ក្រចេះ: សមត្ថកិច្ច​អាវុធហត្ថ​ខេត្តក្រចេះ​គ្រោង​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ១៨ មិថុនា​នេះ ក្រោយពី​ចាប់ខ្លួន​ករណី​ប្រើប្រាស់​ និង​ច្នៃ​អាវុធ​ខុស​ច្បាប់​ ៤ ​ដើម នៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ។

លោក ម៉ៅ រ៉ានី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ឱ្យដឹងពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ហ៊ន បូរិន អាយុ​ ៤០ ​ឆ្នាំ​ ជា​កសិករ រស់នៅ​ភូមិ-ឃុំ កើតហេតុ​។ គាត់​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​កែច្នៃ​កាំភ្លើង​ខ្យល់​ខុសច្បាប់​។

លោក​ថា​៖ «​រឿងនេះ​កម្លាំង​សមត្ថកិច្ច​យើង​កំពុងធ្វើការ​តាម​នីតិវិធី​ច្បាប់​ក្រោម​ការសម្របសម្រួល​របស់​ព្រះរាជអាជ្ញា ខេត្តក្រចេះ​។ ពេល​យើង​អនុវត្ត​នីតិវិធី​ចប់​នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នៅ​ថ្ងៃស្អែក​ហើយ​»​។

លោក​បានឱ្យ​ដឹងថា ឃាត់ខ្លួន​គឺ​សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ក្នុងភូមិ​ថ្នល់ ថា​មាន​ករណី​បុរស​ម្នាក់​កែច្នៃ​កាំភ្លើង​។ ​បន្ទាប់ពី​បានទទួល​ព័ត៌មាន​នេះ​កម្លាំង​ស្នាក់ការ​សន្តិសុខ​លេខ​ ៧០៧ ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឃុន សុយាន ជា​មេបញ្ជាការ​ស្នាក់ការ សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​ស្នួល និង​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ខេត្តក្រចេះ​បាន​ចុះ​ដល់​ភូមិ​ជនសង្ស័យ​រស់នៅ​តែម្តង​។

បើតាម​លោក ម៉ៅ រ៉ានី ការឆែកឆេរ​ផ្ទះគាត់​រឹបអូស​បាន​កាំភ្លើង​ច្នៃ​ ៤ ​ដើម គ្រាប់កាំភ្លើង​ AK47 ​ចំនួន​ ២ ​គ្រាប់ គ្រាប់​វ៉ាន់ណាឡុង​ចំនួន​ ២ ​គ្រាប់ គ្រាប់​ផាវ​ផ្ទុះ​ចំនួន​ ១ ​ថង់​ និង​សម្ភារ​សម្រាប់​កែច្នៃ​អាវុធ​ ១ ​ចំនួន​ទៀត​។ បន្ទាប់មក អាវុធហត្ថ​ស្រុក​ស្នួល​បាន​បញ្ជូនបន្ត​មក​បញ្ជា​ការដ្ឋាន​អាវុធហត្ថ​ខេត្តក្រចេះ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ដោយឡែក លោក ទីវ វុធធេន អនុប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្តក្រចេះ​ និង​ជា​អ្នកនាំពាក្យ​បានឱ្យដឹង​ដែរ​ថា សំណុំរឿង​ជនសង្ស័យ កំពុងស្ថិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា​ហើយ​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ចាត់ចែង​តាម​នីតិវិធី​នឹង​បន្តធ្វើ​កិច្ចការ​នេះហើយ​»៕