ភ្នំពេញៈ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែនជ័យ​សម្រេច​ផ្អាក​ដំណើរការ​ជាបណ្ដោះ​អាសន្ន ​ចំពោះ​ផ្សារ​មិន​រៀបរយ​ គឺ​ផ្សារ​ត្រពាំង​ល្វា ​ស្ថិតនៅ​ភូមិ​ត្រពាំង​ល្វា១​ សង្កាត់​កាកាបទី១​ រាជធានី​ភ្នំពេញ ​រយៈពេល​ ១៤ ថ្ងៃ ​ដោយ​គិត​ចាប់ពី​ម៉ោង​សូន្យ ​នាទី ​ថ្ងៃទី ១៧ ​ខែមិថុនា ​រហូតដល់​ ថ្ងៃទី ៣០ ​ខែ មិថុនា​ ឆ្នាំ ២០២១ ​បន្ទាប់ពី​មាន​អាជីវករ ​និង​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ឆ្លង​ជំងឺ​កូវីដ ១៩។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​នៅ​ថ្ងៃទី ១៧ ​ខែមិថុនា ​នេះ ​បញ្ជាក់ថា ​អាស្រ័យ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​មាន​បងប្អូន​អាជីវករ ​និង​ប្រជាពលរដ្ឋ ​បាន​ឆ្លង​វីរុស​កូវីដ ១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០​ កុម្ភៈ ​២០២១។ ស្ថានភាព​នេះ ​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ​គួរឲ្យ​ព្រួយបារម្ភ ​និង​ចាំបាច់​ត្រូវមាន​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ជាបន្ទាន់។

សេចក្តី​ជូនដំណឹង​បន្តថា ​ចំពោះ​មុខ ​រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ ​សូម​ផ្អាក​ដំណើរការ ​ជាបណ្តោះ​អាសន្ន ​ផ្សារ​មិន​រៀបរយ ​(ផ្សារ​ត្រពាំង​ល្វា)​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា ១ ​សង្កាត់​កាកាប​ទី១ ​ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ ​រយៈពេល ​១៤ ថ្ងៃ ​ដោយ​គិត​ចាប់ពី​ម៉ោង​សូន្យ​នាទី ​ថ្ងៃទី ១៧ ​ខែមិថុនា ​រហូត​ដល់ ​ថ្ងៃទី ៣០ ​ខែ មិថុនា ​ឆ្នាំ២០២១ ​ដើម្បី​បង្ការ ​និង​ទប់ស្កាត់​ការឆ្លង​រីករាល​ដាល​វីរុស​កូវីដ ១៩ ​ទៅដល់​បងប្អូន​អាជីវករ​ អតិ​ថិជន ​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ចេញ​-ចូល​ក្នុង​ទីតាំង​ផ្សារ​ខាង​លើ។

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែនជ័យ ​មានក្តី​សង្ឃឹម​ជឿជាក់​ថា ​បងប្អូន​ប្រជាពលរដ្ឋ ​និង​សាធារណជន ​ជាពិសេស​អាជីវករ​ទាំងអស់ ​ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅ​ផ្សារ​មិន​រៀបរយ ​(ផ្សារ​ត្រពាំង​ល្វា) ​មាន​ការយោគយល់ ​អធ្យាស្រ័យ ​និង​ចូលរួម​អនុវត្ត​សេចក្តី​ជូនដំណឹង​នេះ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់៕