
អាជ្ញាធរស្រុកវាលវែងចុះដាំកូនឈើ កាលពីថ្ងៃទី ១៥ មិថុនា។ រូបថត ហ្វេសប៊ុក
ពោធិ៍សាត់ៈ អាជ្ញាធរខេត្តពោធិ៍សាត់កំពុងរៀបចំរបាយការណ៍ ដើម្បីដាក់ជូនថ្នាក់ជាតិស្នើសុំជួយអន្តរាគមន៍ដោះស្រាយបញ្ហាកាប់ទន្ទ្រានដីព្រៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលមានរាប់រយទីតាំង ដែលអាជ្ញាធរខេត្តមិនមានលទ្ធភាពអាចទ្រទ្រង់ និងបង្ក្រាបបាន។ មន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រចំពោះទង្វើនេះ ហើយសង្ឃឹមថា ថ្នាក់ជាតិអាចវែកមុខអ្នកនៅពីក្រោយខ្នងបាន។
លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ថ្លែងពីម្សិលមិញថា ការកាប់រានទន្ទ្រានក្នុងឧទ្យានជាតិជួរភ្នំក្រវាញមានរាប់រយគោលដៅ ដែលកម្លាំងអាជ្ញាធរថ្នាក់ក្រោមជាតិមិនអាចទប់ទល់ឈ្នះ ហេតុនេះទើបលោកធ្វើរបាយការណ៍ដាក់ជូនទៅថ្នាក់ជាតិ ដើម្បីសុំការអន្តរាគមន៍។
លោកថ្លែងថា៖ «យើងត្រូវការកម្លាំង ប្រើសម្ភារមធ្យោបាយ ថវិកា គ្រប់ជ្រុងជ្រោយ។ កញ្ចប់ថវិការបស់រដ្ឋបាលខេត្តមិនអាចទ្រទ្រង់បានទេ បើរវល់យកមកធ្វើអាហ្នឹង ចុះចរន្តការងាររដ្ឋបាលសាលាខេត្តបានអី? អ៊ីចឹងបានវាហួសសមត្ថភាពរបស់ថ្នាក់ក្រោមជាតិ ទើបយើងត្រូវធ្វើរបាយការណ៍ជូនទៅថ្នាក់ជាតិ ដើម្បីលោកពិចារណាផ្តល់អនុសាសន៍ ឬក៏ត្រូវធ្វើយ៉ាងម៉េចបន្តទៀត»។
លោកអភិបាលរងខេត្តថ្លែងថា ថ្នាក់ក្រោមជាតិកំពុងធ្វើការងារជាបន្តបន្ទាប់ ក្នុងការចុះអប់រំណែនាំផ្សព្វផ្សាយឱ្យពលរដ្ឋមានការយល់ដឹង និងចូលរួមក្នុងកិច្ចការពារតំបន់អភិរក្សធនធានធម្មជាតិជួរភ្នំក្រវាញកណ្តាល។ ក្នុងនោះក៏បានធ្វើការដកហូតដីព្រៃត្រឡប់មកវិញ ព្រមទាំងនាំយកដើមឈើទៅដាំលើខ្នងភ្នំ ដើម្បីស្តារឡើងវិញផងដែរ។
លោកថ្លែងថា៖ «យើងគ្រោងដាំជាង ១ ម៉ឺនដើម ប៉ុន្តែទើបតែដាំបានជាង ១ ពាន់ដើមទេ ដោយសារបញ្ហាអាកាសធាតុភ្លៀងផង ក្តៅផងមានការពិបាកក្នុងការឡើងភ្នំទៅដាំ។ នៅលើខ្នងភ្នំយើង ដាំដើមក្ងោក ដើម្បីឱ្យអនាគតមើលទៅឃើញពណ៌ស្រស់ស្អាត ហើយនៅជុំវិញហ្នឹងយើងដាំដើមគ្រញូង និងធ្នង់ ព្រោះតំបន់នោះសម្បូរដើមឈើទាំងហ្នឹង»។
បើតាមលោក ខូយ រីដា នៅថ្ងៃទី ១៦ មិថុនា ក្រុមការងារបានចុះទៅបន្តទៀត ដោយបែងចែកជា ២ ក្រុម ១ ក្រុមចុះអប់រំផ្សព្វផ្សាយនៅតាមខ្នងផ្ទះកុំឱ្យពលរដ្ឋឡើងកាប់វាតទីបន្ថែមទៀត។ ចំណែក ១ ក្រុមទៀតទៅឆ្វៀលដកហូតដី ដែលពលរដ្ឋទន្ទ្រានយកដោយខុសច្បាប់មួយចំនួនមកទុកជាដីបម្រុងរបស់រដ្ឋ។
លោក រីដា បន្តថា តាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋដែលទៅកាប់ព្រៃចាប់ដីបានហើយនោះក្នុង ១ គ្រួសារមានខ្លះ ៣ ទៅ ៥ ហិកតា និងខ្លះទៀតមានដី ៦ ទៅ ៧ ហិកតា។ ប៉ុន្តែពួកគាត់មានមហិច្ឆតាបន្តកាប់បន្ថែមឡើងទៅលើភ្នំទាំងអស់ដែលនៅក្បែរនោះក្នុងគោលបំណងលក់ដូរ។
លោកថ្លែងថា៖ «ផែនគាត់គឺទៅតែអាហ្នឹង គ្មានអីជាកសិកម្មពិតប្រាកដទេ។ បើធ្វើពិតប្រាកដមកដល់ពេលនេះ មិនខ្វះទេដីសម្រាប់ធ្វើកសិកម្មនោះ។ ប៉ុន្តែគោលបំណងគាត់ គឺដាំដំណាំចេញរូបរាងបានហើយ គាត់រកម៉ូយដាក់ហើយគាត់ទៅកន្លែងផ្សេងទៀត»។
លោកថា មិនមែនអាជ្ញាធរមិនអនុវត្តច្បាប់ទេ ប៉ុន្តែអ្នកខ្លះឃាត់មកធ្វើការអប់រំហើយដោះលែងវិញ។ រីឯខ្លះទៀតហួសហេតុពេក បានបញ្ជូនទៅតុលាការដោះស្រាយតាមច្បាប់តាមសភាពជាក់ស្តែង។
លោកថ្លែងថា៖ «ពេលចុះទៅយើងមិនធ្វើបាបប្រជាជនទេ គឺយើងញែកដាច់រវាងប្រជាជន និងជនល្មើស មិនមែនចេះតែធ្វើផ្តេសផ្តាសទេ។ ក្រុមជនល្មើសបានរត់គេចខ្លួនបាត់អស់ហើយ យើងក៏កំពុងស្រាវជ្រាវចាប់យកមកដោះស្រាយតាមច្បាប់ដែរ»។
លោក សំ ចាន់គា អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តពោធិ៍សាត់ថ្លែងពីម្សិលមិញថា ការធ្វើរបស់អាជ្ញាធរជារឿងត្រឹមត្រូវ។ បើសិនជាអ្នកដែលទៅទន្ទ្រាននោះជាអ្នកដែលមានអំណាចខ្លាំងជាងអាជ្ញាធរ អាជ្ញាធរខេត្តគួរតែធ្វើរបាយការណ៍ដាក់ទៅ ថ្នាក់ជាតិ មិនគួរណាបិទបាំងទេ។
លោកថ្លែងថា៖ «បើអាជ្ញាធរខេត្តពោធិ៍សាត់លោកហ៊ានធ្វើរបាយការណ៍ ហ៊ានសុំការអន្តរាគមន៍បែបហ្នឹង ខ្ញុំយល់ថា អាជ្ញាធរថ្នាក់ជាតិលោកនឹងមានវិធានការទប់ស្កាត់ជាមិនខានឡើយ»។
ក្នុងនាមអង្គការសង្គមស៊ីវិល លោក សំ ចាន់គា ស្នើសុំឱ្យមានការស្រាវជ្រាវអ្នកដែលនៅពីក្រោយខ្នងនៃឧក្រិដ្ឋកម្មព្រៃឈើហើយឃាត់ខ្លួនពួកគេមកផ្តន្ទាទោសតាមច្បាប់។ បើមិនដូច្នោះទេនឹងចាប់បានតែប្រជាជនដែលជាអ្នកស៊ីឈ្នួលកាប់ ហើយការចាប់ បែបនោះគឺចាប់មិនអស់ទេ។
លោកថា៖ «ទាល់តែចាប់អ្នកណាដែលនៅពីក្រោយខ្នង ដែលជាអ្នកញុះញង់ឱ្យពលរដ្ឋទៅកាប់ព្រៃចាប់យកដីហ្នឹងឱ្យបាន ហើយវែកមុខអាជ្ញាធរ ឬមន្ត្រីជំនាញខិលខូចមួយចំនួនជួយសម្រួលឱ្យមានការចូលកាប់បំផ្លាញដីព្រៃទាំងអស់ហ្នឹង នាំមកផ្តន្ទាទោសទើបយើងទប់ស្កាត់បាន»៕