
បាត់ដំបងៈ មន្ត្រីអន្តរក្រសួងបានចុះទៅបង្ហាញពីផលប៉ះពាល់ កំហុសឆ្គង និងកង្វះខាតរបស់ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្ទ្រៀល (Phoenix Industrial) នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឲ្យក្រុមហ៊ុនទទួលស្គាល់ ដើម្បីឲ្យកែលម្អ មុនឈានទៅពិន័យ និងចាត់ការតាមផ្លូវច្បាប់។
ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរ៉ាន ប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកនេះថា កាលពីម្សិលមិញ តំណាងអន្តរក្រសួង និងមន្ទីរពាក់ព័ន្ធមានបរិស្ថាន កសិកម្ម ធនធានទឹក សង្គមកិច្ចនិង អតីតយុទ្ធជន និង ឧស្សាហកម្មវិទ្យាសាស្ត្រ និងនវានុវត្តន៍បានចុះវាយតម្លៃផលប៉ះពាល់ និង ចង្អុលបង្ហាញនូវកំហុសឆ្គង និង កង្វះខាតរបស់ក្រុមហ៊ុនអឺកាងខេមបូឌៀគ្រុប មានទីតាំងនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានធ្លាយសារធាតុកខ្វក់ចូលស្ទឹងសង្កែនាពេលកន្លងមក។
លោកថ្លែងថា៖ «ដើម្បីយើងឈានទៅដល់ការពិន័យយើងត្រូវប្រឹក្សាគ្នាអំពីកំហុសក្រុមហ៊ុន ដើម្បីឲ្យខាងក្រុមហ៊ុនលោកទទួលស្គាល់នូវអ្វីដែលខ្លួនមានការធ្វេសប្រហែស និងកំហុសឆ្គង ដែលធ្វើឲ្យមានលេចធ្លាយកាកសំណល់ ធ្វើខុសបច្ចេកទេសអីផ្សេងៗហ្នឹង»។
លោកប្រធានមន្ទីរបញ្ជាក់ថា ចំពោះការពិន័យកម្រិតណានោះនៅមិនទាន់ដឹងនៅឡើយ ព្រោះនៅមានការប្រជុំ ដើម្បីកំណត់ទំហំនៃការខុសឆ្គងរបស់ក្រុមហ៊ុនថែមទៀត។ លោកថ្លែងថា៖ «បើយើងពិន័យគេទាល់តែគេហ្នឹងទទួលកំហុសដែរ ក្រុមហ៊ុនគេមានមេធាវីមានអីគ្រប់យ៉ាងទាំងអស់ ទាល់តែគេទទួលស្គាល់ថាគេខុសទើបយើងស្រួលតាមផ្លូវច្បាប់ ប៉ុន្តែក៏មានពេលខ្លះ យើងចាប់បង្ខំអំពីការខុសឆ្គងរបស់គេដែរ ក្នុងលក្ខណៈធ្ងន់ធ្ងរ ឬរកឃើញកំហុសអ្វីបន្ថែមទៀត»។
បើតាមលោកប្រធានមន្ទីរ ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្ទ្រៀលកំពុងធ្វើការពិចារណា ដើម្បីឆ្លើយតបមកខាងមន្ត្រីជំនាញវិញ ខណៈខាងមន្ត្រីជំនាញកំពុងធ្វើកំណត់ហេតុរួមមួយ ដើម្បីឲ្យក្រុមហ៊ុនទទួលយកផងដែរ។ យ៉ាងណាក្រុមហ៊ុនបានទទួលយកកំហុសរបស់ខ្លួនមួយចំនួនហើយក្នុងកិច្ចប្រជុំនៅស្នាក់ការក្រុមហ៊ុននៅថ្ងៃទី ១៧ ខែមិថុនានេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្ទ្រៀល (Phoenix Industrial) មានទីតាំងនៅស្រុករតនមណ្ឌល ដែលផលិតសារធាតុរក្សាពណ៌ និងផលិតផលផ្សេងៗបានធ្លាយសារធាតុពុល ចូលក្នុងទឹកស្ទឹងសង្កែប៉ែកខាងលើបណ្តាលឲ្យត្រីងាប់កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១។
តាមការពិសោធន៍របស់ក្រសួងបរិស្ថានបង្ហាញថា ជាតិពុលដែលបណ្តាលឲ្យត្រីងាប់ក្នុងស្ទឹងសង្កែ ប៉ែកខាងលើនោះ គឺដោយសារមានសារធាតុអាស៊ីត ហើយភ្លាមៗអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធបានចុះឲ្យក្រុមហ៊ុនបិទខ្ទប់កន្លែងលេចធ្លាយ និងធ្វើការបន្សាបជាតិអាស៊ីតក្នុងទឹកស្ទឹងសង្កែ។ នៅថ្ងៃទី ៣០ ខែឧសភា មន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តបានទប់ស្កាត់ និងគ្រប់គ្រងបានទាំងស្រុងនូវផលប៉ះពាល់នោះ ចំណែកទឹកស្ទឹងសង្កែបានប្រែក្លាយមកជាធម្មតាវិញ៕
វីដេអូ៖