ខេត្តកណ្តាលៈ អ្នក​អភិរក្ស​សត្វ​ត្រចៀកកាំ សហការ​ជាមួយ​ប្រជាការពារ និង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រកាជន្លឹង ឃាត់ខ្លួន​អ្នក​ដាក់​អន្ទាក់​សត្វ​ស្លាប​បាន ៣ នាក់ ប្រគល់​ទៅ​អាជ្ញាធរ​ស្រុក​នៅ​ម៉ោង ១១ យប់​ថ្ងៃទី ១៨ ខែមិថុនា បន្ទាប់ពី​ឃាត់​បាន​នៅ​ចំណុច​បឹង​ខ្ជោ ភូមិ​ជន្លឹង ឃុំរ​កាជន្លឹង ស្រុក​ខ្សាច់កណ្តាល។

លោក​ ប្រាក់ សុជាតិ អ្នក​អភិរក្ស​ត្រចៀកកាំ ថ្លែង​ថា លោក​បាន​សហការ​ជាមួយ​ប្រជាការពារ​ចាប់​ឃាត់​បាន​អ្នក​ដាក់​អន្ទាក់​សត្វ​ស្លាប​បាន​ចំនួន ៣ នាក់ ដែល​មាន​សំនៀង​ក្នុង​ការនិយាយស្តី​ដូច​ជា​ជនជាតិ​វៀតណាម។ លោក​ថ្លែងថា៖ «ខ្ញុំ​បាន​តាមដាន​មក​យូរ​ហើយ​គ្នា​គាត់​មិនមែន ៣ នាក់​ទេ គឺមាន ៥ ម៉ូតូ​គ្នា​ប្រហែល​ជា ៧ នាក់​ ប៉ុន្តែ​ម្សិលមិញ​គាត់​មក​តែ ៣ នាក់​ទេ។ អ៊ីចឹង​យើង​ចាប់បាន ៣ នាក់ ជាមួយ​សម្ភារ​មាន​អួន សត្វ​មួយ​ទ្រុងមាន​ទាំង​ចាប និង​ត្រចៀកកាំ និង​ម៉ូតូ​សង់​កូរ៉េ ២ គ្រឿង»។

លោក​ សុជាតិ ប្រាប់ថា លោក​បាន​សាកសួរ​ទៅ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​ជា​លទ្ធផល​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្រុម​អ្នក​ដាក់​អន្ទាក់​ធ្លាប់​ចុះ​មក​ដាក់​បាន ១៤ ទ្រុង ក្នុង​រយៈ​ប៉ុន្មាន​ខែ​មុន ដែល​ក្នុង ១ ទ្រុង​ដាក់​សត្វ​ស្លាប​បាន ៣០០ ក្បាល។ លោក​ថ្លែងថា៖ « ដោយសារ​លើក​នេះ វា​រាង​ស្បើយ​សត្វ ពួកគាត់​ចាប់​បាន​តែ ៣០០ ក្បាល​ទេ។ ក្រុម​អ្នក​ចាប់​សត្វ​គាត់​មកពី​ភូមិ​ផ្សេង គាត់​នៅ​អារិយ្យក្សត្រ​បាន​ចុះ​មក​ទាក់​យក​សត្វ​ស្ទើរតែ​រាល់​ឆ្នាំ» ។

លោក ឃី សុខសាន្ត អ្នក​អភិរក្ស​សត្វ​ត្រចៀកកាំ​ថ្លែង​ថា សកម្មភាព​នៃ​ការដាក់​អន្ទាក់​សត្វ​បែប​នេះ បណ្តាល​ឲ្យ​ហិនហោច​ពពួកសត្វ​ព្រៃ​ ជាពិសេស​សត្វ​ត្រចៀកកាំ។ លោក​ថា សត្វ​ត្រចៀកកាំ​មិន​មាន​បង្ក​ការរំខាន ឬ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទេ មាន​តែ​ជួយ​វិស័យ​កសិកម្ម​ឲ្យ​មាន​ការដាំដុះ​បានល្អ មួយវិញ​ទៀត កម្ពុជា​កំពុង​លើកស្ទួយ​ការនាំចេញ​សម្បុក​ត្រចៀកកាំ​ទៅ​ក្រៅ​ប្រទេស។

លោក​ថ្លែងថា៖ «ទីផ្សារ​យើង វា​ទើបតែ​ថ្មី ហើយ​យើង​ទើបតែ​ចាប់ផ្តើម​រីកចម្រើន​ក្នុង​វិស័យ​ហ្នឹង អ៊ីចឹង​កាលណា​ដែល​យើង​បាត់បង់​ពូជ​ត្រចៀកកាំ​ច្រើន​វា​ធ្វើឲ្យ​ការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ការរាំងស្ទះ​ខ្លាំង។ ហើយ​កាលណា​បើ​ចាប់​សត្វ​ត្រចៀកកាំ​អស់អ្នក​ធ្វើ​ផ្ទះ​ត្រចៀកកាំ​អស់​រាប់ម៉ឺន​ដុល្លារ​នោះ នឹង​ទៅជា​អាសាបង់ ដូច​យកលុយ​ទៅ​បោះចោល ប៉ុន្តែ​យើង​មិនមែន​គិតតែ​លើ​សត្វ​ត្រចៀកកាំ​ទេ សត្វ​ស្លាបផ្សេងៗ​ក៏​គួរតែ​ការពារ​ដែរ ដូចជា​សត្វ​ចាប សត្វ​អីហ្នឹង» ។

លោក គោត សុគន្ធ មេប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រកាជន្លឹង ថ្លែងថា ពលរដ្ឋ​ឃាត់ខ្លួន​អ្នក​ដាក់​អន្ទាក់​បាន​ហើយ​ទើប​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ឲ្យ​ជួយ​អន្តរាគមន៍។ លោក​ សុគន្ធ បញ្ជាក់ថា លោក​មិនបាន​កំណត់​អត្តសញ្ញាណ​អ្នក​ដាក់​អន្ទាក់​ជា​នរណា​នោះទេ ព្រោះ​ការឃាត់ខ្លួន​ធ្វើ​ឡើង​នៅពេល​យប់ ហើយ​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ទៅ​អាជ្ញាធរ​ស្រុក។

លោក​ថ្លែងថា៖ «ខ្ញុំ​អត់​បាន​ស្រង់​អត្តសញ្ញាណ​អ្នក​ដាក់​អន្ទាក់​ ដោយសារ​ទី ១ វា​យប់ ហើយ​ទី ២ ខាង​ស្រុក​គេ​ឲ្យ​បញ្ជូន​ទៅ ទុក​ឲ្យ​គាត់​អ្នកធ្វើ​កំណត់ហេតុ។ ពេល​ខ្ញុំ​ប្រគល់​ឲ្យ ខាង​ស្រុក​ប្រាប់​ថា ព្រឹក​ថ្ងៃទី ១៩ ខែមិថុនា​នេះ​នឹង​ធ្វើ​កិច្ចសន្យា​អប់រំ ណែនាំ ហើយ​ឲ្យ​ពួកគាត់​ទៅ​លំនៅឋាន​វិញ»។

យ៉ាងណា​ក៏ដោយ អភិបាលស្រុក​ខ្សាច់កណ្តាល លោក ប៊ុន ផេង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​នេះ​ថា លោក​មិន​បាន​ដឹង​ពី​រឿង​នោះទេ៕