
ប្រជាពលរដ្ឋប្រមូលផ្តុំគ្នានៅលើអតីតដីព្រៃ ដែលត្រូវបានកាប់រាន។ រូបថត សហការី
កំពង់ស្ពឺៈ មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺកំពុងស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងការញុះញង់ឱ្យពលរដ្ឋចូលទៅកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋនៅតំបន់ក្បាលអូរខ្សៀ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់។ ប៉ុន្តែពលរដ្ឋនៅទីនោះបានអះអាងថា ពួកគាត់បានអាស្រ័យផលជិត ១០ ឆ្នាំហើយ។
លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានថ្លែងពីថ្ងៃទី ១៦ មិថុនាថា ពលរដ្ឋបាននាំគ្នាចូលទៅកាប់រានទន្ទ្រានដីសម្បទានដែលរដ្ឋប្រគល់ឱ្យទៅក្រុមហ៊ុន HLH Agriculture ដោយមានអ្នកនៅពីក្រោយខ្នងចាំជួយឧបត្ថម្ភក្នុងដំណើរការកាប់រានដីព្រៃទីនោះ ទោះបីអាជ្ញាធរជូនដំណឹងជាច្រើនដងនៅតែមិនព្រមរុះរើចេញ។
មិនតែប៉ុណ្ណោះពួកគេថែមទាំងបាននាំគ្នាស្រែកបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានគេធ្វើបាបពួកគាត់ថែមទៀតផង ប៉ុន្តែតាមពិតពួកគាត់ទៅកាប់ព្រៃសម្រាប់តែលក់ឱ្យឈ្មួញនៅពីក្រោយតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «អ្នកនៅពីក្រោយខ្នងហ្នឹងបានញុះញង់ឱ្យប្រជាពលរដ្ឋទៅកាប់ព្រៃយកដីលក់ឱ្យគាត់ ដល់ពេលកាប់អត់បាន លក់អត់បាន ពលរដ្ឋក៏នាំគ្នាធ្វើបាតុកម្មដេញកាប់ពួកយើងកុំឱ្យឆាឆៅគាត់ ងាយស្រួលពួកគាត់កាប់បាន ហើយយកទៅលក់ឱ្យអ្នកនៅពីក្រោយខ្នងនោះ។ អ៊ីចឹងឥឡូវយើងកំពុងស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នង ដែលផ្តល់លុយ ផ្តល់គ្រឿងឧបភោគបរិភោគ អីផ្សេងៗក្នុងដំណើរការកាប់ព្រៃហ្នឹង»។
លោក ឱម ម៉ាក់ធារី បានឱ្យដឹងទៀតថា កាលពីថ្ងៃទី ១១ ខែមិថុនា មន្ត្រីបរិស្ថានបានចុះអនុវត្តច្បាប់ និងសម្របសម្រួល បន្ទាប់ពីតំណាងក្រុមហ៊ុន HLH បានប្តឹងឱ្យជួយអន្តរាគមន៍រឿងពលរដ្ឋរំលោភលើក្រុមហ៊ុន ហើយបង្កវិវាទពេលសន្តិសុខក្រុមហ៊ុនចុះទៅរុះរើខ្ទមចេញ។
លោកថ្លែងថា៖ «ពលរដ្ឋនាំគ្នាទៅរំលោភយកដីព្រៃហើយទៅស្រែកថា គេធ្វើបាបគាត់ ប៉ុន្តែគេសុទ្ធតែជូនដំណឹងមុន ១ ខែឯណោះ ឱ្យគាត់រើរុះ តែគាត់មិនព្រមរើរុះទេ គិតតែពីប្រមូលគ្នាហើយផ្សាយបង្ហោះផ្តេសផ្តាស។ ការពិតមានក្រុមការងារគេចុះមកស្រាវជ្រាវតើមានតាំងពីក្រសួង តាំងពីអីគេមកមើលឃើញជាក់ស្តែងវាអ៊ីចឹងមែន»។
បើតាមលោក ម៉ាក់ធារី ពលរដ្ឋបានប្រមូលផ្តុំគ្នាមករារាំងមិនឱ្យកម្លាំងបរិស្ថានចុះអនុវត្តច្បាប់ ដោយមានទាំងយកពូថៅ និងកាំបិតដេញកាប់មន្ត្រីបរិស្ថានទៀតផង។ យ៉ាងណាលោកបានបញ្ជាឱ្យមន្ត្រីជំនាញដកថយវិញ ដើម្បីកុំឱ្យមានបញ្ហាជាមួយពលរដ្ឋ។
លោកថ្លែងថា៖ «យើងសុខចិត្តឱ្យដកកម្លាំងចេញសិនទៅ ហើយចាំយើងធ្វើការតាមនីតិវិធីពេលក្រោយទៀត។ កន្លែងណាខុសច្បាប់ខ្ញុំឱ្យមន្ត្រីចុះសិក្សាមើលថាតើដីណាដែលមានបទបញ្ជា ០១ របស់រាជរដ្ឋាភិបាលឱ្យកាត់ចេញយើងកាត់ចេញឱ្យគាត់ទៅ ហើយដីណាមិនទាន់មានបទបញ្ជាហ្នឹង ប៉ុន្តែមានដំណាំយើងសិក្សាមើលហើយសុំទៅថ្នាក់លើកាត់ឆ្វៀលឱ្យគាត់។ មួយទៀតរឿងកាប់រានដីព្រៃថ្មីៗ ហើយគាត់ស្រែកថាដីអាស្រ័យផលដែរ...» ។
អ្នកស្រី ឈឿន សុខា អាយុ ៣៨ ឆ្នាំ ជាពលរដ្ឋម្នាក់បានអះអាងថា អ្នកស្រីបានទៅរស់នៅអាស្រ័យផលនៅទីនោះតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្តែត្រូវបានមន្ត្រីបរិស្ថានចុះទៅហាមឃាត់ និងដកដំណាំជាបន្តបន្ទាប់។ កន្លងមកមិនដែលមានការចុះទៅរុះរើ និងដុតចោលបែបនេះទេ គ្រាន់តែជជែក ឈ្លោះគ្នា និងចរចាហើយក៏បានត្រឡប់ទៅវិញ។
បើតាមអ្នកស្រី ពលរដ្ឋមិនបានបង្ករឿងទាញកាំបិតពូថៅបង្កហិង្សានោះទេ ប៉ុន្តែ ដោយសារតែខាងសន្តិសុខក្រុមហ៊ុនបានរុះរើផ្ទះ រោង និងខ្ទមរបស់ពលរដ្ឋដោយមិនបានបញ្ជាក់ប្រាប់ពីដំណោះស្រាយ និងសំណងទើបពលរដ្ឋឡើងមកតវ៉ា។ នៅទីនោះមានពលរដ្ឋជាង ១០០ គ្រួសាររស់នៅ ហើយផ្ទះ និងខ្ទមទាំងអស់ ២៧ ដែលត្រូវបានបំផ្លាញក្នុងនោះដុតផ្ទះអស់ ១០ ខ្នង និងរុះរើខ្ទមអស់ ១៧ ។
អ្នកស្រីថ្លែងថា៖ «ពេលចុះទៅគេអត់មាននិយាយមានអីផង ស្រាប់តែឃាំងពួកខ្ញុំមិនឱ្យចូល ហើយចាក់សាំងដុតខ្ទម ដុតផ្ទះពួកខ្ញុំ ហើយអ្នកខ្លះដែលទើបសង់បានតិចតួចមិនទាន់មានដំបូលគេបានរុះរើចោលអស់។ ចំណែកដំណាំស្វាយចន្ទីរាប់រយដើមរបស់ខ្ញុំក៏ត្រូវបានគេកាប់កម្ទេចចោលដែរ»។
លោក រ័ត្ន ថាវី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺបានថ្លែងថា សកម្មភាពចុះទៅរុះរើខ្ទមរបស់ពលរដ្ឋនៅទីនោះមានលក្ខណៈជាការអនុវត្តច្បាប់មិនសូវបានត្រឹមត្រូវ។ លោកថា ករណីនេះគួរតែជូនដំណឹងឱ្យពលរដ្ឋបានដឹង មុននឹងអនុវត្តវិធានការក្តៅបែបនេះ។
លោកថ្លែងថា៖ «ដីហ្នឹងវាអាចជាដីរដ្ឋ មិនមែនដីក្រុមហ៊ុនទេ ព្រោះដីហ្នឹងវានៅក្រៅបរិវេណរបស់ក្រុមហ៊ុន ចំណែកក្រុមហ៊ុនគេមានធ្វើផ្លូវបាំង ព្រំប្រទល់របស់គេព័ទ្ធជុំវិញ។ អ៊ីចឹង ដីហ្នឹងអាចជាដីសាធារណៈរបស់រដ្ឋដែលអត់ទាន់ប្រគល់ឱ្យទៅបុគ្គលណាម្នាក់ទេ»៕