សៀមរាប៖ អាជ្ញាធរ​ជាតិអ​ប្សរា​បាន​ដាក់​ចេញ​វិធានការណ៍​បន្ទាន់​មួយ ដោយ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ដាក់​របាំង​ការពារ និង​ហាម​ឃាត់​ការ​ឈូស​ឆាយ​ដី​នៅ​ទីតាំង​ឡ​ផលិត​កុលាលភាជន៍​បុរាណ ក្នុង​ភូមិ​ថ្មជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី បន្ទាប់​ពី​ប្រជាពល​រដ្ឋ​នៅ​ទីនោះ បាន​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជើង​នៃ​ឡ​បុរាណ​នោះ។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ​មិថុនា​នេះ​ថា អាជ្ញាធរ​កំពុង​ចុះ​ទៅ​ទប់​ស្កាត់ និង​ធ្វើ​ការ​អប់រំ​ណែនាំ​​បន្ត​ទៀត កុំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​នាំ​ឱ្យ​ប៉ះពាល់​លើ​ទីតាំង​ឡ​ផលិត​កុលាលភាជន៍​បុរាណ​នោះ។

លោក​ថ្លែង​ថា៖ «វា​ប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​បុរាណ​នៃ​ឡ​ហ្នឹង ព្រោះ​យើង​ដឹង​ថា សក្តានុពល​នៅ​ខាង​ក្រោម​ដី​នោះ មាន​ច្រើន​ណាស់ យើង​មិន​បាន​កំណត់ត្រា​អស់​ទេ អ៊ីចឹង​យើង​តែង​ប្រទះ​ឃើញ​របក​គំហើញ​ថ្មី​ជា​ច្រើន​ហូរហែរ ទើប​យើង​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម ​កុំ​ទៅ​ប៉ះពាល់​ទាំង​នៅ​លើដី ទាំង​ក្រោមដី​នៅ​តំបន់​បុរាណ​ដ្ឋាន​ហ្នឹង»។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្សាយ​ថា ថ្មីៗ​នេះ​មាន​ការ​ឈូស​ឆាយ​ដី​ធ្វើ​ថ្នល់ ចូល​សហគមន៍​របស់​អ្នក​ស្រុក​ក្នុង​តំបន់ ដោយ​កាត់​តាម​ជើង​នៃ​ទីទួល​ទ្ប​មួយ​ផ្នែក ដោយ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ជើង​ទួល​ផ្នែក​ខាង​លិច​មួយ​ចំហៀង។

នៅ​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២១ មន្រ្តី​សណ្តាប់​ធ្នាប់ និង​មន្រ្តី​ជំនាញ​នៃ​អាជ្ញាធរជាតិ​អប្សរា សហការ​ជាមួយ​រដ្ឋបាល​ស្រុក​បន្ទាយស្រី និង​អាជ្ញាធរ​ភូមិឃុំ បាន​ចុះ​ពិនិត្យ​ទីតាំង​ឡ​ផលិត​កុលាលភាជន៍​បុរាណ​នៅ​ភូមិ​ថ្ម​ជល់ ឃុំត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​ឈូស​ឆាយ​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ។

តាម​ការ​ពិនិត្យ​ជាក់​ស្តែង ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​នៅ​ផ្នែក​ខាង​លិច​បាន​យក​ដី​មួយ​ផ្នែក​នា​ជើង​ទួល គឺ​មិន​ទាន់​បាន​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ និង​គ្រឿង​បង្គុំ​ទ្ប​ទេ។ ប៉ុន្តែ​បាន​ប៉ះពាល់​ដល់​គំនរ​អំបែង​កុលាលភាជន៍ និង​សំណល់​ដែល​សល់​ពី​ទ្ប​ចាស់ ដែល​បាន​កាយ​មក​ទុក​នៅ​ជើង​ទួល។

កុលាលភាជន៍​បុរាណ ដែលអាជ្ញាធររកឃើញ។ រូបថត Khim Finan Page

នៅ​ពេល​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​កាយ​ប្រមូល​ដី​ដែល​បាន​យក​ពី​ជើង​ទួល​ទៅ​ពូន​កន្លែង​ខូច​ខាត​ទ្បើង​វិញ​ហើយ ចំណែក​ថ្នល់​ថ្មី​ត្រូវ​រក្សា​គម្លាត​ពី​ទីទួល​បុរាណ​នេះ។

ក្នុង​ពេល​ខ្លី​ខាង​មុខ អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​បោះ​បង្គោល​ព្រំ​ការពារ​បុរាណដ្ឋាន​នេះ ដោយ​សហការ​ជាមួយ​រដ្ឋបាល​ស្រុក ដើម្បី​បញ្ចៀស​ការ​ឈូស​ឆាយ ដើម្បី​អភិរក្ស និង​លើក​តម្លៃ​ស្ថានីយ​បុរាណ​នេះ​ឱ្យ​បាន​គង់​វង្ស។

អាជ្ញាធរ​ជាតិ​អប្សរា និង​ដៃគូ​ស្រាវជ្រាវ​អន្តរជាតិ​ធ្លាប់​បាន​សិក្សា​បុរាណ​វិទ្យា​លើ​ស្ថានីយ​ទ្ប​ដុត​កុលាលភាជន៍​នេះ​កន្លង​មក និង​ទើប​បាន​ចុះ​ក្នុង​បញ្ជី​បុរាណដ្ឋាន​រួច​រាល់​ផង​ដែរ។

ស្ថានីយ​នេះ ជា​អតីត​កន្លែង​ផលិត​កុលាលភាជន៍​បុរាណ​ដើម​សម័យ​អង្គរ ប្រភេទ​ស្រទាប់​រលោង​ពណ៌​បៃតង ដែល​ផ្តើម​ផលិត​នៅ​រវាង​សតវត្សរ៍​ទី៩-១០ នៃ​គ.ស។

កុលាលភាជន៍​ប្រភេទ​នេះ​ធ្លាប់​ប្រទះ​ឃើញ​តាម​ស្ថានីយ​កំណាយ​ផ្សេងៗ​ក្នុង​ខេត្ត​សៀមរាប តំបន់​ផ្សេងៗ និង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម សព្វ​ថ្ងៃ។

បន្ថែម​លើ​នេះ ស្ថាប័ន​ទាំង​ ២ នឹង​រៀបចំ​ឱ្យ​មាន​វេទិកា​អប់រំ ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​អំពី​សារៈសំខាន់ លក្ខណ​ពិសេស និង​តម្លៃ​ប្រវត្តិសាស្ត្រ​របស់​តំបន់​បុរាណដ្ឋាន ដើម្បី​ឱ្យ​សហគមន៍​មូលដ្ឋាន​ចូលរួម​ថែរក្សា ការពារ​សម្បត្តិបេតិកណ្ឌ​រួម​គ្នា៕

កុលាលភាជន៍​បុរាណ ដែលអាជ្ញាធររកឃើញ។ រូបថត Khim Finan Page