ព្រះសីហនុៈ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​ត្រៀម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឹ​កូវីដ ១៩​ លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​ ១៨ ឆ្នាំ​ឡើង​ទៅ ​នៅ​ទូទាំង​ខេត្ត​ចាប់ពី​ថ្ងៃទី ២១ ​ខែមិថុនា ​ខាងមុខ​នេះ​តទៅ។

លោក ​ឃាង ភារម្យ ​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៧​ ខែមិថុនាថា​ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ ១៩​ ទ្រង់​ទ្រាយ​ធំនឹង​ចាប់ផ្តើម​ពី​ថ្ងៃទី ២១ ​ខែមិថុនា។ ប៉ុន្តែ ​សម្រាប់​ទីតាំង​មួយចំនួន​ត្រូវបាន​រៀបចំ​រួចរាល់ ជាពិសេស​នៅក្នុង​ក្រុងព្រះ​សីហនុ​ ដែល​មាន​ទីតាំង​ស្រាប់​បាន​ចាប់ផ្តើម​ដំណើរការ​ចាក់​វាក់សំាង​បង្ការ​កូវីដ ១៩ ​ជូន​ប្រជាពលរដ្ឋ​បណ្តើរៗ ​ចាប់ពី​ថ្ងៃទី ១៧ ​ខែមិថុនា​នេះ​តទៅ។​

លោក​បន្តថា​ ដំណើរការ​នៃ​ការចាក់​វ៉ាក់សំាង​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ​ចាប់ពី​ពេល​នេះ​ទៅ ​គឺ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ ជាមួយ​គ្នានេះ​ ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​ចាក់​វ៉ាក់សាំង ​មាន​សណ្តាប់​ធ្លាប់​រៀបរយ​ល្អ​ ព្រោះ​ដោយសារ​មានការ​សម្រប​សម្រួល ​ពី​អាជ្ញធរ​ពាក់ព័ន្ធ​ ដែល​មាន​ភាពងាយ​ស្រួល​ដល់​មន្ត្រីពេទ្យ ​និង​ការពារ​ពី​ការចម្លង​ថ្មី​នៃ​ជំងឺ​កូវីដ ១៩​ ផង​ដែរ។

លោក ​ភារម្ យ​ថ្លែងថា​៖ «យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​សម្រាប់​ខេត្ត​ព្រះសីហនុ​នេះ ​គឺ​នឹង​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ព្រះសីហនុ ​ដែល​មាន​អាយុ​ចាប់ពី​ ១៨ ឆ្នាំ​ឡើង។ ចាក់​ជូន​កម្មករ ​កម្មរិកនី​រោងចក្រ ​និង​ចាក់​ជូន​ជន​បរទេស ​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំង​អស់»​។

បើ​តាម ​លោក​ ឃាង ភារម្យ ​ព្រឹត្តិការណ៍​សហគមន៍ ​២០ កុម្ភៈ ​បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​អ្នកឆ្លង​ជំងឺ​កូវីដ ១៩ ​ជាង​ ៤ ពាន់​នាក់ ​និង​អ្នក​ដែល​ស្លាប់​មាន​ចំនួន ២២ នាក់។

បើ​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​ដែល​ចុះ​ហត្ថលេខា ​ដោយ​លោក​ គួច ចំរើន ​អភិបាល​ខេត្ត​ព្រះសីហនុ ​កាលពី​ថ្ងៃទី ១៦ ​ខែមិថុនា ​រដ្ឋបាល​ក្រុង​ព្រះសីហនុ ​បានរៀបចំ​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ បានចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ក្រុង​ព្រះសីហនុ ​មាន​ចំនួន​ ៥ ទីតាំង ​ចាប់ពី​ថ្ងៃទី ១៧ ​ខែមិថុនា ​ឆ្នាំ ២០២១ ​តទៅ។

តាម​សេចក្តី​ជូនដំណឹង ​ផ្អែក​តាម​ផែនការ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​នឹង​ត្រូវចាក់​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ដែល​រស់នៅ ​ក្នុង​ក្រុង​ព្រះសីហនុ​ដែល​មាន​អាយុ​ចាប់ពី ​១៨ ឆ្នាំ​ឡើង។ ប៉ុន្តែ​ដើម្បី​រក្សា​នូវ​សណ្តាប់​ធ្នាប់​របៀប​រៀបរយ​ និង​ដើម្បី​បង្ការ ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូវីដ ១៩ ​រដ្ឋបាល​ក្រុង​ព្រះសីហនុ ​បានកំណត់​ចំនួន​ប្រជាពលរដ្ឋ​ជាក់លាក់​ដែល​ត្រូវ​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង​ប្រចាំថ្ងៃ​តាម​ទីតាំង​ទាំង​ ៥ ខាង​លើ។

វីដេអូ៖

លោក​ គួច ចំរើន ​ថ្លែងថា ​មានតែ​ការចាក់​វ៉ាក់សាំង​ទេ ​ដែល​អាច​ជួយ​កាត់បន្ថយ​ការចម្លង​ជំងឺ​កូវីដ ១៩​ បាន។​ ពលរដ្ឋ​ដែល​គ្រប់​អាយុ​អាច​ចាក់​វ៉ាក់​សាំង​កំពុង​រស់នៅ ​និង​ធ្វើ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ ​រួមទាំង​ជនបរទេស​នឹង​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩​ ពី​រដ្ឋាភិបាល​កម្ពុជា។

បើ​តាម​លោក ​គួច ចំរើន ​នៅ​ខេត្ត​ព្រះសីហនុ ​ប្រជាជន​ដែល​មាន​អាយុ​ ១៨ ឆ្នាំ​ឡើង ​មាន​ជាង​ ២០ ម៉ឺន​នាក់​ ហើយ​មួយ​ចំនួន​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ។ តែ​បច្ចុប្បន្ន​នៅ​សល់​ប្រមាណ ​១៩ ម៉ឺន​នាក់​ទៀត​ប៉ុណ្ណោះ ​ដែល​នឹង​ទទួល​បាន​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដែលនឹង​ចាប់ផ្តើម​នៅថ្ងៃ​ទី ២១ ​ខែ មិថុនា ​ឆ្នាំ ២០២១។

លោក​ គួច ចំរើន ​បញ្ជាក់ថា​៖ «ដើម្បី​ចៀសវាង​ការប្រមូល​ផ្តុំគ្នា ​ការ​មក​ចាក់​វ៉ាក់សាំង​នេះ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​បាន​កំណត់​គោលដៅ​ចំនួន​ ១៩ ទីតាំង​ផ្សេង​គ្នា ​សម្រាប់​រៀបចំ​ជាកន្លែង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​ទូទាំង​ខេត្ត។ នៅ​ក្រុង​ព្រះសីហនុ​ ៥ ទីតាំង​ ស្រុក​ព្រៃនប់ ​៥ ទីតាំង​ កំពង់​សីលា ​៤ ទីតាំង​ ក្រុង​កោះរ៉ុង​ ២ ទីតាំង ​និង​ស្រុក​ស្ទឹងហាវ​ ១ ទីតាំង ​និង​មាន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ និង​តំបន់​សេដ្ឋ​កិច្ច​ចឺជាង​ ក្នុង​ស្រុក​ព្រៃនប់​ផង​ដែរ»។

បើ​តាម​លោក ​គួច ចំរើន ​យុទ្ធនាការ​នេះ ​មាន​សមាសភាព​បុគ្គលិក​ពេទ្យ​ចម្រុះ​មកពី​មន្ទីរ​សុខាភិបាល​ខេត្ត​ កងទ័ព​ជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម​ កង​ពល​តូច​លេខ​ ៧០។

ពាក់​ព័ន្ធ​នឹង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ ​នៅ​កម្ពុជា ​លោក ​គិត ម៉េង ​អគ្គនាយក​ក្រុមហ៊ុន ​Royal Group ​នៅ​ថ្ងៃទី ១៧ ​ខែមិថុនា​ បានប្រកាស​បរិច្ចាគ​ថវិកា​ចំនួន​ ៣ លាន​ដុល្លារ ​ជូន​លោក ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា ​សម្រាប់​ការទិញ​ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​កូវីដ ១៩។

ជាមួយ​នឹង​ការឧបត្ថម្ភ​នេះ ​លោក​ គិត ម៉េង ​ថ្លែងថា ​ប្រទេស​កម្ពុជា​ ធ្វើបាន​ល្អ​ក្នុង​ការគ្រប់​គ្រង​ជំងឺ​រាត​ត្បាត​នេះ ​និង​ជាប្រទេស​ឈាន​មុខ​គេ​មួយ​ក្នុង​ការចាក់​វ៉ាក់សាំង។ ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​កូវីដ ១៩​ នឹង​ជួយ​ដល់​ការវាយ​តម្លៃ​យ៉ាង​រហ័ស​នៃ​ការប្រថុយ​នឹង​ហានិភ័យ ​និង​ជួយ​បន្ថែម​ទៀត​ដល់​ការបង្ការ​ការរីករាល​ដាល​ជំងឺ​នេះ៕