ភ្នំពេញៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេចថ្មីមួយស្តីពីសមាសភាព និងការរៀបចំនិងការ ប្រព្រឹត្តទៅនៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឹកូវីដ ១៩ ដែលកំពុងមានការរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីសម្រេច លេខ ៦៩ សសរ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២១ នេះបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ (គ.អ.ក) មានសមាសភាពចំនួន ៣៥ រូប មកពីក្រសួងស្ថានប័នជាតិសំខាន់ៗនានារបស់ជាតិ ដោយមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាប្រធាន និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានអចិន្ត្រៃយ៍។

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មានតួនាទីក្នុងការអនុវត្តភារកិច្ចតាមអនុក្រឹត្យលេខ ៨៥ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមិថុនា ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩។

តាមប្រការ ២ នៃសេចក្តីសម្រេចនេះ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មានគណៈប្រតិបត្តិមួយដែលជាយន្តការដឹកនាំនិងសម្របសម្រួលការងារប្រចាំថ្ងៃទាក់ទងនឹងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ របស់ គ.អ.ក និងសម្របសម្រួលការអនុវត្តវិធានការប្រយុទ្ធនឹងជំងឹកូវីដ ១៩ របស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ ១៩៕