ភ្នំពេញៈ ​ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃទី​ ១៧ ​ខែមិថុនា បានប្រកាស​បញ្ឈប់​ការចេញ​អាជ្ញាបណ្ណ​ទេសចរណ៍​ដល់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក និង​ផ្លូវទឹក​ចាប់ពី​ថ្ងៃទី​ ១ ​ខែ​កក្កដា​ឆ្នាំ​ ២០២១ ​តទៅ​។ នេះ​បើតាម​សេចក្ដី​ជូនដំណឹង​។

សេចក្តី​ជូនដំណឹង​ស្តីពី​ការបញ្ឈប់​ការចេញ​អាជ្ញាបណ្ណ​ទេសចរណ៍ ដល់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក​ និង​ផ្លូវទឹក​របស់​ក្រសួង​ទេសចរណ៍ គឺ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​រាជរដ្ឋាភិបាល​លេខ​ ៣៦ ​ចុះ​ថ្ងៃទី​ ២១ ​ខែមករា​ឆ្នាំ​ ២០២១​។

ក្រសួង​ទេសចរណ៍​បាន​ជូនដំណឹង​ដល់​សមាគម​ដឹកជញ្ជូន​ទេសចរណ៍ និង​លោក-លោកស្រី​ជា​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក និង​ផ្លូវទឹក​ទាំងអស់​មេត្តា​ជ្រាប​៖ «​ក្រសួងទេសចរណ៍​នឹង​បញ្ឈប់​ការចេញ​អាជ្ញាបណ្ណ​ទេសចរណ៍​ដល់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក​ និង​ផ្លូវទឹក​ចាប់ពី​ថ្ងៃទី​ ១ ​ខែកក្កដា​ឆ្នាំ​ ២០២១ ​តទៅ​។ អាជ្ញាបណ្ណ​ទេសចរណ៍​សម្រាប់​អាជីវកម្ម​ដឹកជញ្ជូន ទេសចរណ៍ តាមផ្លូវ​គោក​ និង​ផ្លូវទឹក ចេញ​ដោយ​ក្រសួង​ទេសចរណ៍​កន្លងមក​ដែល​នៅមាន​សុពលភាព​អាច​បន្ត​អនុវត្ត​រហូតដល់​អស់​សុពលភាព​»​។

ក្រសួង​បញ្ជាក់ថា ចំពោះ​លោក-លោកស្រី​ជា​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជួន​ទេសចរណ៍​តាមផ្លូវ​គោក និង​ផ្លូវទឹក ដែលមាន​លិខិត​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​អ្នក​ដំណើរ​ផ្ដល់​ដោយ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ដោយ​ពុំ​បាច់​តម្រូវ​ឱ្យ​ស្នើសុំ​អាជ្ញាបណ្ណ​ទេសចរណ៍​ពី​ក្រសួង​ទេសចរណ៍​ថែមទៀត​ទេ​។

ដោយឡែក​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក​ និង​ផ្លូវទឹក នៅតែ​អាច​ស្នើសុំ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ពង្រឹង​គុណភាព​សេវាកម្ម ឬ​ដាក់ពាក្យ​ចូលរួម​ការប្រឡង​ប្រណាំង​ផ្សេងៗ កម្រិត​ថ្នាក់ជាតិ ឬ​ថ្នាក់​តំបន់ តាមរយៈ​ក្រសួង​ទេសចរណ៍​បាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​ទេសចរណ៍​។

ក្រសួង​បាន​ណែនាំ​ចំពោះ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​រឿងនេះ ឱ្យ​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរស័ព្ទ ០៩២ ៧៧៩ ៨៣៣/០១២ ២៩៨ ៩៥៤/០១៥ ៧៧៧ ៨០៨៕

វីដេអូ៖