ភ្នំពេញៈ វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ស៊ីណូវ៉ាក់ ដែលជា​ការបញ្ជាទិញ​របស់​រាជរដ្ឋាភិបាល​ពី​ប្រទេស​ចិន​ចំនួន ១ លានដូស​ទៀត បាន​ដឹក​មកដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​នេះ ខណៈ​វ៉ាក់សាំង ២ លានដូស​ទៀត​នឹង​មកដល់​នា​ចុងខែ​មិថុនា​នេះ។ នេះ​បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល។

លោកស្រី យក់ សម្បត្តិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ពេល​ទទួល​វ៉ាក់សាំង​កូវីដ ១៩ ស៊ីណូវ៉ាក់ ចំនួន ១ លានដូស​ដែល​រាជរដ្ឋាភិបាល​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​នាព្រឹក​នេះ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ក្នុង​ខែមិថុនា ឆ្នាំ ២០២១ នេះ​រាជរដ្ឋាភិបាល​នឹង​ទទួល​វ៉ាក់សាំង​ពី​ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន ២ លានដូស​ទៀត ដែល​វ៉ាក់សាំង​នេះ​នឹង​មកដល់​កម្ពុជា​នៅ​សប្ដាហ៍​ចុងក្រោយ​នៃ​ខែមិថុនា​នេះ។

លោកស្រី​ថ្លែងថា៖ «យើង​នឹង​ទទួល​វ៉ាក់សាំង​ចំនួន ៣ លានដូស​ទៀត​នៅក្នុង​ខែ​កក្កដា​ខាងមុខ។ សម្ដេចតេជោ​ប្រមុខ​រាជរាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​គណៈកម្មការ​លទ្ធកម្ម ទិញ​វ៉ាក់សាំង​ចំនួន ៣ លានដូស​ទៀត​នេះ ដែល​យើង​នឹង​ចុះហត្ថលេខា​ក្នុងពេល​ឆាប់ៗ​ជាមួយ​ក្រុមហ៊ុន​ស៊ីណូវ៉ាក់»។

លោកស្រី យក់ សម្បត្តិ អះអាង​ថា ទោះបីជា​យ៉ាងណា រាជរដ្ឋាភិបាល​នឹង​សម្រេច​ឱ្យបាន​តាម​គោលដៅ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ​តាម​ផែនការ​ដែល​គ្រោងទុក​ទូទាំងប្រទេស ព្រោះ​រាជរដ្ឋាភិបាល​កំពុង​ធ្វើការ​ផ្គត់ផ្គង់​វ៉ាក់សាំង​មក​កម្ពុជា​ជា​បន្តបន្ទាប់។

លោកស្រី​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ សូម​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ការពារ និង​កាត់ផ្ដាច់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា។

សរុប​ទាំង​វ៉ាក់សាំង ១ លានដូស​នេះ​ទៀត កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ជាង ៩ លានដូស​ហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស។ វ៉ាក់សាំង​កូវីដ ១៩ ដែល​រដ្ឋាភិបាល​ទទួល​បាននិង​កំពុង​ចាក់​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគច្រើន​បំផុត​ជា​វ៉ាក់សាំង​ជំនួយ និង​ការបញ្ជាទិញ​របស់​រដ្ឋាភិបាល​ពី​ប្រទេស​ចិន។

តាម​ការបញ្ជាក់​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​យប់​ថ្ងៃទី ១៨ ខែ​មិថុនា​នេះ ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ជូន​មន្ត្រីរាជការ​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់អាវុធ​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ៣ ២៥៧ ៨៥៧ នាក់ ជា​លទ្ធផល​ចាក់​វ៉ាក់សាំង​គោលដៅ ១០ លាន​នាក់ គឺ​សម្រេចបាន ៣២,៥៨%៕

វីដេអូ៖