កោះកុងៈ រដ្ឋបាលខេត្តកោះកុង នៅល្ងាចថ្ងៃទី ១៨ ខែមិថុនានេះ បានប្រកាសពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦៥នាក់បន្ថែមទៀត ខណៈខេត្តនេះ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់ការឆ្លងកូវីដ ចាប់ពីថ្ងៃទី២០ ខែមិថុនាតទៅ។
យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ១៩ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦៥នាក់ (ស្រី ៤៤ នាក់) បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ ចំនួន ៣នាក់ (ស្រី ១នាក់)។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុងចេញនៅថ្ងៃសុក្រនេះ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖«តាមការណែនាំរបស់ក្រុមគ្រូពេទ្យអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ខាងលើ ត្រូវបន្តធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល ១៤ថ្ងៃ ជាមួយនឹងការអនុវត្តវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ព្រមទាំងការណែនាំនានារបស់ក្រសួងសុខាភិបាល»។
ជាមួយគ្នានេះ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោក ទៅ ម៉ឹង ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះថា នៅពេលនេះ លោកកំពុងប្រជុំ ដើម្បីរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលគ្រោងធ្វើនៅថ្ងៃទី ២០ ខែមិថុនា។
ក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តកោះកុង ចេញផ្សាយថ្ងៃទី១៨ ខែមិថុនានេះ បានឲ្យដឹងថា គោលដៅចាក់វ៉ាក់សាំងទី១ នឹងធ្វើឡើង នៅក្រុង ខេមរភូមិន្ទ និងគោលដៅទី ២ នៅស្រុកស្រែអំបិលនៅតាមទីតាំងផ្សេងៗគ្នាមួយចំនួន៕