បន្ទាយមានជ័យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានសម្រេច​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន​ក្នុង​រយៈពេល ១ សប្ដាហ៍​បន្តទៀត​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី ២០ មិថុនា​តទៅ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

យោងតាម​សេចក្ដី​សម្រេច​ដែល​បាន​ធ្វើឡើង​កាលពី​ម្សិលមិញ​គឺជា​ការបន្ត​អនុវត្ត​តាម​ស្មារតី​នៃ​សេចក្ដី​សម្រេច ១៨៧/២១ របស់​រដ្ឋបាលខេត្ត​កាលពី​ថ្ងៃ ១១ មិថុនា​ស្តីពី​ការបន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ១៩​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

នៅក្នុង​សេចក្ដី​សម្រេច​នេះ​រដ្ឋបាល​ខេត្ត​បាន​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​សកម្មភាព​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​នេះ​ចាប់ពី​ម៉ោង ២២ រហូតដល់​ម៉ោង ៤ ភ្លឺ។ ក៏ប៉ុន្តែ​បាន​លើកលែង​ចំពោះ​ករណី​មួយ​ចំនួន​ដូចជា​ការដឹក​ទំនិញ​ធុន​ធ្ងន់​ពី​ព្រំដែន​ថៃ​មក​ព្រំដែន​កម្ពុជា​ និង​ពី​ព្រំដែន​កម្ពុជា​ទៅ​ព្រំដែន​ថៃ,ការធ្វើ​ដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់​ និង​មូលហេតុ​ចាំបាច់​ក្នុង​គ្រួសារ​ដែល​មាន​លិខិត​បញ្ជាក់​ ឬ​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត,ការធ្វើ​ដំណើរ​របស់​បុគ្គលិក​ក្រុមគ្រូពេទ្យ​ទាំង​ផ្នែក​រដ្ឋ​ និង​ឯកជន មន្ត្រីរាជការ ក្រុម​ពន្លត់​អគ្គិភ័យ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ដើម្បី​បំពេញ​បេសកកម្ម​ជន​ស្ថាប័ន-អង្គភាព,ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​កុងតឺន័រ រថយន្ត​សម្រាប់​បម្រើ​ឲ្យ​ការដឹកជញ្ជូន​ទំនិញ ផ្គត់ផ្គង់​ការដ្ឋាន​សំណង់ រថយន្ត​បាញ់​បេតុង រថយន្ត​ដឹក​សំរាម សំណល់​រឹង សំណល់​វេជ្ជសាស្ត្រ​ និង​ការធ្វើ​ដំណើរ​ចាំបាច់​ផ្សេងៗ​ទៀត​ ដែល​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ក្រៅពី​នេះ​រដ្ឋបាលខេត្ត​ក៏បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​អ្នក​បំពាន​នឹង​បម្រាម​នេះ​ផងដែរ ដោយ​ត្រូវ​ទទួលទោស​ទៅតាម​ការកំណត់​នៅក្នុង​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ផ្សេងទៀត​ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន។

កាលពី​ថ្ងៃ ១៧ មិថុនា​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ចំនួន ៤៧ នាក់​បន្ថែមទៀត រស់នៅ​ស្រុក/ក្រុង​ចំនួន ៥ រួមមាន ស្រុក​ពួក ស្រុក​សិរីសោភ័ណ ស្រុក​មង្គលបុរី ស្រុក​ព្រះនេត្រព្រះ និង​ក្រុង​ប៉ោយប៉ែត ក្នុងនោះ​ក្រុង​ប៉ោយប៉ែត​មាន​ករណី​ឆ្លង​ច្រើន​ជាងគេ​ ដែល​មាន​រហូត​ដល់ ៤២ នាក់៕