The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ADB ​ប្រកាស​ដាក់​ឯកសារ​ឌីជីថល​ក្នុង​បណ្ណាល័យ​អនឡាញ​របស់​ CDRI




ADB ​ប្រកាស​ដាក់​ឯកសារ​ឌីជីថល​ក្នុង​បណ្ណាល័យ​អនឡាញ​របស់​ CDRI

Content image - Phnom Penh Post
ADB ​ប្រកាស​ដាក់​ឯកសារ​ឌីជីថល​ក្នុង​បណ្ណាល័យ​អនឡាញ​របស់​ CDRI ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​ឯកសារ គោលនយោបាយ ទីផ្សារ​ និង​បច្ចេកវិទ្យា ក្នុង​រយៈពេល​ជាង​ ៥០ ​ឆ្នាំ។ ហ៊ាន រង្សី

ADB ​ប្រកាស​ដាក់​ឯកសារ​ឌីជីថល​ក្នុង​បណ្ណាល័យ​អនឡាញ​របស់​ CDRI

ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កាលពី​ម្សិលមិញ​ប្រកាស​ដាក់បញ្ចូល​ឯកសារ​បោះពុម្ពផ្សាយ​ក្នុង​ទម្រង់​ឌីជីថល​ទៅក្នុង​បណ្ណាល័យ​អនឡាញ​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​ឯកសារ គោលនយោបាយ ទីផ្សារ​ និង​បច្ចេកវិទ្យា ក្នុង​រយៈពេល​ជាង​ ៥០ ​ឆ្នាំ ​ស្ដីពី​ដំណើរ​ឆ្ពោះទៅកាន់​វិបុលភាព​របស់​អាស៊ី​។

ADB ក៏​រំពឹង​ដែរ​ថា រៀងរាល់​ត្រីមាស​នឹង​ចែករំលែក​ការបោះពុម្ព​ផ្សព្វផ្សាយ​ចំនួន​ ៥០ រួមមាន​ឯកសារ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកជញ្ជូន ពាណិជ្ជកម្ម បរិស្ថាន​ និង​ធនធាន​ធម្មជាតិ ការអប់រំ យេនឌ័រ កសិកម្ម​ និង​ភាពច្នៃប្រឌិត​។

ADB បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ១៦ ខែមិថុនា​ថា​៖ «​នៅ​ប្រទេស​កម្ពុជា CDRI គឺជា​មជ្ឈមណ្ឌល​ចំណេះដឹង​ដំបូង​គេ​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ដៃគូ​សម្រាប់​បណ្ណាល័យ​បញ្ញើ​ផ្លូវការ​នៃ​កម្មវិធី​បណ្ណាល័យ​បញ្ញើ​របស់ ADB​។

ប្រទេស​កម្ពុជា ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៥ នៅ​ទូទាំង​ទ្វីបអាស៊ី និង​ប៉ាស៊ីហ្វិក​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​កម្មវិធី​នេះ​ក្នុង​បំណង​លើកកម្ពស់​ចំណេះដឹង និង​ភាពច្នៃប្រឌិត​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ការងារ​អភិវឌ្ឍ​ប្រទេស​»​។

នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ ADB លោកស្រី SunniyaDurrani-Jamal បាន​ថ្លែងថា ប្រតិបត្តិការ​របស់​ ADB មាន​លើសពី​ការផ្តល់​ជំនួយ​ហិរញ្ញប្បទាន ដោយ​រួមបញ្ចូល​នូវ​ការផ្តល់​នូវ​ចំណេះដឹង​សម្រាប់​ដំណោះស្រាយ​ដែល​ជា​មធ្យោបាយ​ល្អ​បំផុត​ ដើម្បី​ធានា​កំណើន និង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​។

លោកស្រី​ថ្លែងថា​៖ «​តួនាទី​នេះ​កាន់តែ​មាន​សារៈសំខាន់​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​ កំពុង​ងើប​ចេញពី​វិបត្តិ​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច ដែល​បណ្តាល​មកពី​កូវីដ​ ១៩»​។

កិច្ចសហការ​ជា​ដៃគូ​សម្រាប់​បណ្ណាល័យ​បញ្ញើ​អនឡាញ​នេះដែរ ADB និង CDRI ក៏បាន​ផ្សព្វផ្សាយ​អំពី​សៀវភៅ​ថ្មី​មួយ​ស្តីអំពី​ «​ដំណើរ​ឆ្ពោះ​ទៅ​កាន់​វិបុលភាព​របស់​អាស៊ី គោលនយោបាយ​ទីផ្សារ​ និង​បច្ចេកវិទ្យា​ក្នុង​រយៈពេល​ជាង​ ៥០ ​ឆ្នាំ​។

សៀវភៅ​នេះ​បកស្រាយ​ទិដ្ឋភាព​ទូទៅ​នៃ​ការលូតលាស់​ និង​ការផ្លាស់ប្តូរ​នៅ​អាស៊ី​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​ចុងក្រោយ ព្រមទាំង​ពិភាក្សា​មេរៀន​គោលនយោបាយ​សំខាន់ៗ​ទាញ​ចេញពី​បទពិសោធ​ក្នុង​តំបន់​។

លោកស្រី អេង នេត្រា នាយក​ប្រតិបត្តិ​ស្តីទី CDRI ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៦ ខែមិថុនា​ថា​៖ «[​នេះ​] គ្រាន់តែ​ជាការ Launch សៀវភៅ​មួយ​ដើម្បី bring public attention ឱ្យមក​ប្រើ​ Library»​។

លោកស្រី​បន្តថា​៖ «​រហូតមកដល់​ពេលនេះ CDRI បាន​បញ្ចូល​ឯកសារ​ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​ ADB ​ចំនួន​ជាង ១ ​ពាន់​ឯកសារ ហើយ​ទៅក្នុង​បណ្ណាល័យ​អនឡាញ​របស់​យើង​ដែល​អាច​ចូលទៅ​មើល​បាន​នៅ library.cdri.org.kh ​ដោយ​មិន​គិតថ្លៃ សម្រាប់​សាធារណៈ​ទូទៅ​អ្នកសិក្សា​ស្រាវជ្រាវ ក្រុម​អ្នកជំនាញ​ស្ថាប័ន​នានា​រួមមាន​ភ្នាក់ងារ​រាជរដ្ឋាភិបាល វិស័យ​ឯកជន​ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

ADB កំពុង​អនុវត្ត​គម្រោង​វិនិយោគ​ដែលមាន​ទឹកប្រាក់​ជាង​ ២ ​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា តាមរយៈ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​ឆ្នាំ ២០១៩-២០២៣ ដោយមាន​បញ្ចូល​កម្មវិធី​ជំនួយ​បច្ចេកទេស​ និង​ចំណេះដឹង​ដ៏ទូលំទូលាយ​។

នៅ​ឆ្នាំ​ ២០២១ ADB គ្រោង​នឹង​បោះផ្សាយ​ឯកសារ​ចំណេះដឹង​ចំនួន​ ២៧ និង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ចំនួន ១១ បន្ថែមទៀត រួមទាំង​ឯកសារ​ និង​កម្មវិធី​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការងើបឡើង​វិញ​របស់​ប្រទេស​កម្ពុជា​ពី​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩៕

អត្ថបទគួរចាប់អារម្មណ៍