The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ផ្តល់​ថវិកា​ដល់​សហគមន៍​នេសាទ​ ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល

រដ្ឋាភិបាល​ផ្តល់​ថវិកា​ដល់​សហគមន៍​នេសាទ​ ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល

Content image - Phnom Penh Post
ទូកនេសាទ​នៅលើ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​បាត់ដំបង​កាលពី​ឆ្នាំ​ ២០១៧​។ ហុង មិនា

រដ្ឋាភិបាល​ផ្តល់​ថវិកា​ដល់​សហគមន៍​នេសាទ​ ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល

ភ្នំពេញៈ រាជរដ្ឋាភិបាល​បន្ត​ផ្តល់​ថវិកា​ជួយ​ដល់​សហគមន៍​នេសាទ​ចំនួន ១៥០ ​សហគមន៍​បន្ថែមទៀត ដោយ​ក្នុង​ ១ ​សហគមន៍​ទទួលបាន​ថវិកា ៤ ​លាន​រៀល សម្រាប់​បម្រើ​ការងារ គ្រប់គ្រង​សហគមន៍ និង​គ្រប់គ្រង​ធនធាន​ជលផល ការពារ​ព្រៃ​លិចទឹក ការល្បាត​យាមកាម​នៅ​កន្លែង​អភិរក្ស និង​រៀបចំ​ផែនការ​គ្រប់គ្រង​។

លោក អ៊ាង ណាំ ប្រធាន​សហគមន៍​នេសាទ​បឹងបេ​ ៦ ស្រុក​កងមាស ខេត្ត​កំពង់ចាម ថ្លែងថា លោក​ទើប​ទទួល​បាន​ដំណឹង​ថា ក្នុង​ឆ្នាំ​ ២០២១ ​នេះ សហគន៍​នេសាទ​របស់លោក​នឹង​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន​ ៤ ​លាន​រៀល​ទៀត សម្រាប់​កិច្ចការងារ​អភិរក្ស​ធនធាន​ជលផល​។

យ៉ាងណាក្តី មកដល់​រសៀល​ថ្ងៃទី​ ១៥ ខែមិថុនា សហគមន៍​របស់លោក​នៅ​មិនទាន់​បានទទួល​សាច់ប្រាក់​នៅឡើយ ប៉ុន្តែ​រដ្ឋបាល​ជលផល​បាន​ជូនដំណឹង​មកដល់​សហគមន៍​លោក​រួចហើយ​។

បើតាម​លោក អ៊ាង ណាំ ថវិកា​ដែល​រដ្ឋាភិបាល​ផ្តល់​ឱ្យ​នេះ គឺ​សម្រាប់​កិច្ចការពារ​អភិរក្ស​ជលផល​ក្នុង​នោះ​សហគមន៍​មាន​ការងារ​ជាច្រើន​ត្រូវធ្វើ ប៉ុន្តែ​ដោយសារ​បញ្ហា​កូវីដ​ ១៩ ទើប​មិន​អាចធ្វើ​សកម្មភាព​ច្រើន​បាន​មាន​តែ​ការចុះ​ល្បាត​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​ទើបតែ​ផ្តល់ឱ្យ​រយៈពេល​ ២ ​ឆ្នាំ គឺ​ឆ្នាំមុន និង​ឆ្នាំ​ ២០២១ ​នេះ អ៊ីចឹង​ឆ្នាំមុន​យើង​បាន​ល្បាត ដាក់​សម្រាស់ និង​ទិញ​សម្ភារ​ល្បាត មាន​អាវ​ភ្លៀង មាន​ពិល ស្បែកជើង អាវ​ពោង និង​ធ្វើ​បង្គោលព្រំ​អី​ផ្សេងៗ​។ តែ​ដល់​ឆ្នាំនេះ​សម្ភារ​យើង​មាន​ហើយ យើង​នៅតែ​ល្បាត និង​កិលមង​អភិរក្ស​តែប៉ុណ្ណោះ​»​។

លោក អ៊ាង ណាំ បន្ត​ថា ពេលវេលា​ដែល​ត្រូវ​ធ្វើការ​ល្បាត​ភាគច្រើន​គឺ​នៅ​រដូវ​មាន​ទឹក ព្រោះ​តំបន់​នេះ​មាន​ ៦ ​ខែ​គោក និង​ ៦ ​ខែ​មានទឹក​។ បើសិនជា​មិនមាន​បញ្ហា​កូវីដ​សហគមន៍​អាច​ធ្វើការ​ប្រជុំ​ប្រចាំខែ​ និង​ប្រជុំ​ផ្សព្វផ្សាយ​ផ្សេងៗ​ច្រើន ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​យល់ដឹង និង​ចូលរួម​កិច្ចការពារ​ធនធាន​ជលផល​។

លោក​ថ្លែងថា​៖ «​ពេល​ចាប់ពី​មានទឹក​ចូលដល់​គឺ​យើង​មាន​កិច្ចសហការ​គ្នា​ជាមួយ​មន្ត្រី​រដ្ឋបាល​ជលផល​រាល់​ខែ ដើម្បី​ចុះ​ល្បាត​បង្ក្រាប​បទល្មើស​។ ដោយឡែក​ក្នុង​គម្រោង​ហ្នឹង ខាង​រដ្ឋបាល​ជលផល​ក៏​គេ​ចុះមក​ផ្សព្វផ្សាយ ណែនាំ និង​ធ្វើ​ផែនការ​ឱ្យ​យើង​ផងដែរ​»​។

ភ្នំពេញ​ ប៉ុស្តិ៍ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​បានទេ នៅ​ថ្ងៃទី​ ១៥ ខែមិថុនា ប៉ុន្តែ​បើតាម​ការផ្សាយ​របស់​ក្រសួង​ព័ត៌មាន​បាន​ដកស្រង់​សម្តី​លោក ហុង ហ៊ី ប្រធាន​នាយកដ្ឋាន​កិច្ចការរដ្ឋបាល​ និង​នីតិកម្ម​នៃ​រដ្ឋបាល​ជលផល​ឱ្យ​ដឹងថា គម្រោង​លើកកម្ពស់​ការចិញ្ចឹម​ត្រី​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប​មាន​សារៈសំខាន់​ណាស់ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​កាន់តែ​សកម្ម​ក្នុង​ការអភិរក្ស​តំបន់​ត្រី​មេពូជ​ឱ្យ​កាន់តែ​ប្រសើរ​ក្លាយជា​តំបន់​ដែលមាន​សក្តានុពល​ផ្នែក​ធនធាន​ធម្មជាតិ និង​ធនធាន​មច្ឆជាតិ សម្រាប់​បម្រើ​ដល់​ការហូបចុក​របស់​ពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការរៀបចំ​សហគមន៍​ឆ្នាំនេះ រដ្ឋបាល​ជលផល​បាន​ជំនួយ​ថវិកា​តាមរយៈ​គម្រោង EU របស់​រាជរដ្ឋាភិបាល គឺ​បាន​ឧបត្ថម្ភ ដោយ​តាម​អនុសាសន៍​របស់​សម្តេច តេជោ កាលពី​ឆ្នាំ​កន្លងទៅ គឺ​ជួយឧបត្ថម្ភ​ ៤ ​លាន​រៀល​ក្នុង​ ១ ​សហគមន៍​នេសាទ​។ សហគមន៍​យើង​យក​ថវិកា​នេះ បម្រើ​ការងារ​គ្រប់គ្រង​សហគមន៍ ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល​ផ្អែក​ទៅ​លើ​សកម្មភាព​របស់​ពួកគាត់ ដូចជា​ការបង្ក្រាប​បទល្មើស​ជលផល និង​ការពារ​ព្រៃ​លិច​ទឹក​ការល្បាត​យាមកាម​នៅ​កន្លែង​អភិរក្ស និង​រៀបចំ​ផែនការ​គ្រប់គ្រង​»​។

បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​សហគមន៍​នេសាទ​ចំនួន ៥១៦ ​សហគមន៍​។ កាលពី​ឆ្នាំមុន រាជរដ្ឋាភិបាល​បានផ្តល់​ថវិកា​ដល់ ១០០ ​សហគមន៍​នេសាទ ដែល​ក្នុងនោះ​ ១ ​សហគមន៍​ទទួលបាន​ថវិកា​ចំនួន ៤ ​លាន​រៀល ខណៈ​ឆ្នាំនេះ​បន្ត​ជួយ​ទៅដល់ ១៥០ សហគមន៍​នេសាទ​បន្ថែមទៀត​។

អ្នកស្រី​ កែវ យ៉ាដា អ្នក​ចិញ្ចឹម​ត្រី​នៅ​ខេត្តសៀមរាប​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៥ ​ខែមិថុនា​ថា ការជួយ​របស់​រដ្ឋាភិបាល​មកលើ​វិស័យ​ជលផល ប្រជាជន​ពិតជា​មានការ​ត្រេកអរ​រីករាយ ប៉ុន្តែ​ការដែល​ប្រជាជន​ចិញ្ចឹម​ត្រី​ហើយ​លក់​មិន​ចេញ ឬ​ខាតបង់ អាច​បណ្តាល​មកពី​ការនាំចូល​ត្រី​ពី​ក្រៅ​ប្រទេស​។

អ្នកស្រី​ថ្លែងថា​៖ «​ពួកខ្ញុំ​មិនបាន​ទាមទារ​ឱ្យ​បិទ​ការ​នាំចូល​ត្រី​អី​ទេ តែបើ​សិន​​ផលិតផល​ណា ដែល​យើង​ផលិត​មិនបាន​អាហ្នឹង​យើង​ត្រូវ​នាំចូល​វា​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​បើសិន​ជា​យើង​ផលិត​បាន​ហើយ គួរតែ​គាំទ្រ​ផលិតផល​យើង ជួយ​ទំនុកបម្រុង ធ្វើ​ម៉េច​ឱ្យ​យើង​អាច​លក់​ជូន​ទៅ​ប្រជាជន​បរិភោគ​បាន​នូវ​ផល​ដែល​ខំ​ធ្វើ​ដោយ​ខ្លួនឯង​» ៕

អត្ថបទគួរចាប់អារម្មណ៍