ស្វាយរៀងៈ រដ្ឋបាលខេត្ត​ស្វាយរៀង​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ពី​តួលេខ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ចំនួន ៤៣ នាក់​បន្ថែមទៀត​ ដែល​ធ្វើឲ្យ​ចំនួន​អ្នក​ឆ្លង​ក្នុង​ខេត្ត​នេះ​បាន​កើន​ដល់ ១ ៣៨១ នាក់​ក្នុងនោះ​មាន​ពាក់ព័ន្ធ​នឹង​រោងចក្រ​ចំនួន ៧ ខណៈ​អ្នកស្លាប់​ថ្មី​រកឃើញ ២ នាក់​ និង​អ្នក​ជាសះស្បើយ​ថ្មី​មាន ២៧ នាក់។

យោងតាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​បាន​ឲ្យ​ដឹងថា អ្នក​ឆ្លង​ជំងឺ​ទើប​រកឃើញ​ថ្មី​ទាំងនោះ​រស់នៅ​ស្រុក/ក្រុង​ចំនួន ៧ ក្នុង​នោះ​ក្រុង​បាវិត​ចំនួន ១៣ នាក់ ក្រុង​ស្វាយរៀង ៦ នាក់ ស្រុក​ចន្ទ្រា ៦ នាក់ ស្រុក​ស្វាយទាប ៥ នាក់ ស្រុក​កំពង់រោទិ៍ ៥ នាក់ ស្រុក​រមាសហែក ៥ នាក់ និង​ស្រុក​ស្វាយជ្រំ ៣ នាក់។

ប្រភព​ដដែល​បាន​បញ្ជាក់ដែរថា​ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំងអស់​នៅមាន​ចំនួន ១៧ នាក់​ជា​កម្មករ-កម្មការិនី​ដែល​ធ្វើការ​នៅ​រោងចក្រ​ក្នុង​ខេត្ត​នេះ​ចំនួន ៧ ក្នុង​នោះ​មាន​រោងចក្រ Tokyo Parks ចំនួន ៤ នាក់,រោងចក្រ King Maker ចំនួន ៤ នាក់,រោងចក្រ​កៅវ៉េ ៣ នាក់,រោងចក្រ Elite ចំនួន ៣ នាក់,រោងចក្រ​ Brilliant Lighting ចំនួន ១ នាក់,រោងចក្រ DL ចំនួន ១ នាក់ និង​រោងចក្រ​សាន់ហ្វាង ១ នាក់។ ក្រៅពី​អ្នក​ឆ្លង​ថ្មី​នេះ​ក៏បាន​បង្ហាញ​ពី​អ្នកជា​សះស្បើយ​ថ្មី​ចំនួន ២៧ នាក់​ និង​អ្នកស្លាប់ ២ នាក់​បន្ថែម​ផងដែរ។

ជាមួយ​នឹង​ការបង្ហាញ​តួលេខ​នៃ​អ្នកជំងឺ​នេះ​រដ្ឋបាលខេត្ត​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ពាក់ព័ន្ធ​ផ្ទាល់​ និង​ប្រយោល​ត្រូវធ្វើ​ចត្តាឡីស័ក​នៅផ្ទះ ១៤ ថ្ងៃ​ ដើម្បី​តាមដាន​សុខភាព។ ប្រសិនបើ​មាន​អាការ​ខុសពី​ប្រក្រតី​ដូចជា ក្ដៅខ្លួន ក្អក កណ្ដាស់ ឈឺបំពង់ក ពិបាក​ដកដង្ហើម​សូម​ផ្ដល់​ព័ត៌មាន​ដល់​អាជ្ញាធរ​ និង​រួសរាន់​ទៅយក​សំណាក​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ ឬ​ទាក់ទង​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត​តាមរយៈ​លេខ​ទូរស័ព្ទ ០៩៧ ៣៣ ៨៨ ៧៧៧៧ ឬ​ទៅកាន់​ក្រុមការងារ​ស្រាវជ្រាវ​ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូវីដ ១៩ ខេត្ត​តាម​លេខ ០៩៧៥០ ៣៤៥៦៧/០៨៨៧៨៣៦៦៦។ ក្រៅពីនេះ​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល​ និង​វិធានការ ៣ការពារ ៣កុំ​ របស់​លោកនាយក​រដ្ឋមន្ត្រី​ឲ្យ​បាន​ខ្ជាប់ខ្ជួន។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​នៅ​ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ចំនួន ១ ៣៨១ នាក់ អ្នកជា​សះស្បើយ​មាន ៩០៩ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​បាន ៤៦៣ នាក់​ និង​អ្នកស្លាប់​កើន​ដល់ ៩ នាក់៕