ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង កីឡា​នៅ​ថ្ងៃទី ១៧ ខែ​មិថុនា​នេះ បាន​ចេញ​សេចក្ដី​ណែនាំ​បន្ថែម​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ (ថ្នាក់​ទី ៩) និង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) នៅ​តាម​គ្រឹះស្ថាន​សិក្សា​រដ្ឋ និង ឯកជន សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១។

យោង​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង អប់រំ បាន​ឱ្យ​ដឹង​ថា កន្លង​មក ក្រសួង​ធ្លាប់​បាន​ចេញ​សេចក្ដី​ណែនាំ​ស្តីពី​ការ​រៀបចំ និង ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ប្រឡង​សញ្ញាបត្រ មធ្យម​សិក្សា​បឋមភូមិ និង​ទុតិយភូមិ នៅ​តាម​គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​រួច​ហើយ។ ក្នុង​នោះ​ក្រសួង​ក៏​បាន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​សិក្សា​ឯកជន​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា បឋមភូមិ និង ទុតិយភូមិ នៅ​តាម​គ្រឹះស្ថាន​សិក្សា​រៀងៗ​ខ្លួន​ផងដែរ។

ក្រសួង​បញ្ជាក់​ថា ដើម្បី​ឱ្យ​ការ​រៀបចំ និង ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ប្រឡង​នៅ​តាម​គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ធានា​បាន​នូវ​ស្តង់ដា​គុណភាព​នៃ​ការ​ប្រឡង ក្រសួង​ចេញ​សេចក្ដី​ណែនាំ​បន្ថែម​ស្ដីពី​ការ​ប្រឡង​នេះ។

យោង​តាម​សេចក្ដី​ណែនាំ ក្រសួង​អប់រំ បាន​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​ប្រឡង​ថ្នាក់​ជាតិ​ចំពោះ​សាលា​រដ្ឋ​សម្រាប់ ការ​ប្រឡង សញ្ញាបត្រ បឋមភូមិ បាន​កំណត់​យក​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២១។ ចំណែក​ការ​ប្រឡង​សញ្ញាបត្រ​ ទុតិយភូមិ កំណត់​យក​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១។ រីឯ គ្រឹះស្ថាន​សិក្សា​ឯកជន ក្រសួង​អប់រំ បាន​អនុញ្ញាត​ឱ្យ​រៀបចំ​ការ​ប្រឡង​នៅ​តាម​គ្រឹះស្ថាន​សិក្សា​រៀងៗ​ខ្លួន តាម​កាល​បរិច្ឆេទ​ដែល​ក្រសួង​បាន​កំណត់ ក្នុង​នោះ​រួម​មាន​សម្រាប់​ការ​ប្រឡង ឌីប្លូម ត្រូវ​កំណត់​យក​ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១។ ចំណែក​ការ​ប្រឡង​បាក់ឌុប គឺ​កំណត់​យក​ថ្ងៃទី ២៥ ខែ​តុលា ឆ្នាំ ២០២១។

ចំពោះ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​រៀប​ចំ​ការ​ប្រឡង​របស់​គ្រឹះ​ស្ថាន​សិក្សា​ឯកជន​ក្រសួង​អប់រំ បាន​ណែនាំ​ឱ្យ​ដាក់​ពាក្យ​ស្នើសុំ​រៀប​ចំ​ការ​ប្រឡង សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ និង ទុតិយភូមិ ដោយ​ភ្ជាប់​បញ្ជី​រាយនាម​បេក្ខជន ដែល​ត្រូវ​ប្រឡង​មក​ក្រសួង​តាម​រយៈមន្ទីរ​អប់រំ រាជធានី-ខេត្ត ឱ្យ​បាន​មុន​ដំណាច់ ខែ​សីហា ឆ្នាំ ២០២១ ជា​កំហិត​ដើម្បី​ពិនិត្យ​និង​ទទួល​ស្គាល់។

ក្រសួង​បញ្ជាក់​ថា៖ «ក្នុង​ករណី គ្រឹះស្ថាន​សិក្សា​ឯកជន​ណា ដែល​មិន​មាន​លទ្ធភាព​រៀបចំ​ការ​ប្រឡង​ដោយ​ខ្លួន​ឯង ត្រូវ​រង់ចាំ​ចូលរួម​ប្រឡង​ជាមួយ​សិស្ស​នៃ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​នៅ​ពេល​ក្រោយ តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង»៕

វីដេអូ៖