ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បង្កើត​ក្រុមការងារ​រៀប​ចំ​​ប្រព័ន្ធ ដើម្បី​បម្រើឱ្យ​រដ្ឋាភិបាល​ឌីជីថល​ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ ក្នុង​គោល​បំណង ដើម្បី​ព​ន្លឿ​ន​របៀបរបប​ធ្វើការងារ​ របស់​ក្រសួង​នេះ ឱ្យ​បាន​លឿន​និង​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន។

ក្រុមការងារ​នេះ​ មាន​សមាសភាព ១៥ នាក់​ ដែលមាន​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការក្រសួង​មហាផ្ទៃជា​ប្រធាន និង​មាន​លេខាធិការដ្ឋាន​មួយ ​ជា​ជំនួយ​ការ ដែល​ដឹកនាំ​ដោយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

លោក សក់ សេដ្ឋា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៧ ខែមិថុនាថា វា​មាន​ផ្នែក​ច្រើន​ ដែល​ពាក់ព័ន្ធ​គ្នា​ក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ។ អ៊ីចឹង ​ក្រុម​ការ​ងារ​​ត្រូវ​រៀបចំ​ជា​ប្រព័ន្ធ​មួយ​ ដើម្បី​ធ្វើយ៉ាងណា​ បម្រើឱ្យ​រដ្ឋាភិបាល​ឌីជីថល​។

លោក​បញ្ជាក់​ថា​៖ «កន្លង​មក​ យើង​ធ្វើ​តាមរបៀប​ក្រដាស​ស្នាម។ អ៊ីចឹង វា​ទាមទារ​ឱ្យមាន​ក្រុមការងារ​ នៅក្នុង​ផ្ទៃ​ក្នុង​ក្រសួង​ ដើម្បី​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព​ ដើម្បី​ឈានទៅដល់​គោលដៅ​ហ្នឹង។ មាន​ន័យ​ថា ចុងក្រោយ យើង​រៀបចំ​ប្រព័ន្ធ​ការងារ​របស់​យើង ​ឱ្យ​វា​ទំនើប​ជឿនលឿន​តាមរបៀប​ជា​អេឡិច​ត្រូ​និក»។

លោក សក់ សេដ្ឋា ថ្លែងថា សព្វថ្ងៃ​ការប្រើប្រាស់​ក្រដាស​ស្នាម​ មាន​ទំហំ​ការងារ​ច្រើន ហើយ​វា​អាចមាន​ការ​យឺត​យ៉ាវ ហើយ​ការ​មាន​រដ្ឋាភិបាល​ឌីជីថល ​មិនមែន​មានន័យថា ការប្រើប្រាស់​ក្រដាស​ស្នាម​ត្រូវបាន​បោះបង់ចោល​នោះទេ។

ក្រដាស​ស្នាម​នៅតែមាន ដោយសារ​ការងារ​លើ​ក្រដាស​ស្នាម និង​តាម​បច្ចេកវិទ្យា​នេះ ​មាន​ទំនាក់ទំនង​នឹង​គ្នា ហើយ​ការទំនាក់ទំនង​របៀប​របប​ធ្វើការ​របស់​រដ្ឋាភិបាល ​នឹងធ្វើ​ឱ្យមាន​ភាពជឿនលឿន នៅពេល​មានការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​នេះ។

លោក​ថ្លែងថា៖ «យើង​មាន​ជាបណ្តើរៗ ហើយ (ប្រព័ន្ធ​អេឡិចត្រូនិក) ប៉ុន្តែ​យើង​ចង់ឱ្យមាន​ជា​ប្រព័ន្ធ​មួយ ដែល​កាន់​តែមាន​ភាពងាយស្រួល កាន់​តែមាន​ប្រសិទ្ធភាព ឧទាហរណ៍​ដូចជា ការបង្កើតឱ្យមាន​វេ​ប​សាយ ឬក៏​ការ​ឆ្លើយ​តប​លើ​បញ្ហាផ្សេងៗរបស់​ប្រជាពលរដ្ឋ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក»។

លោក​បន្តថា ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​ នឹង​ជួយ​ឱ្យ​ការងារ​រ​ក្រសួង​របស់លោក​ បាន​លឿន និង​មាន​ភាពប្រាកដ​ប្រជា ឧទាហរណ៍ ការចុះបញ្ជី​ប្រជាជន​ កាលពីមុន​ត្រូវបានធ្វើ​ដោយ​ក្រដាស​ស្នាម ហើយ​ក្រោយមក​ការចុះបញ្ជី​នេះ​ត្រូវបានធ្វើ​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក។

លោក សក់ សេដ្ឋា ​បញ្ជាក់​ថា៖«អ៊ីចឹង​ហើយ មនុស្ស​ម្នាក់​អាចមាន​ទិន្នន័យ​មួយ​ជាក់លាក់។ វា​អត់​អាច​កែ អត់​អាច​ដោះដូរ​បាន​អ៊ីចឹង»។

យោងតាម​សម្រេច​ស្តីពី​ការបង្កើត​ក្រុមការងារ​រដ្ឋាភិបាល​ឌីជីថល បច្ចេកវិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន របស់​ក្រសួងមហាផ្ទៃ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ១៦ ខែមិថុនា បានឱ្យដឹងថា ក្រុមការងារ​នេះ​ មាន​តួនាទី​គ្រប់គ្រង​គម្រោង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៅតាម​បណ្ដា​អគ្គនាយកដ្ឋាន និង​អង្គភាព​ចំណុះ​ក្រសួង​រៀបចំ​កសាង​ផែនការមេ​ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​ការបណ្ដុះបណ្ដាល​លើកកម្ពស់​សមត្ថភាព​ធ​ន​ធាន​មនុស្ស។

ក្រុមការងារ​នេះ​ មាន​គ្រប់គ្រង​ការធ្វើសមាហរណកម្ម​ត​ភ្ជាប់​រវាង ប្រព័ន្ធ​បច្ចេកវិទ្យា​គម​នា​គន៍ និង​ព័ត៌មាន របស់​ក្រសួងមហាផ្ទៃ ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​បណ្ដា​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​។

ក្រុមការងារ​នេះ ក៏មាន​ភារកិច្ច​គ្រប់គ្រង​ការធ្វើ​បច្ចុប្បន្នភាព វាយតម្លៃ​គុណភាព​ប្រព័ន្ធ និង​សម្ភារបច្ចេកទេស បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឲ្យ​សមស្រប​តាម​ស្ថានភាព​រីកចម្រើន​ នៃ​បច្ចេកវិទ្យា​ពិភពលោក បម្រើ​ដល់​ការងារ​ជំនាញ និង​ការងារ​ផ្ដល់​សេវាសាធារណៈ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

ក្រុមការងារ​នេះ ក៏ត្រូវ​រៀបចំ​គោលនយោបាយ និង​លិខិតបទដ្ឋាន​គតិយុត្ត​ ពាក់ព័ន្ធ​នានា ដើម្បី​ធានា​ដល់​ការងារ​អនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ការងារ​រដ្ឋាភិបាល​ឌីជីថល ពលរដ្ឋ​ឌីជីថល និង​ធុរកិច្ច​ឌីជីថល ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​ផង​ដែរ៕