ភ្នំពេញៈ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បានស្នើ​ទៅកាន់​ឯកអគ្គទូត​វៀតណាម​ប្រចាំ​កម្ពុជា​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណា​បំពេញ​បែបបទ ដើម្បី​បញ្ជូន​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​វិញ​ឲ្យ​បាន​ឆាប់​។

លោក គៀត ច័ន្ទថារិទ្ធ បានស្នើ​បែបនេះ​ក្នុង​ពេល​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៧ ខែ​មិថុនា នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​។

លោក Vu Quang Minh បានលើកឡើង​ក្នុងពេល​ចាប់ផ្ដើម​ជំនួប​នេះ​ដោយបាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លើ​ការងារ​គ្រប់គ្រង​ជនបរទេស ជាពិសេស​ប្រជាជន​វៀតណាម ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ នាពេល​កន្លងមក​។

ក្នុង​នោះ​រួមមាន ការងារ​ជំរឿន​ស្ថិតិ​ជនបរទេស ការទទួល​ពាក្យស្នើសុំ និង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ជាដើម​។

នៅក្នុង​ជំនួប​នោះ​លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើង​អំពី​បញ្ហា​ប្រឈម​មួយចំនួន​ពាក់ព័ន្ធ​នឹង​សិទ្ធិ និង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​វៀតណាម​នៅ​រាជធានី ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​។

លោក​បាន​ថ្លែងថា​៖ «​ចំពោះ​ជនជាតិ​វៀតណាម ដែល​រស់នៅ​ខុសច្បាប់ ក្នុងប្រទេស​កម្ពុជា អគ្គនាយក​អន្តោប្រវេសន៍ ស្នើឲ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណា បំពេញ​បែបបទ ដើម្បី​បញ្ជូន​អ្នក​ទាំងនោះ​ទៅ​ប្រទេស​វៀតណាម​វិញ​ឲ្យ​បាន​ឆាប់​»​។

លោក គៀត ច័ន្ទថារិទ្ធ បាន​បញ្ជាក់​ដែរថា កិច្ចប្រតិបត្តិការ ការងារ​គ្រប់គ្រង​ជនបរទេស និង​ការអនុវត្តន៍​ច្បាប់ អន្តោប្រវេសន៍​នៅ​កម្ពុជា គឺ​មិនដែល​មាន​ការរើសអើង​ឡើយ​។

លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា អគ្គនាយក​អន្តោប្រវេសន៍​នឹង​ធ្វើ​ការសម្របសម្រួល​បន្ថែមទៀត​លើ​ការងារ​ផ្សព្វផ្សាយ​បទប្បញ្ញត្តិ​ស្តីពី​សិទ្ធិ​ក្នុង​ការប្រើប្រាស់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​សម្រាប់​ជនបរទេស​នៅក្នុង​ប្រទេស​កម្ពុជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​តាម​រាជធានី-ខេត្ត ដើម្បី​ឲ្យ​មាន​ការយល់ដឹង​ និង​អនុវត្ត​ត្រឹមត្រូវ​ឈរលើ​មូលដ្ឋាន​ច្បាប់​៕

វីដេអូ៖