បន្ទាយមានជ័យៈ ស្រាថ្នាំ ឈ្មោះ តាំងគួយ ប្រមាណ ២៧ ៧៥៦ ដប ដែល​មាន​សារធាតុ​គីមី​មេតាណុល ត្រូវ​បាន​មន្រ្ដី​សាខា អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង បង្រ្កាប​ការ​ក្លែងបន្លំ «ក.ប.ប» ខេត្ត បន្ទាយមានជ័យ ធ្វើ​ការ​បំផ្លាញ​ចោល កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ក្នុង​សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយ​ពី​អ្នក​ផឹកស្រានេះ ៧ នាក់​បាន​ពុល​ស្លាប់។

អគ្គនាយកដ្ឋាន ក.ប.ប. នៅ​ថ្ងៃទី ១៧ ខែ​មិថុនា ឆ្នាំ ២០២១ មន្ត្រីសាខា ក.ប.ប ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ធ្វើ​ការ​បំផ្លាញ​ស្រា​ថ្នាំ តាំង​គួយ ចំនួន ២ ៣១៣ យួរស្មើ ២៧ ៧៥៦​ដប ស្ថិត​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ក្រោម​អធិបតីភាព លោកស្រី រស់ សុផានី អភិបាលរង​នៃ​គណៈអភិបាល​ខេត្ត​បន្ទាយមានជ័យ ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​ព្រះ​រាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ត្រី​សាខា ក.ប.ប ខេត្ត បន្ទាយមានជ័យ។

អគ្គនាយកដ្ឋាន ក.ប.ប បានឱ្យដឹងថា ស្រាថ្នាំ តាំង គួយ បាន​បណ្តាល​ឱ្យ​មនុស្ស​ពុល​ស្លាប់​ចំនួន ៧ នាក់ ក្នុង​នោះ​មាន​ជនជាតិថៃ ចំនួន ១​នាក់។

ក្នុង​ស្រាថ្នាំ​នេះ​មាន​សារធាតុ​ មេតាណុល កម្រិត​ខ្ពស់​ដល់ ១៤ ភាគរយ បើ​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្ដ។

អគ្គនាយកដ្ឋាន ក.ប.ប បញ្ជាក់ថា ផលិតផល​ស្រាថ្នាំ តាំង គួយ នេះ គឺ​បាន​ចរាចរ​លើ​ទីផ្សារ ល្មើស​នឹង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​គុណភាព​សុវត្ថិភាព លើ​ផលិតផល​ទំនិញ​និង​សេវា ត្រង់​មាត្រា ១៨ ជំពូក​ទី ៤។

មាត្រា១៨ ជំពូកទី៤ នៃច្បាប់នេះ បាន​ចែង​ថា ត្រូវ​ហាម​ឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម នូវ​ផលិតផល​ម្ហូប​អាហារ ដែល​មាន​សភាព​ប្រែប្រួល​ខូច​គុណភាព​ឬ​មាន​ជាតិ​ពុល ឬ​ផលិតផល​នោះ​មិន​ស្រប​នឹង​លក្ខណៈ​វិនិច្ឆ័យ​គុណ​ភាព ផ្នែក​អតិសុខុម ជីវសាស្រ្ត ឬ អនាម័យ ដែល​កំណត់​តាម​បទប្បញ្ញត្តិ​នៃ​ក្រសួង​ពាក់ព័ន្ធ។

បទល្មើសចរាចរ​ស្រា​មាន​សារធាតុគីមី មេតាណុល ល្មើស​នឹង​ច្បាប់​បែប​នេះ ក៏​ត្រូវ​ផ្ដន្ទាទោស តាម​មាត្រា ៦៣ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ​និង​សេវា​នេះ​ដែរ ដែល​បាន​ចែង​ថា ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា ១៦ ១៧ ១៨ និង ២១ នៃ​ច្បាប់​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ខែ ដល់ ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ពី ៥ លាន​រៀល ដល់ ១០ លាន​រៀល ឬ​ទោស​ណា​មួយ​នៃ​ទោស​ទាំង​នេះ៕

វីដេអូ៖