កំពតៈ ការគ្រប់គ្រង​ និង​ញែក​សំរាម តាម​ប្រភេទ​បាន​ត្រឹមត្រូវ និង​ការបង្កើន​ការកែច្នៃ​សំរាម​ឱ្យ​បាន​ច្រើន​នឹង​ធ្វើឱ្យ​សំណល់​សំរាម​ដែល​បោះចោល​លើ​ទីលាន នឹង​មាន​បរិមាណ​ថយ​ចុះ ខណៈ​អត្រា​បរិមាណ​សំរាម​ក្នុង​ ១ ​ឆ្នាំៗ មាន​ការកើនឡើង​ប្រមាណ​ ១៥ ​ភាគរយ​។

នេះ​បើតាម​លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ទទួល​ទ្រុង​សំណាញ់​ធ្វើ​ពី​ដែក សម្រាប់​ដាក់​សំរាម​សំណល់​រឹង ជូន​រដ្ឋបាល​ខេត្តកំពត ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​កូកាកូឡា តាមរយៈ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា នៅ​សួនច្បារ​មាត់​ព្រែក​ក្នុង​សង្កាត់​កំពង់កណ្ដាល​។

តាមរយៈ​ពិធី​នេះ ទ្រុង​សំណាញ់​ធ្វើ​ពី​ដែក សម្រាប់​ដាក់​សំរាម​សំណល់​រឹង ដែល​មាន​ទំហំ​ ៤ ​ម៉ែត្រ គុណ​នឹង​ ២,៥ ​ម៉ែត្រ និង​មាន​កម្ពស់​ ១,៤ ​ម៉ែត្រ​ចំនួន​ ១៦ ​ទ្រុង ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​កូកាកូឡា​តាមរយៈ​ក្រសួង​បរិស្ថាន ត្រូវបាន​ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្តកំពត ដើម្បី​ដាក់ពង្រាយ​តាម​ទីសាធារណៈ និង​ទីប្រជុំជន​ផ្សារ​ក្នុង​ក្រុង និង​ស្រុក​ទាំង​ ៨ នៃ​ខេត្តកំពត​។

លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា ក្នុង​សំណល់​សំរាម ១០០ ​ភាគរយ​មាន​សំណល់​សរីរាង្គ​ប្រមាណ ៦៨ ភាគរយ សំណល់​ប្លាស្ទិក​ប្រមាណ ២០ ភាគរយ និង​សំណល់​រឹង​ជាង ១០ ភាគរយ​។

ប៉ុន្ដែ​អ្វីដែល​ត្រូវ​យកចិត្ត​ទុកដាក់​បន្ថែម គឺ​សំណល់​ប្លាស្ទិក​ដែល​ជា​សំណល់​ប្រកប​ដោយ​គ្រោះថ្នាក់ ប្រសិនបើ​មិន​គ្រប់គ្រង​ឱ្យបាន​ល្អ ព្រោះ​សំណល់​ប្លាស្ទិក​មាន​ផ្ទុក​សារធាតុ​គីមី​។

លោក​បាន​ថ្លែងថា​៖ «​ទ្រុង​សម្រាប់​ដាក់​សំណល់​ប្លាស្ទិក ដែល​ក្រុមហ៊ុន​កូកាកូឡា ផ្តល់​ជូន​រដ្ឋបាលខេត្ត​កំពត តាមរយៈ​ក្រសួង​បរិស្ថាន​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចូលរួម​គ្រប់​គ្រង​សំណល់​ប្លាស្ទិក​មិន​ឱ្យ​បោះចោល​បែប​អនាធិបតេយ្យ និង​ហូរ​ចូល​សមុទ្រ​»​។

លោក ភក្ត្រា បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​កូកាកូឡា ដែល​តែងតែ​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ ដែនដី​ក្នុង​ការសម្អាត​អនាម័យ​បរិស្ថាន​តាមរយៈ​ការផ្តល់​ធុងសំរាម​ និង​សកម្មភាព​ផ្សេងទៀត ដែលមាន​មេត្រីភាព បរិស្ថាន​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​ការចូលរួម​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​កូកាកូឡា​លើ​វិស័យ​បរិស្ថាន​»​។

បើតាម​លោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះ​បរិមាណ​សំរាម​ចន្លោះ​ពី​ ៧០ ​ទៅ​ ៨០ ​ភាគរយ​ត្រូវបាន​ចាក់ចោល​នៅលើ​ទីលាន និង​មាន​ប្រមាណ ២០ ​ភាគ​ប៉ុណ្ណោះ ដែល​បាន​ដកហូត​យកទៅ​កែច្នៃ​។

លោក​បាន​បញ្ជាក់ថា បញ្ហា​បរិស្ថាន​ត្រូវ​បាន​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងបរិស្ថាន យកចិត្ត​ទុកដាក់ ហើយ​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នូវ​គោលនយោបាយ គ្រប់គ្រង​សំរាម​សំណាល់​រឹង​ទីប្រជុំជន ដើម្បី​ពង្រឹង និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​នៅ​ទីប្រជុំជន​ឱ្យមាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​បរិស្ថាន​។

លោក​បញ្ជាក់ថា​៖ «​អត្រា​បរិមាណ​សំរាម​ក្នុង​ ១ ​ឆ្នាំៗ​មាន​ការកើនឡើង​ប្រមាណ ១៥ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។ បច្ចុប្បន្ន​សំណល់​សំរាម​ដែល​បង្កើតឡើង​នៅ​កម្ពុជា​ ១ ​ថ្ងៃ​មាន​ចំនួន​ប្រមាណ​ជាង​ ១ ​ម៉ឺន​តោន ហើយ​ក្នុង​ ១ ​ឆ្នាំ​មាន​ប្រមាណ ៤ លាន​តោន​»​។

លោក អូត ចាន់ឌី នាយក​ផ្នែក​ធនធាន​មនុស្ស​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូកាកូឡា​) ​បាន​លើកឡើងថា ការនាំយក​ធុង​បែងចែក​សំរាម​ជូន​ដល់​ខេត្តកំពត និង​ខេត្ត​កែប​នា​ថ្ងៃនេះ គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ជា​សកល​ដែល​ក្រុមហ៊ុន កូកាកូឡា​បាននិង​កំពុង​អនុវត្ត​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​គ្មាន​ការចូលរួម​អនុវត្ត​ពី​ប្រជាពលរដ្ឋ ការផ្តល់​ធុង​តែមួយ​មុខ មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការសម្រេច​ឱ្យបាន​នូវ​ការបែងចែក​សំរាម​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ដូចនេះ​ក្រុមហ៊ុន​សូម​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ទាំងអស់​ចូលរួម​បែងចែក​សំរាម​ទាំងអស់​គ្នា ដោយ​ចាប់ផ្តើម​ពី​អ្នក​»​។

លោក​លោក អូត ចាន់ឌី បានឱ្យដឹងថា ក្រុមហ៊ុន​កូកាកូឡា បាននិង​កំពុង​អនុវត្ត​គោលដៅ​និរន្តរភាព​ក្នុង​ការប្រមូល​ និង​កែច្នៃ​សម្បក​វេចខ្ចប់​ឱ្យ​ស្មើ​ ១០០ ​ភាគរយ​នៃ​ចំនួន​សម្បក​វេចខ្ចប់​ដែល​លក់​នៅលើ​ទីផ្សារ​ទូទាំង​ពិភពលោក ត្រឹម​ឆ្នាំ​ ២០៣០​។ គោលដៅ​និរន្តរភាព​នេះ​ហៅថា​ «​ពិភពលោក​គ្មាន​សំរាម (WWW-World Without Waste)»​។

លោក ជាវ តាយ អភិបាល​ខេត្តកំពត​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ក្រសួង​បរិស្ថាន ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី សម្ភារ​បច្ចេកទេស​ដល់​រដ្ឋបាល​ខេត្តកំពត​នាពេល​កន្លងមក​លើ​វិស័យ​បរិស្ថាន ពិសេស​ការគ្រប់គ្រង​សំរាម​ប្លាស្ទិក និង​សំណល់​រឹង​សំណល់​រាវ កាត់បន្ថយ​បាន​ពី​ការបំពុល​បរិស្ថាន​។

លោក​អភិបាល​បាន​ថ្លែងថា​៖ «​សង្ឃឹមថា ក្រុមហ៊ុន​នឹង​កាន់តែ​បង្កើន​កិច្ចសហការ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​រដ្ឋបាល​ខេត្តកំពត​។ បច្ចុប្បន្ន​ដែល​រដ្ឋបាល​ខេត្តកំពត​បាននិង​កំពុង​យកចិត្ត​ទុកដាក់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​បន្ត​ថែមទៀត​ក្នុង​ការគាំពារ​វិស័យ​បរិស្ថាន និង​ការគ្រប់គ្រង​សំរាម ដើម្បី​បរិស្ថាន​ស្អាត និង​ការលើកកម្ពស់​សុខភាព​សាធារណៈ​ផងដែរ​»៕