បន្ទាយមានជ័យៈ សមត្ថកិច្ច​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជូន​ជនសង្ស័យ​ ៨ ​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដែល​រឹបអូស​បាន​រហូតដល់​ ៣៣ ​គីឡូក្រាម​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​ ១៨ ខែ​មិថុនា​នេះ បន្ទាប់ពី​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​តាំងពី​ថ្ងៃទី ១៦ ខែ​មិថុនា​។

លោក ធិន ស៊ិនដេត ស្នងការរង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន ខេត្ត​បន្ទាយមានជ័យ​ថ្លែង​ថា បន្ទាប់ពី​បាន​សាកសួរ​ជនសង្ស័យ​រួចមក កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជូន​ពួកគេ​ទៅ​តុលាការ​អស់ហើយ​នៅ​រសៀល​ថ្ងៃទី​ ១៨ ខែមិថុនា​នេះ​។

លោក ស៊ិនដេត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ ៨ ​នាក់​ត្រូវ​បាន​នគរបាល ខេត្ត​បន្ទាយមានជ័យ និង​នគរបាល​ខេត្តបាត់ដំបង​សហការ​គ្នា​ឆ្មក់​បង្ក្រាប​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ និង ដកហូត​បាន​ថ្នាំញៀន​ជាង​ ៣៣ ​គីឡូក្រាម ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ នៅ​ក្រុង​ប៉ោយប៉ែត-ស្រុក​ម៉ាឡៃ​ជា​តំបន់​ជាប់​ព្រំដែន​កម្ពុជា​ថៃ​។

លោក​ថ្លែងថា៖ «​ប្រតិបត្តិការ​នេះ មុនដំបូង​សមត្ថកិច្ច​យើង​បាន​ចុះបង្ក្រាប​ជនសង្ស័យ​បាន​ ៤ ​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​ ៣៣ ​គីឡូក្រាម​នៅក្នុង​ផ្ទះល្វែង​មួយកន្លែង ផ្លូវ​ទៅ​វត្ត​គោកស្បែង ស្ថិត​ក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​ ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​»​។

បើ​តាម​លោក ស៊ិនដេត ក្រៅពីនេះ​សមត្ថកិច្ច​ដកហូត​បាន​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​ ២ ​គ្រឿង និង​សម្ភារ​កែច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន និង​រថយន្ត​ ១ ​គ្រឿង ម៉ាក​ហាយលែនឌឺ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2C-3186​។

លោក សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា ជំហាន​ដំបូង​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ រ៉ុង យ៉ីហាក់ ភេទ​ប្រុស​អាយុ​ ៣៦ ​ឆ្នាំ និង​ឈ្មោះ រ៉ុង គីមហ៊ាង ភេទ​ប្រុស​អាយុ​ ៣៩ ​ឆ្នាំ​។

ជនសង្ស័យ​ទាំង​ ២ ​នាក់​រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​ ៤ សង្កាត់ ក្រុង​ប៉ោយប៉ែត​។ រីឯ​ ២ ​នាក់​ទៀត​ម្នាក់ ឈ្មោះ សុខ សេថា ភេទ​ប្រុស​អាយុ​ ២៣ ​ឆ្នាំ និង​ឈ្មោះ វ៉ាន់ ឈីដា ភេទ​ស្រី​អាយុ​ ២៨ ​ឆ្នាំ​ (​ជនជាតិ​ថៃ​)​។

លោក​បន្តថា យោង​ចម្លើយ​សារភាព​ជនសង្ស័យ​ទាំង​ ៤ នាក់​បាន​ឲ្យ​ដឹងថា ថ្នាំញៀន​ទាំងនេះ​ពួកគេ​ទិញ​ពី​ឈ្មោះ ឡេង គឹមឡាយ មាន​ផ្ទះ​នៅ​ស្រុក​ម៉ាឡៃ ហើយ​ភ្លាមៗ​នោះ​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ឡោមព័ទ្ធ​ផ្ទះ​ជនសង្ស័យ ហើយក៏​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ ៤ ​នាក់​បន្ថែមទៀត​។

ជនសង្ស័យ​ ៤ ​នាក់​ទៀត​នោះ ទី​ ១ ឈ្មោះ គួន ស្រីឡាន់ ភេទ​ស្រី​អាយុ​ ៣៣ ​ឆ្នាំ ទី​ ២ ​ឈ្មោះ សេង ស្រីនិ ភេទ​ស្រី​អាយុ​ ២៣ ​ឆ្នាំ ទី​ ៣ ​ឈ្មោះ ឡុង សំរិទ្ធ ភេទ​ប្រុស​អាយុ​ ៣០ ​ឆ្នាំ និង​ទី​ ៤ ​ឈ្មោះ ហែម វ៉ាន់លី ភេទ​ប្រុស​ដោយ​ដកហូត​បាន​ថ្នាំញៀន​រួមជាមួយ​វត្ថុតាង​មួយចំនួន​។

ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ឡេង គឹមឡាយ បាន​រត់​គេចខ្លួនបាត់​។

លោកស្នងការ​បញ្ជាក់ថា ប្រតិបត្តិការ​បង្ក្រាប​នេះ​មុន​ដំបូង​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​នគរបាល​ខេត្តបាត់ដំបង សហការណ៍​គ្នា​ចុះ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើក​រថយន្ត​បុក​គេ​ស្លាប់ នៅ​ខេត្ត​បាត់ដំបង បន្ទាប់មក​ជនបង្ក​មក​លាក់ខ្លួន​នៅ​ប៉ោយប៉ែត បែរ​ជា​ស៊ើប​ប៉ះចំ​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នេះ​៕