ភ្នំពេញ/កំពង់ចាមៈ ព្រះសង្ឃ ​និង​អ្នក​ស្នាក់នៅ​ក្នុង​វត្ត​ស្ទឹង​មានជ័យ​ស្ថិត​នៅ​សង្កាត់​ស្ទឹង​មានជ័យ​១ ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ ​ចំនួន​ ៤០ អង្គ​/នាក់​ ត្រូវបាន​ធ្វើ តេស្ត​រកឃើញ​មាន​វិជ្ជមាន​កូវីដ ១៩ ​ក្នុង​ចំណោម​ ព្រះសង្ឃ ​និង​អ្នក​ស្នាក់នៅ​វត្ត​ចំនួន​ជាង ​៣០០ នាក់​ ដែល​ត្រូវបាន​ធ្វើ​តេស្ត ខណៈផ្ទះចំនួន ៥១ ខ្នង នៅខេត្តកំពង់ចាម ត្រូវបានបិទខ្ទប់ ដើម្បីបង្ការការឆ្លងជំងឺកូវីដ ១៩។

ព្រះ​តេជគុណ ​ថៃ ប៊ុនធឿន ​ព្រះចៅ​អធិការ​វត្ត​ស្ទឹង​មានជ័យ ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៧ ​ខែមិថុនា​ នេះ​ ថា​ ក្នុង​ការធ្វើ​តេស្ត​នេះ ​ក៏បាន​ឃើញ​ព្រះសង្ឃ​ចំនួន​២២អង្គ ​ យាយជី​២នាក់​ តាជី ​២ នាក់ ​អ្នកលក់​ដូរ​ក្នុង​វត្ត ៣នាក់ ​ ជាង​សំណង់ ​១ នាក់ ​សិស្ស​ និសិ្សត​ចំនួន៩​នាក់​សរុប​ទាំងអស់ ​៣៩ នាក់ ​មាន​វិជ្ជមាន​កូវីដ ១៩ ​និង​កាលពី​ថ្ងៃទី ១៦ ​ខែមិថុនា ​មាន​ព្រះសង្ឃ​ ១ អង្គ​ទៀត​មាន​វិជ្ជមាន​កូវីដ​ដែរ ​សរុប​ ៤០​ អង្គ​/នាក់។

បើ​តាម ​ព្រះ​តេជ​គុណ ​ថៃ ប៊ុនធឿន ​ ការឆ្លង​នេះ ​បណ្តាលមក​ពី​លោក​តា​អាចារ្យ​អាយុ ​៨៨ ឆ្នាំ​ បានទទួល​មរណភាព​កាលពី​ថ្ងៃទី ១៦​ ខែមិថុនា​ ហើយ​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ ១៩។ ​ប៉ុន្តែ​ព្រះអង្គ ​មិនបាន​ដឹងថា ​តាអាចារ្យ​រូបនេះ​ ឆ្លង​ពី​ណាទេ ​ ព្រោះ​គាត់​បានដើរ​ពិសា​កាហ្វេ និង​គុយទាវ​ នៅ​ខាង​ក្រៅ។

បន្ទាប់​មក​រូបគាត់​ឈឺ ​ដែល​មាន​អាការ​ក្តៅ​ខ្លាំង​តែ​ ១ យប់ ​គាត់​ក៏ដាច់​ខ្យល់​ស្លាប់។ ព្រះអង្គ​ក៏បាន​ហៅ​ពេទ្យ ​មក​ពិនិត្យ ​ក៏​ស្រាប់​តែ​រកឃើញ​កូវីដ ១៩ ហើយ​អាជ្ញាធរ​ក៏បាន​ប្រាប់ថា​ ត្រូវ​ធ្វើ​តេស្ត​ព្រះសង្ឃ ​និង​អ្នក​ស្នាក់នៅ​ក្នុង​វត្ត​ទាំងអស់​ដែល​មាន​ការពាក់​ព័ន្ធ ​ហើយ​ក៏បាន​រក​ឃើញ​វិជ្ជមាន​ជាបន្ត​បន្ទាប់។

ព្រះ​តេជគុណ ​ថៃ ប៊ុនធឿន ​ឱ្យដឹងថា​៖«ស្ថានភាព​វត្ត​នៅ​ពេល​នេះ ​គឺ​ត្រូវបាន​បិទ​ច្រក​ចេញ​ចូល​ទាំង​អស់ ​អត់​ឱ្យ​មាន​ពុទ្ធបរិស័ទ​ណា​មួយ​ចេញ​ចូលទេ ​ដោយសារ​យើង​ការពារ ​កុំឱ្យ​មាន​ការឆ្លង។ ព្រះសង្ឃ ​និង​អ្នក​ស្នាក់នៅ​ក្នុង​វត្ត​ដែល​មាន​វិជ្ជមាន​កូវីដ ១៩ ​សុទ្ធតែ​បាន​ចាក់​វ៉ាក់​សាំង​ដូស​ទី២ ​ទាំង​អស់។ អ៊ីចឹង​ប្រហែល​មិនអី​ទេ»។

ពាក់ព័ន្ធ​នឹង​ការរក​ឃើញ​វិជ្ជមាន​កូវីដ ១៩ ​នេះ​ដែរ ​រដ្ឋបាល​ខេត្ត​កំពង់​ចាម​នៅ​ថ្ងៃទី ១៧ ​ខែមិថុនា​ នេះ​ បានប្រកាស​បិទខ្ទប់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៥១ ខ្នង​ផ្ទះ ​ស្ថិត​នៅ​ភូមិ​ចំនួន​ ២៥ ​ឃុំ​ចំនួន១២ ​ស្ថិត​ក្នុង​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ រយៈពេល​១៤ថ្ងៃ ​ចាប់ពី​ថ្ងៃទី១៦ ​ខែមិថុនា​ រហូត​ដល់ ​ថ្ងៃទី ២៩ ​ខែ មិថុនា ​ឆ្នាំ ២០២១ ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺ​កូវីដ ១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០ ​កុម្ភៈ។

លោក ​ឡោ ចាន់លី ​អភិបាល​ស្រុក​ព្រៃឈរ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៧ ​ខែមិថុនានេះ​ថា ​ចំពោះ​ការបិទខ្ទប់​ខ្នង​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន ៥១ ខ្នង​ផ្ទះ​នេះ ​បន្ទាប់ពី​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូវីដ ១៩​ លើ​កម្មការិនី​ចំនួន​ ៤៨ នាក់ ​ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​មួយ​នៃ​ស្រុក​ព្រៃឈរ។

បន្ទាប់​មក ​អាជ្ញាធរ​ក៏បាន​ស្រាវជ្រាវ​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ដែល​មាន​ការប៉ះពាល់​ផ្ទាល់​ ជាមួយ​កម្មការិនី ​ទាំំង ៤៨ នាក់​ នេះ ​ បាន​រកឃើញ​ ៥១ ​ខ្នង​ផ្ទះ ​និង​ ៥៣ គ្រួសារ ​ត្រូវបាន​បិទខ្ទប់ ​និង​យក​ពួកគាត់​មកដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក ​ខណៈ​នៅ​ថ្ងៃទី ១៧ ​ខែមិថុនា ​អាជ្ញាធរ​បានធ្វើ​តេស្ត​លើ​កម្មករ ​កម្មការិនី ​ជាង​ ២ ០០០ នាក់​ទៀត ​ប៉ុន្តែ​មិនទាន់​មាន​លទ្ធផល​នោះ​ទេ។

លោក ​ឡោ ចាន់លី ​ថ្លែងថា​៖ «អ្នក​រកឃើញ​វិជ្ជមាន ​យើង​យក​ពួកគាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទីរួម​ខេត្ត​កំពង់​ចាម។ ដោយ​ឡែក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង ​[អ្នក] វិជ្ជមាន​កូវីដ ១៩ ​ យកមក​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក ​ដែល​ត្រូវបាន​រៀបចំ​ជូន។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ប៉ះ​ពាល់​ប្រយោល ​គឺ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ។ ដោយ​ឡែក​ ចំពោះ​គ្រួសារ​បិទខ្ទប់​ទាំង ​៥១ ខ្នង​ផ្ទះ​ និង​៥៣​គ្រួសារ​នេះ ​គឺជា​គ្រួសារដែល​បាន​ប៉ះ​ពាល់​ផ្ទាល់​ជាមួយ​នឹង ​[អ្នក]​ វិជ្ជមាន​ទាំង​ ៤៨ នាក់»។

បើ​តាម​លោក​អភិបាលស្រុក ​ ចំពោះ​រោងចក្រ ​ត្រូវបាន​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ​បន្ទាប់ពី​រកឃើញ​មាន​កម្ម​ការិនី​មានវិជ្ជមាន​កូវីដ ១៩​ និង​កំពុង​ធ្វើតេស្ត​កម្មការិនី​ទាំងអស់​ដែរ។ បន្ទាប់ពី​ទទួល​លទ្ធផល​ពី​ការធ្វើ​តេស្ត​នេះ​យ៉ាងណា​នោះ ​រដ្ឋបាល​ស្រុកដឹងថា ​ ត្រូវ​បិទ​ ឬ​ក៏​ត្រូវ​ផ្អាក​បណ្តោះ​អាសន្ន ដែល​អាស្រ័យ​លើ ​លោក ​អ៊ុន ចាន់ដា ​អភិបាល​ខេត្ត​កំពង់​ចាម៕