ប៉ៃលិនៈ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (CMAC) ​បានឱ្យដឹងថា គម្រោង​សមាហរណកម្ម​កិច្ច​បោសសម្អាត​មីន និង​ជួយសង្គ្រោះ​ជនពិការ​ ដោយសារ​គ្រាប់មីន​បាន​ជួយ​ដល់​គ្រួសារ​ជនពិការ​ ដោយសារ​មីន​ចំនួន ២៤០ ​គ្រួសារ​នៅ​ខេត្ត​ប៉ៃលិន​តាំងពី​ដើមឆ្នាំ​ ២០២១ ​នេះ​មក​។

គម្រោង​សមាហរណកម្ម​កិច្ចបោសសម្អាត​មីន និង​ជួយសង្គ្រោះ​ជនពិការ​ ដោយសារ​គ្រាប់មីន​គឺមាន​ការគាំទ្រ​ដោយ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​សកម្មភាព​អង្គភាព​ស៊ីម៉ាក់​ក្នុង​ការអនុវត្ត​គម្រោង​នេះ​។

លោក ហេង រតនា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​កាលពី​ម្សិលមិញ​ថា គម្រោង​នេះ​គឺ​ជួយ​ជនពិការ​ ដោយសារ​គ្រាប់មីន តាមរយ:​ការអភិវឌ្ឍ​សហគមន៍​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ចំណេះដឹង​មុខរបរ​កសិកម្ម​បឋម​។

លោក​បាន​បន្តថា កម្មវិធី​សមាហរណកម្ម​នេះ​បាន​អនុវត្ត​ព្រមៗ​គ្នា​រួមមាន ទី​១ គឺ​ការបោសសម្អាត​តំបន់​គ្រាប់មីន ដែល​មាន​ការគំរាមកំហែង​ដល់​សុខ​សុវត្ថិភាព​ប្រជាជន​ក្នុង​សហគមន៍ ទី​២ គឺ​ការជួយ​កសាង​ផ្លូវ ប្រព័ន្ធ​ប្រឡាយទឹក​ជនបទ និង​ទី​៣ គឺ​ការហ្វឹកហ្វឺន​ចំណេះដឹង​បឋម​សម្រាប់​មុខរបរ​កសិកម្ម​។

លោក​បញ្ជាក់ថា​៖ «​គោលដៅ​សំខាន់​គឺ​ជួយ​ជំរុញ​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​ជនពិការ​ និង​សហគមន៍​ឱ្យ​មាន​ឱកាស​រីកចម្រើន​ខាង​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ស្រប​តាម​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​»​។

ក្នុងអំឡុងពេល​អនុវត្ត​គម្រោង​នៅ​ខេត្ត​ប៉ៃលិន​នៅក្នុង​ឆ្នាំនេះ លោក ហេង រតនា បាន​អះអាង​ថា មានគ្រួសារ​ជនពិការ​ ដោយសារ​មីន​ចំនួន​ ២៤០ ​គ្រួសារ ត្រូវ​បាន​ជួយសង្គ្រោះ​ ដោយ​ការកសាង​ផ្លូវលំ​ជនបទ​ចំនួន​ ២ ​ខ្សែ​មាន​ប្រវែង​ជិត ១៥ ០០០ ​ម៉ែត្រ និង​ប្រពន្ធ័​ប្រឡាយ លូ​រំដោះ​ទឹក​មួយ​​ចំនួន​ផងដែរ​។

លោក ឈួន បូរ៉ា ​មន្ត្រី​បច្ចេកទេស​ផ្នែក​បោសសម្អាត​មីន​នៃ​អង្គការ CSHD បាន​លើកឡើងថា បញ្ហា​ជនរងគ្រោះ​ ដោយសារ​គ្រាប់មីន​ក្នុង​ពេលបច្ចុប្បន្ន​គឺ​ច្រើនតែ​កើតឡើង​ចំពោះ​ពលរដ្ឋ​ដែល​ទៅ​ធ្វើការ​ឈូសឆាយ​លើដី​ថ្មី​។

លោក​បន្តថា ហើយ​ដីព្រៃ​ទាំងនោះ​ គឺ​ភាគច្រើន​មាន​បន្សល់ទុក​នូវ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​សល់​ពី​សម័យ​សង្គ្រាម​។ ដូច្នេះ​លោក​រំពឹង​ថា ប្រជាពលរដ្ឋ​គួរតែ​បង្កើត​ការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​ទាំងអស់​​នេះ ដើម្បី​បញ្ចៀស​ឱ្យបាន​នូវ​ហានិភ័យ​ដែល​អាច​កើតមាន​ឡើង​ដល់​អាយុជីវិត និង​ធ្វើឱ្យមាន​ពិការភាព​។

លោក​បាន​បញ្ជាក់ថា​៖ «​ការជួយ​ដល់​ជន​មាន​ពិការភាព​ពី​គ្រាប់​មិនទាន់​ផ្ទុះ​គឺមាន​ច្រើន ព្រោះ​អាជ្ញាធរ​មីន​កម្ពុជា​យើង​បានផ្តល់​ការអប់រំ និង​ការគាំទ្រ​ជុំវិញ​ជីវភាព​ជាច្រើន​ទៀត​។

តែ​យើង​ឃើញថា ការរងគ្រោះ​ដោយសារ​មីន​ ឬ​គ្រាប់​មិនទាន់​ផ្ទុះ​គឺ​ធ្វើឱ្យ​ជន​រងគ្រោះ​ទទួលរង​ស្មើនឹង​ស្លាប់ ព្រោះតែ​មានការ​ពិការភាព​អី​ជាដើម​»​។

យោងតាម​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ឱ្យ​ដឹងថា គិត​ចាប់ពី​ឆ្នាំ​ ១៩៩២ ដល់​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ជិត​ ៣ ​ម៉ឺន​នាក់​ក្នុង​នោះ​មាន​ជនរងគ្រោះ​ ដោយសារ​មីន​ចំនួន​ជិត ​២ ​ម៉ឺន​នាក់ ជនរងគ្រោះ​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ជិត​ ១​ ម៉ឺន​នាក់ ហើយ​មាន​អ្នកស្លាប់​ជាង ៦ ០០០ ​នាក់​។

ចំណែក​ក្នុងពេល​បច្ចុប្បន្ន​ផ្ទៃដី​ដែល​នៅ​សេសសល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​មិនទាន់​ត្រូវបាន​រំដោះ​គ្រាប់​ទាំងនេះ​ចេញ គឺ​មាន​ទំហំ​ជាង ៨០០ គីឡូម៉ែត្រ​ការ៉េ​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​៕