ភ្នំពេញៈ លោក ឆាយ គឹមខឿន អគ្គស្នងការរង និង​ជា​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ថ្លែង​នៅ​ថ្ងៃទី១៨ ខែ​មិថុនា​នេះ​ថា មាន​មូលហេតុ ៣ យ៉ាង​ដែល​តម្រូវ​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន សកម្មជន​ចលនា​មាតា​ធម្មជាតិ ៣ នាក់ ដោយសារ​តែ​ពួកគេ​មាន​អង្គការ​ចាត់​តាំង​ខុស​ច្បាប់ និង​ប្រើប្រាស់​ហិញ្ញប្បទាន​ភេរវកម្ម។

លោក ឆាយ គឹមខឿន បាន​បញ្ជាក់​បែប​នេះ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ ៣ នាក់​កាល​ពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ២០២១។

សកម្មជនទាំង ៣ នាក់នោះ រួមមាន ១ ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី តួនាទី​គណនី នៃ​បណ្ដាញ​មាតា​ធម្មជាតិ ទី២ ឈ្មោះ លី ចាន់ដារ៉ាវុត ភេទប្រុស តួនាទី អ្នក​ស្រាវជ្រាវ និង Media Team និង​ទី៣ ឈ្មោះ យឹម លាងហ៊ី ភេទប្រុស តួនាទី​សម្រប​សម្រួល​ការងារ​សកម្មជន។

លោក ឆាយ គឹមខឿន បានបញ្ជាក់ថា៖«តាម​ឯកសារ​សំណុំ​រឿង និង​ភ័ស្តុតាង​ផ្សេងៗ​ទៀត បង្ហាញ​ថា ពួក​ក្រុម​នេះ​ធ្វើ​សកម្មភាព ដោយ​មាន​អង្គការ​ចាត់​តាំង​ច្បាស់លាស់ ដែល​មាន​ជន​បរទេស​ជា​អ្នក​គូស​វាស​ផែនទី ឱ្យ​ធ្វើ​សកម្មភាព និង​ប្រតិកម្ម។ ការ​ចាប់​ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​ស្រាវ​ជ្រាវ និង​រក​ឃើញ​ភ័ស្តុតាង ៣ ចំណុច»។

លោកអះអាងថា ភ័ស្ថុតាងទាំង ៣ចំណុច​នោះ​រួម​មាន ១​ក្រុម​នេះ ជា​ក្រុម​ដែល​មាន​អង្គការ​ចាត់​តាំង​ខុស​ច្បាប់ និង​មាន​ការ​បញ្ជា​ពី​ក្រោយ​ដោយ​ជន​បរទេស​ឈ្មោះ អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជា​ជនជាតិ​អេស្ប៉ាញ។

លោក​បន្ត​ថា ទី​២ គ្រប់​សកម្មភាព​របស់​ពួកគេ គឺ​យក​ឈ្មោះ និង​ជ្រក​ក្រោម​ស្លាក​បរិស្ថាន ប៉ុន្តែ​ដើម្បី​បន្លំ​ធ្វើ​សកម្មភាព​ប្រមូល​យក​ព័ត៌មាន បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​បរិស្ថាន​នេះ ធ្វើ​ជា​លេស​ឈ្នាន់ ឬ​មូលហេតុ​ញុះញង់​ដល់​ប្រជាពលរដ្ឋ សាធារណជន ក្នុង​គោលដៅ​ប្រឆាំង និង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល និងទី៣ ក្រុម​នេះ​ធ្វើ​សកម្មភាព​បាន​ដោយ​សារ​តែ ការ​ផ្តល់​ហិរញ្ញប្បទាន​ពី​ខាង​ក្រៅ ដែល​ពាក់​ព័ន្ធ​នឹង​ហិរញ្ញប្បទាន​ភេរវកម្ម ផ្គត់ផ្គង់​ដោយ​មេ​របស់​ពួកគេ​ដោយ​ជន​បរទេស។

លោក ឆាយ គឹមខឿន បញ្ជាក់​ថា៖ «ការ​ធ្វើ​សកម្មភាព​របស់​ក្រុម​នេះ​កន្លង​មក ​គឺសុទ្ធ​តែ​មាន​ផែនការ និង​ការ​ចង្អុល​បង្ហាញ​របស់​មេ​ពួកគេ​ដែល​ជា​ជន​បរទេស​នៅ​ខាង​ក្រៅ​ប្រទេស»។

អង្គការមាតាធម្មជាតិ ដែល​ទី​ស្នាក់ការ​កណ្តាល​តាំង​នៅ​វត្តចំការឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែល​បង្កើត​ឡើង និង​ដឹក​នាំ​ដោយ លោក Alejandro Gonzalez Davidson ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ចេញ​សេចក្តី​ប្រកាស សម្រេច​លុប​ចោល កាល​ពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ ២០១៧ បន្ទាប់ពី​បាន​បណ្តេញ លោក​អាឡិច ចេញ​ពី​ប្រទេស​កម្ពុជា។

លោក អាឡិចសង់ដ្រូ ប្រធាន​អង្គការ​មាតាធម្មជាតិ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បណ្តេញ​ចេញ​កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ ២០១៥ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ធនធាន​ធម្មជាតិ នៅ​តំបន់​អារ៉ែង ក្នុង​នោះ​ក៏​មាន​ការ​ប្រឆាំង​នឹង​ការ​បូមខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង​ផងដែរ ដែល​សកម្មភាព​របស់​ជន​បរទេស​រូប​នេះ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​អះអាង​ថា ល្មើស​នឹង​ច្បាប់​នៅ​កម្ពុជា៕