ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបង្ហាញ​ពី​មូលហេតុ​មួយចំនួន​​ដែល​នាំឱ្យ​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​តាម​រោងចក្រ​សហគ្រាស​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​បណ្តាល​មកពី​ការស្នាក់នៅ​របស់​បុគ្គលិក និង​កម្មករ-និយោជិត​ក្នុង​ផ្ទះជួល ឬ​អគារ​ជួល​រួមគ្នា ការធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​រួម ការទិញ​ម្ហូបអាហារ​ពី​កន្លែង​លក់ដូរ​មិន​រៀបរយ ការមិន​អនុវត្ត​ ឬ​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​កត្តា​រួមផ្សំ​មួយចំនួនទៀត ប៉ុន្តែ​ក៏បាន​ដាក់​ចេញ​នូវ​វិធានការ​ ដើម្បី​គ្រប់គ្រង​ការរីករាលដាល​ជំងឺ​នេះ​ផងដែរ​។

កាលពី​យប់​ថ្ងៃទី​ ១៥ ខែមិថុនា លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​​ចេញ​សេចក្តី​ប្រកាស​ពី​ផែនការ​ស្តីពី «​វិធានការ​គ្រប់គ្រង​ការរីករាលដាល​ជំងឺ​​កូវីដ​​ ១៩ ​តាម​បណ្តា​រោងចក្រ-សហគ្រាស​នៅក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ​» ដោយ​ក្នុងនោះ​បានកំណត់​នូវ​វិធានការ​ចាំបាច់​ដោយ​បែងចែក​ជា​ ៣ ​ដំណាក់កាល គឺ​វិធានការ​ចំពោះ​មុខ វិធានការ​រយៈពេល​មធ្យម និង​វិធានការ​រយៈពេល​វែង ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការរីករាលដាល​ជំងឺ​នេះ​នៅក្នុង​រោងចក្រ សហគ្រាស​។

លោក​ ឃួង ស្រេង បាន​លើកឡើង​ថា​៖ «​ឈរលើ​មូលហេតុ​នៃ​ការឆ្លង​រាលដាល​នេះ​បាន​បង្ហាញ​ឱ្យឃើញ​កាន់តែ​ច្បាស់​អំពី​ភាពចាំបាច់ និង​សារៈសំខាន់​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ចំពោះ​វិស័យនេះ​ជាពិសេស​ស្ថិតក្នុង​ស្ថានភាព​​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នេះ​»​។

នៅក្នុង​វិធានការ​ចំពោះមុខ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​រោងចក្រ-សហគ្រាស (​សម្រាប់​ការអនុវត្ត​នាពេល​បច្ចុប្បន្ន​) ​គឺ​ត្រូវ​ជំរុញ​ការអនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក និង​កម្មករ-និយោជិត​នៅ​រាជធានី​ភ្នំពេញ​សំដៅ​បង្កើត​ឱ្យ​មាន​ភាពស៊ាំ​សហគមន៍​ទប់ទល់​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ​ក្នុង​រោងចក្រ-សហគ្រាស​។

ចំណែក​វិធានការ​រយៈពេល​មធ្យម​ (​សម្រាប់​រយៈពេល​អនុវត្ត​មិន​លើសពី​ ១ ​ឆ្នាំ​) ​ចំពោះ​និយោជក​ម្ចាស់​ ឬ​អ្នកគ្រប់គ្រង​រោងចក្រ-សហគ្រាស​ទាំងអស់​ត្រូវ​រៀបចំ​ច្រក​សុវត្ថិភាព​សម្រាប់​ការសង្គ្រោះ​បន្ទាន់ និង​គ្រប់គ្រង​ស្ថានភាពអាសន្ន​, រៀបចំ​បញ្ជរ​ព័ត៌មាន និង​ប្រព័ន្ធ​បញ្ជូន​សំឡេង​ទៅគ្រប់​អគារ​, រៀបចំ​បន្ទប់​សម្រាក និង​កន្លែង​ទទួលទាន​អាហារ​, សម្អាត​អនាម័យ​បរិស្ថាន និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ​ក្នុង និង​ក្រៅ​បរិវេណ​អគារ​,​ត្រៀម​ទីតាំង​សម្រាប់ធ្វើ​តេស្ត​យក​សំណាក ចត្តាឡីស័ក​ ឬ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល​,​ត្រៀម​ឧបករណ៍​តេស្ត​រហ័ស​រក​វីរុស​កូវីដ​ ១៩ ​និង​មាន​គ្រូពេទ្យ​របស់​រោងចក្រ-សហគ្រាស​ប្រចាំការ​ផងដែរ​។

ជាមួយ​នេះដែរ រដ្ឋបាល​រាជធានីភ្នំពេញ​ក៏​មិន​អនុញ្ញាត​ឱ្យមាន​ការលក់ដូរ​អាហារភេសជ្ជៈ សម្ភារ​ប្រើប្រាស់​ ឬ​គ្រឿងឧបភោគ បរិភោគ​ផ្សេងៗ ដែល​គ្មាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ ទាំង​ខាងក្នុង និង​ជុំវិញ​ទីតាំង​រោងចក្រ-សហគ្រាស ដាច់ខាត​លើកលែង​តែ​សេវាកម្ម​លក់​អាហារ​ដែល​រោងចក្រ-សហគ្រាស​មាន​ទំនាក់ទំនង និង​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​រៀបចំ​ជូន​ប្រចាំ​ថ្ងៃ​តែប៉ុណ្ណោះ​។

កម្មករ​ពេលចេញ​ពី​ធ្វើការ​នៅ​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ​កន្លងមក​។ ហេង ជីវ័ន

ចំពោះ​បុគ្គលិក និង​កម្មករ-និយោជិត​ត្រូវតែ​ស្នាក់នៅ​បន្ទប់​ជួល​ដែល​នៅ​ជិត​រោងចក្រ-សហគ្រាស​របស់ខ្លួន​កំពុង​បម្រើ​ការងារ និង​មិនត្រូវ​អនុញ្ញាត​ឱ្យ​អ្នក​បំពេញ​ការងារ​នៅ​រោងចក្រ-សហគ្រាស​ផ្សេង​មក​ស្នាក់នៅ​ជាមួយ​ខ្លួន​ឡើយ​។

ឯអ្នកបើកបរ​រថយន្ត ឬ​រ៉ឺម៉ក​ដឹកជញ្ជូន​ត្រូវ​ដឹកជញ្ជូន​បុគ្គលិក និង​កម្មករ-និយោជិត​រោងចក្រ-សហគ្រាស​នីមួយៗ​​ដាច់ដោយឡែក​ពីគ្នា ហាម​ដាច់ខាត​ការដឹកជញ្ជូន​បុគ្គលិក និង​កម្មករ-និយោជិត រោងចក្រ-សហគ្រាស​ច្រើន​ច្របូកច្របល់​គ្នា ហើយ​រាល់​ការដឹកជញ្ជូន​ត្រូវ​កាត់បន្ថយ​ចំនួន​មក​ត្រឹម​ពាក់កណ្តាល និង​សមស្រប​តាម​ទំហំ​នៃ​មធ្យោបាយ​ដឹកជញ្ជូន​។

រីឯ​វិធានការ​រយៈពេល​វែង​ (​សម្រាប់​រយៈពេល​អនុវត្ត​ពី​ ១ ​ឆ្នាំ ទៅ​ ៥ ​ឆ្នាំ​) រដ្ឋបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ក្នុង​ផែនការ​ថា រោងចក្រ-សហគ្រាស​ទាំងអស់​គួរ​សិក្សា និង​បង្វែរ​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន​ទៅ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​វិញ​។

ផែនការ​នេះ​បាន​បញ្ជាក់ថា​៖ «​តំបន់​សេដ្ឋកិច្ច​ពិសេស គឺជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​នូវ​សកម្មភាព​ឧស្សាហកម្ម និង​សកម្មភាព​ពាក់ព័ន្ធ​ដទៃទៀត ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ដំណើរការ​ផលិតកម្ម និង​ការគ្រប់គ្រង​បុគ្គលិក និង​កម្មករ-និយោជិត​»​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវ​បាន​គ្រប់គ្រង​ជា​យន្តការ​ច្រកចេញចូល​តែមួយ​ដែល​ផ្តល់​ភាពងាយស្រួល​ក្នុង​ការស្នើសុំ​លិខិតអនុញ្ញាត​អាជីវកម្ម អាជ្ញាប័ណ្ណ និង​បញ្ជិកា ព្រមទាំង​ការអនុម័ត​ចំពោះ​ការលើក​ទឹកចិត្ត​នានា​របស់​រាជរដ្ឋាភិបាល ក្រោម​ការសម្របសម្រួល​របស់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​។

លោក ឃួង ស្រេង បាន​បញ្ជាក់ថា​៖ «​តំបន់​សេដ្ឋកិច្ច​ពិសេស​ក៏​នឹង​តម្រូវ​ឱ្យ​មាន​ការរៀបចំ​កន្លែង​សម្រាប់ធ្វើ​ចត្តាឡីស័ក និង​កន្លែង​សម្រាក​ព្យាបាល​អ្នក​ជំងឺ​កូវីដ​ ១៩ ​កម្រិត​ស្រាល​ផងដែរ​»​។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា-កម្មករ (CUMW) លោក​ ប៉ាវ ស៊ីណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ផែនការ​របស់​រដ្ឋបាល​រាជធានី-ភ្នំពេញ​ល្អ ប៉ុន្តែ​ពិបាក​អនុវត្ត​នៅពេល​​ដែល​មិនមាន​ច្បាប់​ត្រឹមត្រូវ​។

លោក​ថា ការលើក​ទឹកចិត្ត​ក្នុង​ការដឹកជញ្ជូន​ ដើម្បី​កាត់បន្ថយ​ចំនួន​កម្មករ​ឱ្យបាន​ពាក់កណ្តាល​នឹង​មិន​ដំណើរការ​ទេ ព្រោះ​វា​តម្រូវ​ឱ្យ​កម្មករ​បង់ប្រាក់​បន្ថែម​ទៀត​នៅពេល​ពួកគេ​ទទួលបាន​ត្រឹមតែ​ ៧ ​ដុល្លារ​សម្រាប់​ការដឹកជញ្ជូន​ពី​និយោជក​របស់​ពួកគេ​ក្នុង​ ១ ​ខែ​។

លោក​បាន​ប្រាប់ថា​៖ «​រោងចក្រ​បាន​​ផ្តល់ប្រាក់​ឈ្នួល​ ៧ ​ដុល្លារ​ដល់​កម្មករ​រួចហើយ​សម្រាប់​ការធ្វើដំណើរ និង​កន្លែង​ស្នាក់នៅ​ដូច​មានចែង​ក្នុង​ច្បាប់​។

ដូច្នេះ​រោងចក្រ​មិនមាន​កាតព្វកិច្ច​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​លើ​បញ្ហា​នេះ​ទេ​។ ខ្ញុំ​គិតថា​វា​មិន​ដំណើរការ​ទេ​»​។

លោក ប៉ាវ ស៊ីណា បាន​បញ្ជាក់ថា៖ «​ប្រសិនបើ​យើង​ណែនាំ​ថា​រោងចក្រ​គួរតែ​ធ្វើ​ដូចនេះ​ ឬ​នោះ​ពួកគេ​នឹងមិន​ធ្វើ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​មានចែង​ក្នុង​ច្បាប់​រោងចក្រ​នឹង​អនុវត្តតាម​»​។

គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១ នៅ​រាជធានី​ភ្នំពេញ​រោងចក្រ​វិនិយោគ​មាន​ចំនួន ៧៤៦ ​មូលដ្ឋាន និង​ឧស្សាហកម្ម​ខ្នាតតូច-សិប្បកម្ម​មាន​ចំនួន ៤ ៩៨៥ ​មូលដ្ឋាន​បាន​បង្កើត​ការងារ​ដោយផ្ទាល់ ចំនួន ៤៧៦ ៣៥៩ ​នាក់ និង​ដោយ​ប្រយោល​ជាច្រើន​សែន​នាក់​ផ្សេងទៀត ហើយ​អនុគណៈ​កម្មាធិការ​វិនិយោគ រាជធានី​ភ្នំពេញ​បាន​ចុះបញ្ជី​ស្ថាពរ​ជូន​រោងចក្រ​វិនិយោគ​ចំនួន ៣៤ ​មូលដ្ឋាន បន្ថែមទៀត​។

ដោយឡែក​រដ្ឋបាល​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​នៅ​ល្ងាច​ថ្ងៃទី​ ១៥ ​ខែមិថុនា​បាន​សម្រេច​បិទខ្ទប់​ទីតាំង​ផ្សារណាត់​ជា​បណ្តោះអាសន្ន​ ក្រោយ​មាន​ការរកឃើញ​អាជីវករ​ម្នាក់​ជាជាង​កាត់ដេរ​វិជ្ជមាន​កូវីដ​ ១៩​។

លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង​បាន​អំពាវនាវ​ឱ្យ​អាជីវករ​ដែលមាន​ការប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ត្រូវ​ទៅយក​សំណាក​តេស្ត ហើយ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ​នឹង​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩៕

វីដេអូ៖