ភ្នំពេញៈ តាមរយៈ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​អាស៊ាន​បូក​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​ ១៥ ដល់​ថ្ងៃទី​ ១៦ ខែមិថុនា អង្គប្រជុំ​បាន​ឯកភាព អនុម័ត​លើ​ឯកសារ​ទស្សនទាន ទាក់ទង​នឹង​ការពង្រឹង​កិច្ចសហប្រតិបត្ដិការ​គ្នា​ ខណៈ​កម្ពុជា​បញ្ជាក់ថា ពេល​ធ្វើជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​នេះ​នៅ​ឆ្នាំ​ ២០២២ នឹង​ដាក់​បញ្ចូល​នូវ​ទស្សនវិស័យ​ជា​យុទ្ធសាស្ត្រ​មួយចំនួន​។

កាលពី​ថ្ងៃទី​ ១៥-១៦ ខែ​មិថុនា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​ ១៥ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន-បូក​លើក​ទី​ ៨ រួម​នឹង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-ចិន​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​តប​តាម​ការអញ្ជើញ​របស់​រដ្ឋមន្ដ្រី​ការពារជាតិ​នៃ​ប្រទេស​ប្រ៊ុយណេ​ដារុយសាឡឹម ដែល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១៦ ខែមិថុនា​បាន​ឱ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​ ១៥ រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បាន​ចូលរួម​អនុម័ត​ឯកសារ​ទស្សនទាន​ឯកសារ​ពិភាក្សា និង​វិធាន​ប្រតិបត្តិការ​និយាម​សរុប​ចំនួន​ ៩​។

ក្នុងនោះ​រួមមាន​ឯកសារ​ទស្សនទាន​ចំនួន​ ៤ ​ត្រូវបាន​អនុម័ត​ដោយ​ផ្ដោតលើ​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ផ្ទាល់​ក្នុង​អាស៊ាន​ការពង្រឹង​ការភ្ជាប់​ទំនាក់ទំនង​អាស៊ាន​ជាមួយ​ដៃគូ​ខាងក្រៅ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​ព័ត៌មានវិទ្យា ព្រមទាំង​ការបង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា ព័ត៌មានវិទ្យា សម្រាប់​វិស័យ​ការពារជាតិ​អាស៊ាន​។

អង្គប្រជុំ​បានកត់សម្គាល់​លើ​ឯកសារ​ចំនួន​ ២ និង​ឯកភាព​លើ​ឯកសារ​បំពេញបន្ថែម​ចំនួន​ ៣​។ ឯកសារ​ទស្សនទាន​ទាំងនោះ គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ពង្រឹង​មជ្ឈភាព​អាស៊ាន និង​យន្តការ​ពាក់ព័ន្ធ​ផ្សេងៗ​ដែល​ដឹកនាំ​ដោយ​អាស៊ាន​។

រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ក៏​បាន​អនុម័ត​លើ​ប្រកាស​បើ​ដាសេរី​បេហ្គាវ៉ាន់ ក្នុង​ការប្រារព្ធ​ខួប​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ឆ្ពោះទៅ​កាន់​ការត្រៀម​ជាស្រេច​សម្រាប់​អនាគត សន្តិភាព និង​វិបុលភាព​អាស៊ាន ដែល​ជា​ឯកសារ​ដ៏សំខាន់​មួយ​របស់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ដោយ​ផ្តោតលើ​ការពង្រឹង​មជ្ឈភាព​អាស៊ាន និង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ការពារ​ជាតិ​ក្នុងចំណោម​រដ្ឋ​សមាជិក​អាស៊ាន​។

លោក ទៀ បាញ់ បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន និង​ក្រុមការងារ ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​ក្នុង​ការជម្នះ​លើ​ឧបសគ្គ​ទាំងឡាយ ដើម្បី​សម្រេច​បាន​នូវ​ការឯកភាព​គ្នា​លើ​ឯកសារ​ទាំងអស់​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ឆ្នាំ​ ២០២២ កម្ពុជា​នឹងដាក់​បញ្ចូល​នូវ​ទស្សនវិស័យ​ជា​យុទ្ធសាស្ត្រ​មួយចំនួន​ដែល​នៅ​ក្នុងនោះ​មានការ​ពង្រឹង​តួនាទី​របស់​កងទ័ព​នៃ​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​ឆ្លង​ព្រំដែន និង​ការពង្រឹង​យន្តការ គាំទ្រ​ស្ត្រី​អាស៊ាន​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​»​។

អង្គប្រជុំ​ក៏បាន​អនុម័ត​លើ​គោលការណ៍​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-បូក​ជា​រៀងរាល់ឆ្នាំ និង​ការឯកភាព​ឱ្យ​មាន​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-អូស្ត្រាលី និង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-បូក​លើក​ទី​៨ រដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន-បូក​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បរិយាកាស​សន្តិសុខ​តំបន់ និង​អន្តរជាតិ​តាម​ការយល់ឃើញ និង​ការកំណត់​អាទិភាព​របស់​ប្រទេស​នីមួយៗ ដូចជា​បញ្ហា ឥណ្ឌូ-ប៉ាស៊ីហ្វិក បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បញ្ហា​ភេរវកម្ម បញ្ហា​ឧបទ្វីប​កូរ៉េ បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​បញ្ហា​ប្រកួតប្រជែង​រវាង​មហាអំណាច​ក្នុង​តំបន់​។

លោក​ ទៀ បាញ់ បាន​ចែករំលែក​ទស្សនៈ​តាមរយៈ​កិច្ចប្រជុំ​នេះ ដោយ​បាន​លើក​បញ្ហា​សន្តិសុខ ដែល​កំពុង​ប្រឈម​មួយ​ចំនួន​ដូចជា​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ បញ្ហា​ភេរវកម្ម​ជាពិសេស​ពី​គុណតម្លៃ​នៃ​នយោបាយ​ឈ្នះ-ឈ្នះ​របស់​កម្ពុជា​ក្នុង​ការបញ្ចប់សង្គ្រាម​ស៊ីវិល និង​នាំមក​នូវ​ឯកភាព​ពេញលេញ​នៅ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា​គាំទ្រ​លើ​វិស័យ​រក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ ដែល​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​តាំងពី​ឆ្នាំ​ ២០០៦ ​មក​ជាពិសេស​ប្តេជ្ញាចិត្ត​ក្នុង​ការជំរុញ​ឱ្យ​មាន​ការចូលរួម​ពី​ស្ដ្រី​កាន់តែ​ច្រើន​ក្នុង​បុព្វហេតុ​រក្សា​សន្តិភាព​»​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន-ចិន​រដ្ឋមន្ត្រី​ការពារ​ជាតិចិន និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បាន​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល និង​បទពិសោធ​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ាន-ចិន​រយៈពេល​ ៣ ​ទសវត្សរ៍​កន្លងទៅ ព្រមទាំង​ពិនិត្យ​មើល​សំណើ​កិច្ចសហប្រតិបត្តិការ​​ការពារជាតិ​ក្នុង​ឱកាស​នៃ​ការប្រារព្ធ​ខួប​ ៣០ ​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​កិច្ចសន្ទនា​អាស៊ាន-ចិន និង​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​ពី​ស្ថានភាព​អន្តរជាតិ និង​តំបន់​ផងដែរ​៕