ព្រះសីហនុៈ នគរបាល​ក្រុង-ខេត្ត​ព្រះសីហនុ​នឹង​បញ្ជូន​បុរស​សង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​ ១៧ មិថុនា​នេះ បន្ទាប់ពី​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល ហើយ​ដើរ​ទារលុយ​ពី​អ្នកលក់ដូរ នៅតាម​ដងផ្លូវ​ប្រព្រឹត្ត​នៅ​ក្រុមទី​ ១២ ភូមិ​ ២ សង្កាត់​លេខ​ ២ ក្រុង-ខេត្ត ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៤ ខែមិថុនា​។

លោក តី វិសាល អធិការនគរបាល​ក្រុងព្រះសីហនុ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៦ ​មិថុនា​ថា ជនសង្ស័យ​ឈ្មោះ ភាង កុសល ភេទ​ប្រុស អាយុ​ ៤០ ​ឆ្នាំ ធ្វើជា​សន្តិសុខ​នៅក្នុង​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​មួយ និង​ស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​ក្រុមហ៊ុន​សន្តិសុខ​។

នៅ​ថ្ងៃទី​ ១៦ ខែមិថុនា សមត្ថកិច្ច​នៅ​កំពុង​សាកសួរ​ជនសង្ស័យ​ម្នាក់នេះ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជននេះ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។

លោក​បន្តថា បើទោះបីជា​ជនសង្ស័យ​ម្នាក់នេះ​ប្រព្រឹត្ត​បទល្មើស ហើយ​និង​មាន​សំណុំរឿង​ក្នុង​បទល្មើស​រួចស្រេច​ទៅហើយ​ក្តី តែ​ដោយ​ទទួល​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ អំពី​ចំណាត់ការ​វិធាន​សុខាភិបាល​ផងនោះ ដូច្នេះ​សមត្ថកិច្ច​ត្រូវតែ​អនុវត្តតាម​វិធាន​ក្រសួង​សុខាភិបាល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

ហេតុនេះហើយ ទើប​នៅ​ថ្ងៃទី​ ១៦ ​ខែ​មិថុនា សមត្ថកិច្ច​បាន​អញ្ជើញ​ក្រុមគ្រូពេទ្យ ដើម្បី​មក​យក​សំណាក​ពី​ជនសង្ស័យ​ទៅ​ពិនិត្យ​មើល​ទៀត ដើម្បី​រក​មេរោគ​កូវីដ​ ១៩​។

លោក​វិសាល​បញ្ជាក់ថា​៖ «​ឥឡូវនេះ​ជនសង្ស័យ យើង​កំពុង​ធ្វើ​នីតិវិធី​នៅ​កន្លែង​យើង​ព្រោះ​យើង​ត្រូវយក​សំណាក​ពី​ជនសង្ស័យ ដើម្បី​រក​មេរោគ​កូវីដ​ ១៩​។ បើ​គ្រូពេទ្យ​ពិនិត្យ​សំណាក​អត់​ឃើញ​ទេ យើង​បញ្ជូន​គាត់​ទៅ​តុលាការ បើ​គ្រូពេទ្យ​រកឃើញ​មេរោគ យើង​យក​គាត់​ទៅធ្វើ​ចត្តាឡីស័ក​»​។

លោក​បាន​រៀបរាប់ថា ពេល​សមត្ថកិច្ច​កំពុង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​អ្នកលក់ដូរ​នៅតាម​ផ្លូវ ស្រាប់តែ​អ្នកលក់ដូរ​ទាំងនោះ​ប្រាប់ថា ពួកគាត់​បាន​បង់លុយ​ឱ្យ​នគរបាល​រួចហើយ តែ​មិនដឹង​សមត្ថកិច្ច​ខាង​ណា​ទេ ដែល​បុរស​នោះ​មាន​ពាក់​ឯកសណ្ឋាន​នគរបាល ចុះ​ហេតុអ្វី​បានជា​សមត្ថកិច្ច​មក​បង្គាប់​ឱ្យ​គាត់​រើចេញ​ពី​កន្លែង​ដែល​គាត់​ឱ្យ​លុយ​រួចហើយនោះ​ទៀត​។

លោក​បាន​បន្តថា ដោយសារ​បញ្ហា​នេះហើយ​ទើប​ធ្វើឱ្យ​កម្លាំង​សមត្ថកិច្ច​របស់លោក ចាប់ផ្តើម​សង្ស័យ​ហើយក៏​ធ្វើការ​ស្រាវជ្រាវ ទើប​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃទី​ ១៤ ខែមិថុនា​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយថា រូបគាត់​ពិតជា​បាន​ដើរ​យកលុយ​ពី​អ្នកលក់ដូរ​នៅតាម​ផ្លូវ​ពិតប្រាកដ​មែន គឺ​យក​ក្នុង​ ១ ​ថ្ងៃ​ពី​ ១៥ ០០០ ​ទៅ​ ២ ​ម៉ឺន​រៀល និង​បាន​យកតែ​ពី​ ៦ ​ទៅ​ ៧ ​កន្លែង​ប៉ុណ្ណោះ​។

នេះ​មិនមែន​ជា​លើក​ទី​១ ​នោះទេ​ដែល​ជនសង្ស័យ​រូបនេះ​បាន​ក្លែងខ្លួន​ធ្វើជា​នគរបាល ដើរ​យកលុយ​ពី​អ្នកលក់ដូរ​។ កាលពី​ថ្ងៃទី​ ២៥ ខែ ឧសភា ឆ្នាំ​ ២០២១ ជន​ម្នាក់នេះ​បាន​ស្លៀកពាក់​ឯកសណ្ឋាន​បន្លំ​ធ្វើជា​នគរបាល ដើរ​យកលុយ​ភាស៊ី​នៅ​ផ្សារ​ពាណិជ្ជកម្ម​។

ប៉ុន្តែ​ត្រូវបាន​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ ឃាត់ខ្លួន​នាំយកមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​ធ្វើការ​អប់រំ និង​ចុះកិច្ចសន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​បន្លំ​ធ្វើ​ជា​នគរបាល​ម្តង​រួចមកហើយ តែ​នៅតែ​មិនព្រម​រាងចាល ដូច្នេះ​ពេលនេះ​ទើបត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តែម្តង​៕