ភ្នំពេញៈ ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែមិថុនា​នេះ​បាន​ប្រកាស​រកឃើញ​វីរុស​កូវីដ ១៩ បម្លែង​ថ្មី​ប្រភេទ B.1.617-2 (Delta) ចំនួន ៧ ករណី លើ​អ្នកដំណើរ​ចូលមក​កម្ពុជា តាម​ច្រកព្រំដែន​កម្ពុជា-ថៃ ហើយ​បាន​ចូលទៅ​កាន់​ខេត្ដ​ចំនួន ។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន។

ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ការរកឃើញ​វីរុស​ប្រភេទ​ថ្មី​ប្រភេទ B.1.617-2 (Delta) ចំនួន ៧ ករណី​នេះ​តាមរយៈ​លទ្ធផល​នៃ​ការធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លើ​អ្នកដំណើរ​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​កម្ពុជា-ថៃ​កាលពី​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១។ បុគ្គល​វិជ្ជមាន​កូវីដ ១៩ ប្រភេទ​ថ្មី​ទាំងនេះ ក៏​បាន​ធ្វើដំណើរ​ចូលទៅ​កាន់​ខេត្ដ​ចំនួន ៥ ទៀត​ផង​ដែរ។

ក្នុង​នោះ​រួមមាន ខេត្ត​បន្ទាយមានជ័យ (ចំនួន ១ នាក់) ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ក្របៅ ឃុំ​ភ្នំលៀប ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយមានជ័យ។ ស្ត្រី​រូបនេះ​ជា​ពលករ​មកពី​ប្រទេស​ថៃ (ខេត្ត​ឈុនបូរី) មុខរបរ​ជា​កម្មករ​សំណង់ (រយៈពេល ១ ឆ្នាំ) ត្រឡប់​ចូល​កម្ពុជា​តាម​ច្រកព្រំដែន​អូរបីជាន់​កាលពី​ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ន​ស្ដ្រី​រូបនេះ កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ប៉ោយប៉ែត១ ដោយ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​តែម្នាក់ឯង។

ខេត្ត​ឧត្តរមានជ័យ (ចំនួន ២ នាក់) ក្នុងនោះ​រួមមាន​បុរស​ជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ភូមិ​មិម ឃុំ​ដា ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ។ មុខរបរ ជា​កម្មករសំណង់​នៅ​ក្រុមហ៊ុន​មួយ​នៅ​ក្រុង​ថេប (ប្រហែល​ជា ៧ ខែ​មកហើយ) ដែល​តំបន់​នោះ​មាន​អ្នក​កើត​ជំងឺ​កូវីដ ១៩ ច្រើន។ បុរស​រូបនេះ បាន​ចូលមក​កម្ពុជា​តាម​ច្រក​អូរស្មាច់​នៅ​ថ្ងៃទី ៨ ខែ​មិថុនា ឆ្នាំ ២០២១។ បច្ចុប្បន្ន​បុរស​រូបនេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧត្តរមានជ័យ។ ១ ករណី​ទៀត​គឺ​បុរស​ជនជាតិ​ខ្មែរ អាយុ ៣៨ ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ភូមិ​សង្កែ ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។ មុខរបរ​ជា​កម្មករ​សំណង់ នៅ​ក្រុមហ៊ុន នៅ​ក្រុង​ថេប (ប្រហែល​ជា ៩ ខែ​មកហើយ) ដែល​ទីនោះ​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ច្រើន ហើយ​បាន​ចូលមក​កម្ពុជា​កាលពី​ថ្ងៃ​ទី ៦ ខែមិថុនា ឆ្នាំ ២០២១ តាម​ច្រក​អូរស្មាច់។ បច្ចុប្បន្ន​បុរស​រូបនេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ឧត្តរមានជ័យ។

ខេត្ត​សៀមរាប (ចំនួន ២ នាក់) ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៤០ ឆ្នាំ​មាន​អាសយដ្ឋាន​នៅ​ភូមិ​បុស្សធំ ឃុំ​រោងគោ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ជា​ពលករ​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ (ឈុនបូរី) តាម​ច្រកព្រំដែន​កម្ពុជា-ថៃ មក​ដល់​កម្ពុជា​នា​ថ្ងៃទី ៧ ខែ​មិថុនា ឆ្នាំ ២០២១ និង ស្ត្រី​ជនជាតិ​ខ្មែរ​អាយុ ៣១ ឆ្នាំ​មាន​ទីលំនៅ​នៅ​ភូមិ​តាយិក ឃុំ​ស្នូល​ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​ជា​ពលករ (នៅ​ទីក្រុង​បាងកក) បាន​វិលត្រឡប់​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី ៦ ខែមិថុនា​ឆ្នាំ ២០២១ តាម​ច្រកព្រំដែន​កម្ពុជា-ថៃ។ ក្រសួង​បញ្ជាក់ថា បច្ចុប្បន្ន​អ្នកជំងឺ​ទាំង ២ នាក់​ខាងលើ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប។

ខេត្ត​កំពង់ចាម (ចំនួន ១ នាក់) បុរស​ជនជាតិ​ខ្មែរ អាយុ ៤៧ ឆ្នាំ​មាន​អាសយដ្ឋាន​នៅ​ភូមិ​រលាក ឃុំ​ស្រុក ស្រុក​កំពង់សៀម​ខេត្ត​កំពង់ចាម។ បុរស​រូបនេះ​ជា​កម្មករសំណង់​នៅ​ក្រុង​ថេប ប្រទេស​ថៃ​បាន​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​អូរស្មាច់​នៃ​ខេត្ត​ឧត្តមានជ័យ​កាលពី​ថ្ងៃទី ៥ ខែ​មិថុនា ឆ្នាំ ២០២១។ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម។

កំពត (ចំនួន ១ នាក់) ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ១៩ ឆ្នាំ មាន​ទីលំនៅ​នៅ​ក្រុង​កំពត ខេត្ត​កំពត មកពី​ឈុនបូរី ប្រទេស​ថៃ ឆ្លង​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ តាម​ច្រកព្រំដែន​កម្ពុជា-ថៃ។ បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​តាំងពី​ថ្ងៃទី ៩ ខែ​មិថុនា​ឆ្នាំ ២០២១។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា៖ «យោងតាម​លទ្ធផល​ខាងលើ​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣ការពារ និង ៣កុំ»។

«រីឯ​បុគ្គល​ដែល​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ត្រូវតែ​គោរព​តាម​គោលការណ៍​ការធ្វើ​ចត្តាឡីស័ក​ឱ្យ​គ្រប់​ចំនួន ១៤ ថ្ងៃ ដើម្បី​ទប់ស្កាត់​ការចម្លង​បន្ត​គ្នា​នៅក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ។ មិន​ត្រូវ​មាន​ការជួបជុំ​គ្នា ដើម្បី​ស៊ីផឹក​ ឬ​បង្កឱ្យ​មាន​ការជួបជុំ​គ្នា​ច្រើន​កុះករ​ដូចជា​ពិធី​ភ្ជាប់ពាក្យ​ ឬ​ពិធី​បុណ្យទាន​អ្វីមួយ មិនត្រូវ​ទៅ​កន្លែង​ដែល​បិទជិតៗ ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក បន្ទប់​គ្មាន​ខ្យល់​ចេញចូល​ និង​ត្រូវ​កាត់បន្ថយ​ការធ្វើ​ដំណើរ​ចល័ត​ ឬ​នៅផ្ទះ ប្រសិនបើ​មិនមាន​ភារកិច្ច​ចាំបាច់​ត្រូវ​ចេញ​ក្រៅ»។

ក្រសួង​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង នៅពេល​ដែល​ដល់​វេន​សូម​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ឱ្យ​បាន​គ្រប់ៗ​គ្នា៕

វីដេអូ៖