​គ្រឹះស្ថានសិក្សា​ភាគច្រើន​កំពុង​ប្រឈម​នឹង​ការក្ស័យធន​ និង​ឈានទៅ​ការបិទទ្វារ​។

ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ក្រោយ​​ពេល​ដឹកនាំ​កិច្ចប្រជុំ​តាម​អនឡាញ​កាលពី​ថ្ងៃទី​ ១៥ ខែ​មិថុនា លោក ហេង វ៉ាន់ដា នាយក​វិទ្យាស្ថាន​វ៉ាន់ដា និង​ជា​​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​លើកឡើង​ថា ជំងឺ​កូវីដ​ ១៩ ​ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ​ ២០២០ បានធ្វើឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​រង​ផលប៉ះពាល់​ពេញ​ ១ ​ឆ្នាំ​រួចទៅហើយ​។ ​រីឯ​ឆ្នាំ​ ២០២១ ​នេះ​ព្រឹត្ដិការណ៍​ ២០ ​កុម្ភៈ ​ក៏​កំពុង​បន្ត​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​គ្រឹះស្ថានសិក្សា​ឯកជន​​ដែល​នៅ​មិនអាច​កំណត់​ការបិទ​បញ្ចប់​បាន​។

លោក​ថ្លែងថា​៖ «​លទ្ធផល​នៃ​កិច្ចប្រជុំ​មាន​ច្រើន​ចំណុច ប៉ុន្ដែ​អ្វីដែល​អង្គប្រជុំ​លើកឡើង​ ដើម្បី​គោរព​ជូន​រាជរដ្ឋាភិបាល​ស្នើសុំ​ជួយ​ដោះស្រាយ​គឺ​ធ្វើយ៉ាងណា​អាច​ឱ្យ​គ្រឹះស្ថានសិក្សា​​ឯកជន​អាច​មាន​ស្ថិរភាព​បន្ត​ទៅមុខទៀត​បាន​»​។

លោក ហេង វ៉ាន់ដា បាន​លើកឡើង​ថា ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​បច្ចុប្បន្ន​គឺជា​ករណី​ឆ្លងតាម​ប្លុក​នីមួយៗ​ដែល​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​អាច​គ្រប់គ្រង​បាន​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ស្នើ​សុំឱ្យ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ព្រោះ​បើ​មិន​បើក​ទេ គ្រឹះស្ថានសិក្សា​វិស័យ​ឯកជន​មិនអាច​ទប់​ជាប់​ទេ​។ ​គ្មាន​ចំណូល​បន្ថែម​ពី​ណា​ទាំងអស់​ហើយ​ក៏​គ្មាន​វិធី​កាត់​ចំណាយ​ណា​ដែល​អាចមក​ទប់​បាន​ក្រៅពី​បើក​សាលារៀន​ឡើងវិញ​ទេ​»​។

លោក វ៉ាន់ដា ក៏បាន​លើកឡើង​ដែរ​ថា ការស្នើ​បើក​សាលារៀន​ឡើងវិញ​នេះ​គឺ​ឈរលើ​​ការគោរព​តាម​វិធានការ​របស់​សុខាភិបាល ការរក្សា​អនាម័យ និង​ការណែនាំ​របស់​ក្រសួង​អប់រំ​ជាដើម​។ ​ចំណែក​ដំណើរការ​រៀន​គឺ​នៅ​បន្ត​ប្រើប្រាស់​វិធីសាស្ដ្រ​សិក្សា​ក្នុង​ថ្នាក់​ខ្លះ និង​​រៀន​តាម​អនឡាញ​ខ្លះ (Online Plus) ដើម្បី​កាត់បន្ថយ​ចំនួន​សិស្ស​រៀន​ក្នុង​ថ្នាក់​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ប្រមូល​លទ្ធផល​ដែល​ទទួលបាន​​ពី​កិច្ចប្រជុំ​នេះ​ធ្វើលិខិត​ស្នើសុំ​ទៅ​ជួបពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ជម្រាប​ពី​បញ្ហា​ និង​ការព្រួយបារម្ភ​របស់​យើង​»​។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា បាន​ថ្លែងថា ក្រសួង​អប់រំ​បាន​លើក​ទឹកចិត្ត​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ និង​ភាគី​ពាក់ព័ន្ធ​បន្ត​ពិភាក្សា​ចរចា​គ្នា​រក​ដំណោះស្រាយ​​សមស្រប​ និង​សម្បទាន​គ្នា​ទៅវិញទៅមក ព្រោះ​ទាំងអស់​គ្នា​សុទ្ធតែ​រង​ផលប៉ះពាល់​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ក៏ប៉ុន្តែ​លោក​ថា ជារួម ក្រសួង​​អប់រំ​បន្ត​ផ្អាក​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ដោយ​បន្ត​តាមដាន​ និង​វាយតម្លៃ​ស្ថានភាព​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។ ចំពោះ​​មុខ​នេះ​ក្រសួង​អប់រំ​លើកទឹកចិត្ត​គ្រប់ភាគី​ពាក់ព័ន្ធ​ជាពិសេស​បុគ្គលិក​អប់រំ មាតាបិតា​សិស្ស-និស្សិត បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣ការពារ ៣កុំ​។

លោក​ថ្លែងថា​៖ «​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ត្រូវ​បន្ត​ការបង្រៀន​ និង​រៀន​ពី​ចម្ងាយ​ ​និង​តាម​អនឡាញ​ស្របតាម​គន្លង​ជីវិត​ថ្មី​នៃ​វិស័យ​អប់រំ​»​។

បើតាម​លោក សុវាចា ក្រសួង​​អប់រំ​បានចេញ​រួចហើយ​នូវ​សេចក្តី​ណែនាំ​ស្ដីពី​ការបង្រៀន​ និង​រៀន​ពី​ចម្ងាយ​ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​គ្រឹះស្ថាន​បឋមសិក្សា និង​មធ្យម​សិក្សា​សាធារណៈ​ក្នុង​ឆ្នាំ​សិក្សា​ ២០២០-២០២១ ហើយ​ថា​ក្រសួង​នឹង​ចេញ​សេចក្តី​ណែនាំ​​នេះ​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន​ផងដែរ​។

លោក សុវាចា ថ្លែងថា ក្រសួង​អប់រំ​ស្វាគមន៍ និង​ថ្លែង​អំណរគុណ​ចំពោះ​កិច្ចសហការ​ពី​សំណាក់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍន៍​វិស័យ​ឯកជន​ជាពិសេស​មាតាបិតា​សិស្សានុសិស្ស​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការចូលរួមចំណែក​លើកកម្ពស់​គុណភាព​អប់រំ​សម្រាប់​អ្នកសិក្សា​​មុន​ និង​ក្នុង​បរិបទ​កូវីដ​ ១៩​។

លោក ប៉ិច បូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះដែរ​បាន​ឱ្យ​​ដឹងថា តាមរយៈ​កិច្ចប្រជុំ​នេះ​គ្រឹះស្ថាន​សិក្សា​ឯកជន​ភាគច្រើន​បាន​ស្នើសុំ​ដល់​ក្រសួង​អប់រំ​ឱ្យ​​ពិចារណា​លទ្ធភាព​នៃ​ការបើក​សាលារៀន​ឡើងវិញ និង​ពិភាក្សា​​ពី​វិធានការ​ចាំបាច់​ ដើម្បី​ទប់ស្កាត់​​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​ក្នុង​សាលារៀន​។

លោក​ថ្លែងថា​៖ «​យើង​ចង់ឱ្យ​បើក​សាលារៀន​ឡើងវិញ ល្អ​បំផុត​ប្រសិនបើ​អាច​បើក​បាន​នៅ​អំឡុង​ខែ​សីហា ឬ​ខែកញ្ញា​​ខាងមុខ​។ ប៉ុន្ដែ​យើង​ក៏ត្រូវ​ជជែក​គ្នា​រក​យន្តការ​ណាមួយ​ដែល​អាច​ទទួលយក​បាន​ដូចជា​ការបន្ត​ការសិក្សា​តាមរយៈ​កម្មវិធីសិក្សា​ក្នុង​ថ្នាក់​ខ្លះ សិក្សា​នៅផ្ទះ​ខ្លះ​ (Online Plus) ​និង​អនុវត្ដ​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ​ និង​ក្រសួង​សុខាភិបាល​ដែលមាន​ស្រាប់​»​។

បើតាម​លោក ប៉ិច បូឡែន គ្រឹះស្ថានសិក្សា​ឯកជន​ស្នើសុំ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ ដោយសារ​ពលរដ្ឋ​ភាគច្រើន​នៅ​ភ្នំពេញ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​រួចរាល់​។ ​ចំណែក​គ្រូបង្រៀន​ដែល​ចូល​បង្រៀន​គឺ​ត្រូវតែ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ដែរ​។ លោក​​ថា ការរៀន​តាម​អនឡាញ​ពី​ផ្ទះ​មិនបាន​ពេញលេញ​ដូច​ការរៀន​នៅក្នុង​ថ្នាក់​ជាមួយ​គ្រូ​ទេ​។

លោក សៅរ៍ សាម៉ន រស់នៅ​រាជធានី​ភ្នំពេញ​ដែលមាន​កូន​ ២ ​នាក់​កំពុង​សិក្សា​នៅ​សាលា​ឯកជន​ដោយ​ម្នាក់​រៀន​ថ្នាក់​ទី​ ៩ និង​ម្នាក់ទៀត​ថ្នាក់​ទី​ ៦ ​បានឱ្យដឹងថា តាំងពី​ក្រសួង​អប់រំ​បិទ​សាលា​មក​គឺ​កូន​ទាំង​ ២ ​នៅ​បន្ត​សិក្សា​តាម​អនឡាញ​រហូត​។

លោក​បាន​ប្រាប់ថា​៖ «​ការសិក្សា​របស់​កូន​គឺ​សំខាន់​ណាស់​​ ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដូច​បច្ចុប្បន្ន​ក៏ដោយ​ ក៏ត្រូវ​ឱ្យ​កូន​បន្ត​រៀន​តាម​ប្រព័ន្ធ​អនឡាញ​នេះដែរ​»​។

លោក​បាន​គាំទ្រ​ចំពោះ​ការស្នើសុំ​ក្រសួង​បើក​សាលារៀន​ឡើងវិញ​ដោយ​អនុវត្ដ​ការសិក្សា​​តាម​កម្មវិធី​ OnlinePlus​។ ​ប៉ុន្ដែ​លោក​ស្នើឱ្យ​ធានា​សុវត្ថិភាព​ និង​ស្ដង់ដា​អនាម័យ​ក្នុង​ការសិក្សា​សម្រាប់​សិស្ស​ឱ្យបាន​ល្អ​​ចៀសវាង​ឆ្លង​ជំងឺ​កូវីដ​ ១៩​។

យ៉ាងណាក្ដី​អាណាព្យាបាល​សិស្ស​នៃ​សាលា​ឯកជន​នៅ​រាជធានី​ភ្នំពេញ​ ១ ​រូប​ទៀត​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ជំទាស់​នឹង​គម្រោង​របស់​បណ្តា​គ្រឹះស្ថាន​សិក្សា​ឯកជន​ក្នុង​ការស្នើ​​ទៅ​ក្រសួង​អប់រំ​ ដើម្បី​បើក​សាលា​ឡើងវិញ​នេះ​។ ​លោក​លើក​​ឡើង​ថា ខណៈ​ដែល​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ នៅ​មិនទាន់​ត្រូវបាន​បិទ​បញ្ចប់ ហានិភ័យ​នៅតែ​អាច​​កើតមាន​គ្រប់ពេល​ដល់​កូនៗ​​របស់​លោក​។

លោក​បាន​បញ្ជាក់ថា​៖ «​និយាយ​ជារួម ខ្ញុំ​មិន​ឯកភាព​ទៅ​​នឹង​ផែនការ​នៃ​ការស្នើសុំ​បើក​សាលា​ឡើងវិញ​នេះ​នោះទេ​​ ព្រោះថា​រដ្ឋាភិបាល​មិនទាន់​​បានប្រកាស​បិទ​បញ្ចប់​នូវ​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​នេះឡើយ ​ខណៈ​ដែល​ករណី​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ នៅ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ​»​។

លោក​បាន​បន្ថែមថា​៖ «​យើង​ឃើញថា ទោះបីជា​ការចាក់​វ៉ាក់សាំង​ត្រូវ​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​ក៏ពិតមែន​ ប៉ុន្តែ​ក្មេងៗ​គឺ​មិនទាន់មាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​នេះ​​នៅឡើយ​ទេ ដូច្នេះ​វា​ពិតជា​មាន​ហានិភ័យ​ខ្ពស់​ណាស់​ដល់​​ក្មេងៗ ម្យ៉ាងទៀត​ពួកគេ​នៅ​តូច​ក៏​មិនសូវ​ចេះ​នូវ​ការរក្សា​អនាម័យ​ទៀតផង​។ ពិតមែន​ហើយ ការរៀន​តាម​អនឡាញ​​បើទោះ​ជា​មិនសូវ​មាន​ប្រសិទ្ធភាព តែ​ក្នុង​កាលៈទេសៈ​នេះ​គឺ​មិន​គួរ​ឱ្យមាន​ការបើក​សាលា​នោះទេ​»៕