កោះកុងៈ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកោះកុង​នៅ​ថ្ងៃទី​ ១៨ ខែមិថុនា​នេះ បានប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ (​អាយុ​ចាប់ពី ១៨ ​ឆ្នាំ​ឡើងទៅ​) នៅក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​ស្រែអំបិល ដោយ​ចាប់ផ្ដើម​អនុវត្ដ​ចាប់ពី​ថ្ងៃទី ២០ ខែ​មិថុនា ឆ្នាំ​ ២០២១ តទៅ​។

មន្ទីរ​សុខាភិបាល​បានឱ្យ​ដឹងថា ទីតាំង​ដែល​នឹងត្រូវ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​រួមមាន ទី​១ សម្រាប់​ពលរដ្ឋ​រស់នៅ​ក្រុង​ខេមរភូមិន្ទ​មាន​ទីតាំង​ចាក់​វ៉ាក់សាំង​ចំនួន ២ ​កន្លែង គឺ​នៅ​ទីតាំង សាខា​កាកបាទក្រហម​ខេត្តកោះកុង ស្ថិតនៅ​ភូមិ​ ១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។ ទីតាំង​ទី​២ គឺ​ស្ថិតនៅ​មជ្ឈមណ្ឌល ស៊ូន នឹង​ស្ថិត​នៅ​ផ្លូវ​ឆ្មាបាត់ ភូមិ​ស្ទឹងវែង សង្កាត់​ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ​។

មន្ទីរ​សុខាភិបាល​បាន​បញ្ជាក់ថា​៖ «​យោងតាម​ផែនការ យើង​នឹង​បើកចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​រួចរាល់​ក្នុង​រយៈពេល ៣ ថ្ងៃ​។ ក្នុងករណី​មានការ​ប្រែប្រួល យើង​នឹង​ជូនដំណឹង​ជាថ្មី​នៅពេល​ក្រោយ​»​។

ចំណែក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដល់​ពលរដ្ឋ​នៅក្នុង​ស្រុក​ស្រែអំបិល មាន​ទីតាំង​ចាក់​វ៉ាក់សាំង​ចំនួន ៣ កន្លែង គឺ ១ ​សាលាបឋមសិក្សា​ស្រែអំបិល ស្ថិតនៅ​ភូមិ​ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល​។ សាលាបឋមសិក្សា​ជីខលើ ស្ថិតនៅ ភូមិ​ជីខ ឃុំ​ជីខលើ ស្រុក​ស្រែអំបិល និង ទី​៣ ស្ថិតនៅ​សាលាបឋមសិក្សា​បឹងព្រា ស្ថិតនៅ ភូមិ​បឹងព្រាវ ឃុំ​បឹងព្រាវ ស្រុកស្រែ​អំបិល​។

មន្ទីរសុខាភិបាល​បាន​ណែនាំ​ដល់​សាធារណជន​ទាំងអស់​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ក្នុង​ភូមិសាស្ដ្រ​ខាងលើ​អញ្ជើញ​មកចាក់​វ៉ាក់សាំង​នៅ​ទីតាំង និង​កាលបរិច្ឆេទ​ដែល​បាន​កំនត់​ដូចខាងលើ​កុំបី​ខាន ដោយ​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លងដែន ឬ​សំបុត្រកំណើត ឬ​សៀវភៅ​ស្នាក់នៅ ឬ​ឆាយា (​សម្រាប់​ព្រះសង្ឃ​) ។

បើ​ប្រជាពលរដ្ឋ​មាន​ចម្ងល់​ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​នេះ មន្ទីរ​សុខាភិបាល បាន​ណែនាំ​ឱ្យ​ទាក់ទង​ព័ត៌មាន​បន្ថែម​ទៅ​កាន់​លោកស្រី ឆេង ចិន្តា លេខ​ទូរស័ព្ទ ០១៦ ៥៣៥ ៣៧៣, លោកស្រី ធឿន ចន្ទី លេខ​ទូរស័ព្ទ ០១៧ ៩៨៩ ៨៦១, និង​លោក ច័ន្ទ គាណារិទ្ធ លេខ​ទូរស័ព្ទ ០៨៦ ៤៤៥ ៨៦៦​។

នៅ​ព្រឹក​ថ្ងៃទី​ ១៨ ខែមិថុនា​នេះ លោក ឈេង សុវណ្ណដា អភិបាលក្រុង​ខេមរភូមិន្ទ​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​លោក លោកស្រី​អភិបាលរងក្រុង នាយក​រដ្ឋបាល ចៅសង្កាត់ មេ​ប៉ុស្តិ៍​រដ្ឋបាល​មេភូមិ​ផ្សព្វផ្សាយ ដើម្បី​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ទូទាំង​ក្រុង​ខេមរភូមិន្ទ​នា​ថ្ងៃទី​ ២០ ខែមិថុនា ២០២១ ​ខាងមុខ​នេះ​ផងដែរ​៕