ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ដ្រី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ​មិថុនា​នេះ​បាន​ឆ្លើយតប​ទៅ​មតិយោបល់​ពី​អ្នកវិភាគ​ និង​សាធារណជន​មួយចំនួន​ ចំពោះ​ការរិះគន់​លើ​វិស័យ​វារីវប្បកម្ម​របស់​កម្ពុជា​ថា បកស្រាយ​ខុសពី​ការពិត និង​បាន​ណែនាំ​ឱ្យធ្វើ​ការស្រាវជ្រាវ​ពីរ​បត់​នយោបាយ និង​ការធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​លើ​អនុវិស័យ​ជលផល​កន្លង​មកវិញ។

ការឆ្លើយតប​របស់​លោក វេង សាខុន នេះ​ក្រោយពី​ក្រសួង​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយតប​នឹង​ចម្ងល់​មួយចំនួន​ពាក់ព័ន្ធ​នឹង​តម្រូវការ និង​ការផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា​កាលពី​ថ្ងៃទី ១៤ ខែ​មិថុនា ដោយបាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​នឹង​ការខ្វះខាត​ក្នុង​ការផ្គត់ផ្គង់​ និង​តម្រូវការ​សម្រាប់​ទីផ្សារ​កម្ពុជា។ ប៉ុន្ដែ​ត្រូវបាន​អ្នកវិភាគ និង​សាធារណជន​មួយចំនួន​បន្ត​ការរិះគន់​ចំពោះ​ការលើកឡើង​ពី​បញ្ហា​កង្វះខាត​ត្រី​នៅក្នុង​ទីផ្សារ​កម្ពុជា​នេះ។

លោក វេង សាខុន បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា ក្រោយពី​ក្រសួង​កសិកម្ម បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី ១៤ ខែ​មិថុនា​ឆ្នាំ ២០២១ រួចមក «ក្រសួង​បាន​ទទួល​មតិយោបល់​ពី​អ្នកវិភាគ និង​សាធារណជន​មួយចំនួន ដោយ​បាន​បកស្រាយ​ខុសពី​ការពិត ប្រាសចាក​ពីអ្វី​ដែល​រាជរដ្ឋាភិបាល​បាននិង​កំពុង​ដាក់ចេញ​នូវ​នយោបាយ​កំណែទម្រង់ និង​ជំរុញ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ដើម្បី​ធានាបាន​សន្តិសុខ​ស្បៀង​ និង​ការនាំចេញ​ក្នុង​ដំណាក់កាល​ដ៏លំបាក​បណ្តាល​មកពី​ការរីករាលដាល​ជំងឺ​កូវីដ១៩។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា៖ «ក្នុង​បរិការ​នេះ​ខ្ញុំ​ចង់​ទាញអារម្មណ៍​អ្នកវិភាគ និង​សាធារណជន សូមមេត្តា​ស្រាវជ្រាវ​នូវ​អ្វី​ដែលជា​របត់​នយោបាយ​ក្នុង​ការធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​លើ​អនុវិស័យ​ជលផល​កន្លងមក ដែល​បានចាប់ផ្តើម​ពី​ការអនុវត្ត​វិមជ្ឈការ​មុន​ឆ្នាំ ២០០៦ មក​អនុវត្ត​ការគ្រប់គ្រង​វិស័យនេះ តាមបែប​មជ្ឈការ​វិញ​ក្រោយ​ឆ្នាំ ២០០៦»។

លោក​បាន​បន្តថា ដោយ​ពិនិត្យ​ឃើញ​នូវ​ភាពចាំបាច់​ប្រមុខ​រាជរដ្ឋាភិបាល បាន​សម្រេច​ធ្វើកំណែទម្រង់​សាជាថ្មី​ម្តងទៀត​ក្នុង​ការធ្វើ​វិមជ្ឈការ​ក្រោយ​ឆ្នាំ ២០១៦ ដោយ​ត្រូវ​ប្រគល់​សិទ្ធិអំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ប្រគល់​សិទ្ធិអំណាច​ជូនទៅ​អភិបាល​នៃ​គណៈអភិបាល​រាជធានី-ខេត្ត​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ​បង្ក្រាប​បទល្មើស​ជលផល និង​ព្រៃឈើ​ដែល​ស្ថិត​នៅក្នុង​ដែនដី​របស់ខ្លួន។ ការណ៍​នេះ​ទាមទារ​ពេលវេលា​ក្នុង​ការកសាង និង​ពង្រឹង​សមត្ថភាព​បន្ថែមទៀត​ដែល​ក្នុង​ករណី​នេះ គឺ​ក្រសួង​អាច​អន្តរាគមន៍ លុះត្រា​តែមាន​សំណូមពរ​ចាំបាច់​តែប៉ុណ្ណោះ។

លោក វេង សាខុន បាន​បន្តថា ការបាត់បង់​ធនធាន​ធម្មជាតិ​កន្លង​មក​មាន​ហេតុផល​ជាច្រើន​ ដែល​ជា​លក្ខណៈ​សត្យានុមត្តិ មិនមែន​ក្រសួង​មិន​បាន​ធ្វើ និង​ដោះស្រាយ​នោះទេ។ លោក​ថា អ្វីៗ​បាន​ផ្តើម​ចេញពី​ដំណើរ​នៃ​ការរីក​លូតលាស់​នៃ​វិស័យ​សេដ្ឋកិច្ចជាតិ សង្គម កំណើន​ទីក្រុង និង​ប្រជាជន រួម​នឹង​ការកកស្ទះ​ដីល្បាប់​តាម​បណ្តា​ផ្លូវទឹក និង​បណ្តា​ព្រែក​នានា នៅ​តាម​ដង​ទន្លេ​ជាដើម។

លោក​បានលើក​ឡើង​ទាក់ទង​នឹង​ការធ្វើ​វារីវប្បកម្ម​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន គឺ​ស្ថិត​នៅ​រាយប៉ាយ ខ្វះទុន ខ្វះ​ប្រភពទឹក។ ហើយ​ការចិញ្ចឹម មិន​បាន​ដាក់ចេញ​នូវ​ការចិញ្ចឹម​ជា​លក្ខណៈ​បណ្តាក់​តគ្នា​បានល្អ​នោះទេ។ ការប្រមូល​ផល​ជួប​ការលំបាក​ត្រូវ​ប្រើពេល​យូរ​ចេញ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដែល​ត្រូវការ​ពេលវេលា​ច្រើន ដើម្បី​ប្រមូល​ធ្វើការ​ផ្គត់ផ្គង់​ទីផ្សារ និង​ការដឹកជញ្ជូន​មកកាន់​ទីផ្សារ​ចែកចាយ។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា៖ «នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដែល​យើង​បាន និង​កំពុង​ពិនិត្យ និង​ដោះស្រាយ​ជា​លក្ខណៈ​អន្តរក្រសួង​ជាបណ្តើរ»។

លោក​បានឱ្យ​ដឹងថា ក្នុងនេះ​មាន​ក្រសួង​ និង​ស្ថាបន ចំនួន ៧ ដែល​មាន​ការជាប់​ទាក់ទង​ទៅនឹង ទី ១ គោលនយោបាយ​នៃ​ការត្រួតពិនិត្យ និង​ការបង់ពន្ធ​នៃ​ការនាំចូល។ ទី ២ ការគ្រប់គ្រង​ទីផ្សារ និង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​ និង​ក្រៅ​ស្រុក។ ទី ៣ ការគ្រប់គ្រង​ធនធានទឹក រួមទាំង​ព្រែក ស្ទឹង បឹងបួរ និង​បឹង​ទន្លេសាប ហើយ​នឹង​ផ្គត់ផ្គង់​ទឹក​ក្នុង​ការធ្វើ​វារីវប្បកម្ម។ ទី ៤ ការជួយ​គាំទ្រ និង​ការលើក​ទឹកចិត្ត​ក្នុង​ការកែច្នៃ​ផលិតផល​ជលផល និង​ចំណី ប្រកប​ដោយ​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង ទី ៥ ការផ្តល់​ឥណទាន និង​ទី ៦ ការជួយ​គាំទ្រ​ពី​អាជ្ញាធរ​ដែនដី​ដល់​ការជួយ​គាំទ្រ​សកម្មភាព​នានា​នៅ​នឹង​មូលដ្ឋាន​ផងដែរ។

បើតាម​លោក វេង សាខុន បើទោះបី​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដែល​នៅ​សេសសល់​ទាក់ទង​ទៅនឹង​ការធ្វើ​វារីវប្បកម្ម និង​បញ្ហា​ទីផ្សារ​យ៉ាងណា​ក៏ដោយ ក៏​ការធ្វើ​វារីវប្បកម្ម​នៅ​កម្ពុជា​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ (២០១៥-២០២០) បាន​ប្រព្រឹត្ត​ទៅ​ទទួល​បាន​វឌ្ឍនភាព ដោយ​មាន​សន្ទុះ​គួរឱ្យ​កត់សម្គាល់។

លោក​រដ្ឋមន្ដ្រី​បាន​បង្ហាញ​ទិន្នផល​វារីវប្បកម្ម​ប្រមូល​ប្រចាំឆ្នាំ​ចាប់ពី​ឆ្នាំ ២០១៥ ទទួល​បាន ១៤៣ ១៤១ តោន, ២០១៦ ទទួលបាន ១៧២ ៥០០ តោន, ២០១៧ ទទួលបាន ២០៧ ៤៤៣ តោន, ២០១៨ ទទួលបាន ២៥៤ ០៤៨ តោន, ២០១៩ ទទួលបាន ៣០៧ ៤០៨ តោន, (មាន​កំណើន​ទិន្នផល​វារីវប្បកម្ម​ប្រចាំឆ្នាំ​ជា​មធ្យម ២០,៦% ចាប់ពី​ឆ្នាំ ២០១៥-២០១៩) និង​នៅ​ឆ្នាំ ២០២០ កើនឡើង​ដល់ ៤០០ ៤០០ តោន មាន​កំណើន ៣០% ធៀប​ទៅនឹង​ឆ្នាំ ២០១៩។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា៖ «កំណើន​ឡើងជា​លំដាប់​នៃ​ទិន្នផល​វារីវប្បកម្ម​នេះ ដោយសារ​តែ​មាន​ការចាប់​អារម្មណ៍ និង​ចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ និង​បងប្អូន​វារីវប្បករ​កម្ពុជា​យើង។ គួបផ្សំ​នឹង​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​បច្ចេកទេស និង​ទុន​ជា​ប្រាក់កម្ចី និង​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា​ផងដែរ​ចំពោះ​សកម្មភាព​អភិវឌ្ឍន៍​វារីវប្បកម្ម​នៅ​កម្ពុជា»។

លោក​បន្ថែមថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​រៀបចំ​នូវ​វិធានការ​គោលនយោបាយ​ជំរុញ​វារីវប្បកម្ម​ឆ្នាំ ២០២១-២០២៣ ក្នុង​គោលបំណង​បងើ្កន​ផលិតភាព​វារីវប្បកម្ម​ឱ្យមាន​ការប្រកួតប្រជែង បរិយាប័ន្ន និង​និរន្តរភាព៕

វីដេអូ៖