ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ឱ្យដឹង​តាម​សារលិខិត​របស់​លោក ប្រារព្ធ​ខួប​លើក​ទី​១៤ ​ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា ឆ្នាំ​ ២០២១ នឹង​ដំឡើង​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ឱ្យដល់​ ៦៤ ​ម៉ឺន​រៀល​ក្នុង​ ១ ​ខែ ដែល​ក្នុងនោះ​ប្រាក់​វិភាជន៍​គ្រួសារ ប្រាក់​បំណាច់​គ្រួសារ និង​កូន​ប្រចាំខែ​របស់​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន បាន​កំពុង​អនុវត្ត​ដូច​ប្រាក់​វិភាជន៍​​គ្រួសារ​ប្រចាំខែ​របស់​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ​ផងដែរ​។

យោងតាម​សារលិខិត​របស់​លោក ហ៊ុន សែន បាន​ឱ្យ​ដឹងថា បច្ចុប្បន្ននេះ​អតីតយុទ្ធជន​ចំនួន ១០១ ២៨៧ នាក់ ព្រមទាំង​អ្នក​នៅក្នុង​បន្ទុក​ចំនួន ១៥១ ០០៧ នាក់​កំពុង​ទទួល​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ពី​រដ្ឋ ហើយ​ចាប់ពី​ខែមេសា ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ជូន​និវត្តជន ជន​បាត់បង់​សមត្ថភាព​​ការងារ និង​ជនពិការ​ចាប់ពី ៥៦ ​ម៉ឺន​រៀល​ដល់​ ៦២ ​ម៉ឺន​រៀល​ក្នុង​ ១ ​ខែ​។ ​

លោក ហ៊ុន សែន ដែលជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ផងដែរ​នោះបាន​ថ្លែងថា​៖ «​ថ្ងៃទី​ ២១ ខែមិថុនា ឆ្នាំ​ ២០២១ គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ប្រកបដោយ​មោទនភាព​បំផុត ដែល​បងប្អូន​អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រារព្ធ​ខួប​លើក​ទី​ ១៤ ទិវា​អតីតយុទ្ធជន​កម្ពុជា​ ដើម្បី​រំឭក​ដល់​គំរូ​វីរភាព​ដ៏មោះមុត និង​គុណបំណាច់​ដ៏ធំធេង​របស់​យុទ្ធជន​យុទ្ធនារី​នៃ​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ដែល​បាន​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​»​។

សារលិខិត​ដដែល​នេះ​បាន​បញ្ជាក់ថា ចាប់តាំងពី​ក្រោយ​រំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការអនុវត្ត​គោលនយោបាយ​នានា​ ដើម្បី​លើក​កម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​បងប្អូន​អតីតយុទ្ធជន​ឱ្យបាន​ល្អប្រសើរ​ជា​បន្តបន្ទាប់​។

ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ក៏ដូចជា​ស្ថាប័នរដ្ឋ និង​ឯកជន​ពាក់ព័ន្ធ​នានា​បានផ្តល់​អាទិភាព​ដល់​បងប្អូន​អតីតយុទ្ធជន​ និង​ក្រុមគ្រួសារ​ក្នុង​ការទទួល​បាន​នូវ​សេវាសាធារណៈ​ផ្សេងៗ​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។

រាជរដ្ឋាភិបាល​បានផ្តល់​ជូន​បណ្ណ​ថែទាំ​សុខភាព​ (​ប.ស.ស.) ​ជូន​ជនពិការ​និវត្តជន​ និង​ជន​បាត់បង់​សមត្ថភាព​ការងារ និង​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ជូន​អ្នក​កាន់​សៀវភៅ​របស់​គ្រួសារ​ជនពលី និង​គ្រួសារ​ជនមរណៈ​ជា​អតីត​យុទ្ធជន​ ដើម្បី​ទៅពិនិត្យ​ និង​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​ ប.ស.ស. ​ដោយ​មិនបាច់​បង់ប្រាក់​ផងដែរ​។

លោក​នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល និង​​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ពិតជា​ចងចាំ​ជានិច្ច​នូវ​ការលះបង់ និង​គុណបំណាច់​ដ៏ធំធេង​របស់​បងប្អូន​អតីតយុទ្ធជន​គ្រប់រូប ចំពោះ​ជាតិ​មាតុភូមិ​​ជា​ទីស្នេហា​នៃ​យើង​»៕