
អ្នកភូមិប្រមូលផ្តុំគ្នាតវ៉ា នៅទីតាំងជីកអាចម៍ដីកាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១។ រូបថត សហការី
កណ្តាលៈ ប្រជាពលរដ្ឋ ៨៧ គ្រួសារ ដែលកំពុងអាស្រ័យផល ក្នុងអាងទឹកព្រែករាំង ស្ថិតនៅក្នុងភូមិព្រែករាំង និងភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង បានដាក់ពាក្យស្នើសុំទៅ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា សូមឱ្យជួយអន្តរាគមន៍ និរាករណ៍ អាជ្ញាប័ណ្ណ ជីកអាចម៍ដី និងការដ្ឋានវាយថ្ម លេខ ០០៥៦ ដែលចេញដោយក្រសួងរ៉ែ និងថាមពល ព្រោះបានធ្វើឱប៉ះពាល់ដល់ដីអាស្រ័យផលរបស់ពួកគាត់ ។
អ្នកស្រី ឆុំ សុធី តំណាងប្រជាពលរដ្ឋ នៅភូមិទួលឃ្មួញ ឃុំទឹកវិល ស្រុកស្អាងថ្លែងនៅថ្ងៃទី ១៧ ខែមិថុនាថា ក្រុមហ៊ុនអ្នកស្រី កែវ សុជាតា កំពុងជីកយកអាចដីអាងទឹកព្រែករាំង ហើយបានរាលដាលដល់ដីស្រែពលរដ្ឋ ដែលធ្លាប់អាស្រ័យផលរាល់ឆ្នាំមកហើយ។
ដោយបារម្ភខ្លាច គ្មានស្រែធ្វើបន្តទៀត ពលរដ្ឋបានស្រុះស្រួលគ្នា ដាក់ពាក្យសុំអន្តរាគមន៍ទៅកាន់ ក្រសួងរ៉ែ និងថាមពល ដើម្បីស្នើសូមនិរាករណ៍អាជ្ញាបណ្ណដែលក្រសួង បានចេញហើយនោះ ប៉ុន្តែ មិនទាន់មានលទ្ធផល ទើបពលរដ្ឋបានយកពាក្យទៅកាន់ព្រឹទ្ធសភាបន្ថែមទៀត កាលពីថ្ងៃទី ១៦ ខែមិថុនា។
អ្នកស្រីថ្លែងថា៖ «ក្រុមហ៊ុនបានចូលជីកយកអាចម៍ដី ប៉ះចំដីស្រែពលរដ្ឋអស់ប្រមាណ៣ហិកតា ហើយបើសិនមិនមានថ្នាក់លើចុះអន្តរាគមន៍ជួយទេ ក្រុមហ៊ុននឹងនៅតែបន្តធ្វើទៀត។ ឥឡូវដីប៉ះពាល់ហ្នឹង គឺនៅខាងមុខអាង ខាងជើងអាង ខាងត្បូង និងខាងលិចអាង គឺចល័តជុំវិញអាងហ្នឹងហ្មង» ។
លោក រឿង សារ៉ុម តំណាងពលរដ្ឋនៅភូមិព្រែករាំង ឃុំទឹកវិល ថ្លែងថា ពលរដ្ឋបានធ្វើការស្នើសុំអាជ្ញាធរមានសមត្ថកិច្ច ជាច្រើនដងតាមវេទិកាសាធារណៈ ដែលមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប៉ុន្តែមិនមានការចុះអន្តរាគមន៍ឆ្លើយតប ឡើយ។
លោកថ្លែងថា៖ «ពួកខ្ញុំសុំតាមផ្លូវការផង ក្រៅផ្លូវការផង តែអត់បានផល។ ពេលមានវេទិកាសាធារណៈនៅវត្តព្រែករាំង ពួកខ្ញុំតែងតែសំណូមពរ អាជ្ញាធរ មានទាំងខេត្ត និងស្រុក ឲ្យចុះមកពិនិត្យមើលជាក់ស្តែង ដោយអាជ្ញាធរតែងតែថា នឹងចុះមកមើល ប៉ុន្តែបានតែថា មិនដែលឃើញចុះមកជួយអន្តរាគមន៍ឡើយ» ។
បើតាមលោក សារ៉ុម នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ មានការប្រជុំនៅក្នុងបរិវេណវត្តព្រែករាំង ដើម្បិផ្សព្វផ្សាយអាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មលេខ ០០៥៦ ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ ដែលក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឲ្យអ្នកស្រី កែវ សុជាតា អាចជីកយកអាចម៍ដី ទំហំ ១០ ហិកតា នៅក្នុងអាងស្តុកទឹកព្រែករាំង។
ដោយឡែកនៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០២១ ពលរដ្ឋក៏បានដាក់ពាក្យស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីសុំនិរាករណ៍អាជ្ញាបណ្ណខាងលើ តែមកដល់ថ្ងៃទី ១៧ ខែមិនថុនា មិនទាន់ឃើញមានលទ្ធផលអ្វីទេ។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ថ្លែងថា លោកនៅមិនទាន់ទទួលបានពាក្យស្នើសុំ ដែលពលរដ្ឋបានយកទៅដាក់នៅព្រឹទ្ធសភានៅឡើយ នៅថ្ងៃទី ១៧ ខែមិថុនា។
លោកថ្លែងថា៖ «ខ្ញុំមិនទាន់ឃើញពាក្យស្នើសុំ របស់ពលរដ្ឋដែលដាក់មកនោះទេ មូលហេតុអាចបណ្តាលមកពី ការងារនៅស្ថានប័ននានា មានអ្នកធ្វើការតិចតួច ព្រោះការពារការឆ្លងកូវីដបានកាត់បន្ថយបុគ្កលិកមកធ្វើការនៅសល់តិច អ៊ីចឹងឯកសារបញ្ជូនអីមានការយឺតបន្តិច ដល់ពេលទទួលបានឯកសារហ្នឹងចាំខ្ញុំជម្រាបជូនទៅវិញ» ។
លោក យស មុនីរ៉ាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ថ្លែងថា ជុំវិញរឿងនេះ ប្រជាពលរដ្ឋគួរតែធ្វើការស្នើដោះស្រាយជាមួយអាជ្ញាធរ ដើម្បីឲ្យអាជ្ញាធរធ្វើសំណើរសុំផ្អាកអាជ្ញាបណ្ណនោះវិញ។
ប៉ុន្តែបើអាជ្ញាធរ មិនមានសំណើរមកក្រសួងឲ្យផ្អាកទេ ក្រសួងមិនអាចផ្អាកបានឡើយ។
លោកថ្លែងថា៖«ថ្មីៗនេះ ក្រុមការងារយើង បានចុះទៅដោះស្រាយជាមួយអាជ្ញាធរមូលដ្ឋាន និងបានជួបជាមួយប្រជាពលរដ្ឋមានរបាយការណ៍ត្រឡប់មកក្រសួងវិញថា ពលរដ្ឋទាំងអស់នោះ គេសាទរ ការជីកស្តាអាងទឹកហ្នឹងសម្រាប់ប្រើប្រាស់រួម» ។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្តាលថ្លែងថា រឿងនេះសំខាន់បំផុត គឺសួរទៅអាជ្ញាធរស្រុក ព្រោះបញ្ហានៅមូលដ្ឋាន រដ្ឋបាលខេត្ត ក៏ត្រូវរង់ចាំមើលរបាយការណ៍ពីអាជ្ញាធរស្រុកផងដែរ។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីជាន់ខ្ពស់ នៃសមាគមអាដហុក ថ្លែងថា ការដែលប្រជាពលរដ្ឋដាក់ពាក្យទៅកាន់ស្ថាប័នកំពូលរបស់ជាតិ ជារឿងមួយត្រឹមត្រូវ ដើម្បីបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួន ក្នុងការចូលទៅអាស្រ័យផលលើដីរដ្ឋ។
លោកថ្លែងថា៖«រឿងមន្ត្រីជំនាញផ្តល់ការអនុញ្ញាតកាយដី ឬធ្វើអ្វីមួយត្រូវសិក្សាពីផលប៉ះពាល់ ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ» ។
ប៉ុន្តែ លោក យស មុនីរ៉ាត់ បញ្ជាក់ថា ក្រសួងតែងចាត់មន្ត្រីឲ្យទៅពិនិត្យជាក់ស្តែង ពីផលប៉ះពាល់ បន្ទាប់ពីមានមានអាជីវករស្នើសុំអាជ្ញាបណ្ណ។ លោកថ្លែងថា៖«ពេលដែលចេញអាជ្ញាបណ្ណហើយ ក៏ត្រូវឲ្យអាជីវករហ្នឹង បោះគោលកំណត់ដែនច្បាស់លាស់មិនឲ្យជីកលើសក្រៅដែនអាជ្ញាបណ្ណនោះទេ» ៕