ភ្នំពេញៈ វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ស៊ីណូវ៉ាក់​ជា​ការបញ្ជាទិញ​របស់​រាជរដ្ឋាភិបាល​ពី​ប្រទេស​ចិន​ចំនួន ១ លានដូស​ទៀត​នឹងត្រូវ​ដឹក​មកដល់​កម្ពុជា​នៅ​ព្រឹក​នេះ ខណៈ​ត្រឹម​ថ្ងៃទី ១៨ ខែមិថុនា​នេះ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ និង​មន្ដ្រីរាជការ​សរុប​ជាង ៣,២ លាន​នាក់។ នេះ​បើតាម​ក្រសួង សុខាភិបាល។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ១ លានដូស​ទៀត​នឹង​ដឹក​មកដល់​កម្ពុជា​វេលា​ម៉ោង​ប្រមាណ ១០ ព្រឹក​ថ្ងៃនេះ ដែល​វ៉ាក់សាំង​នេះ​គឺ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ស៊ីណូវ៉ាក់​របស់​ចិន។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​ ដោយ​តាម​ទិសដៅ​ដែល​បាន​ដាក់ចេញ គឺ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ឱ្យបាន​ប្រមាណ ១០ លាន​នាក់​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​សរុប។

គិត​ចាប់ពី​ថ្ងៃទី ៧ ខែកុម្ភៈ មកដល់​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជាង ៨ លានដូស​រួចហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ។ វ៉ាក់សាំង​កូវីដ ១៩ ដែល​ទទួលបាន​ហើយ​កំពុង​ចាក់​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគច្រើន​បំផុត​ជា​វ៉ាក់សាំង​ជំនួយ និង​ការបញ្ជាទិញ​ពី​ប្រទេស​ចិន។

តាម​ការបញ្ជាក់​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​យប់​ថ្ងៃទី ១៨ ខែមិថុនា​នេះ ក្រសួង​សុខាភិបាល និង​ក្រសួងការពារជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ជូន​មន្ត្រីរាជការ​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់អាវុធ​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ៣ ២៥៧ ៨៥៧ នាក់ ជា​លទ្ធផល​ចាក់​វ៉ាក់សាំង​គោលដៅ ១០ លាន​នាក់ គឺ​សម្រេច​បាន ៣២.៥៨%៕