សៀមរាប៖ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​សម្រេច​កំណត់​ភូមិសាស្ត្រ​ភូមិ​អន្លង់​ពីរ​ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទបាគង ឲ្យ​ទៅ​ជា «តំបន់​លឿង» ក្នុង​រយៈពេល ២ សប្ដាហ៍ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​អ្នក​ដែល​បំពាន​នឹង​ការ​សម្រេច​នេះ។

តាម​ការ​សម្រេច​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​បាន​បញ្ជាក់​ថា៖ «ត្រូវ​បាន​កំណត់​ភូមិសាស្ត្រ​ភូមិ​អន្លង់ពីរ (ផ្នែក​ខាង​ជើង​ផ្លូវ​ជាតិ​លេខ ៦) ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​ជា «តំបន់​លឿង» រយៈពេល ២ (ពីរ) សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃទី ១៨ មិថុនា ដល់​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩»។

យ៉ាង​ណា​ក្ដី អភិបាល​ខេត្ត​សៀមរាប​ លោក ទៀ សីហា បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​សម្រេច​នោះ​ថា ការ​ធ្វើ​ដំណើរ សកម្មភាព​ការងារ មុខ​របរ និង​អាជីវកម្ម​ក្នុង «តំបន់​លឿង» នេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​លើកលែង​តែ​សាលា​រៀន រួម​ទាំង​សាលា​រដ្ឋ និង​ឯកជន ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។

ក៏​ប៉ុន្តែ​ដោយ​យោង​តាម​ការ​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ រដ្ឋបាល​ខេត្ត​នឹង​ពិនិត្យ​សម្រេច​ហាម​ឃាត់​សកម្មភាព​មុខងារ មុខរបរ និង​អាជីវកម្ម​ផ្សេង​ទៀត​ផង​ដែរ។

បើ​តាម​សេចក្ដី​សម្រេច​នេះ រាល់​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម ដែល​បើក​ដំណើរការ​នៅ​ក្នុង «តំបន់​លឿង» ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់ ក្នុង​នោះ​មាន​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​បុគ្គល និង​ត្រូវ​ប្រកាន់​យក​នូវ​ការ​ធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ ការ​វាស់កម្ដៅ និង​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ផ្សេង​ទៀត។

ជាមួយ​គ្នា​នេះ អភិបាល​ខេត្ត​បាន​តម្រូវ​ឲ្យ​ស្ថាប័ន​ក្រោម​ឱវាទ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ទីតាំង​បិទ​ខ្ទប់​នេះ ត្រូវ​ទទួល​អនុវត្ត និង​សម្របសម្រួល​លើ​ការងារ​ចាំបាច់​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន ផ្នែក​សន្តិសុខ សណ្ដាប់​ធ្នាប់ ការ​ត្រួត​ពិនិត្យ និង​គ្រប់គ្រង​កន្លែង​លក់​ម្ហូប​អាហារ ហាង​ទំនិញ និង​ផ្គត់ផ្គង់​ទំនិញ ការ​យក​សំណាក ការ​ធ្វើ​ចត្តាឡីស័ក ការ​ព្យាបាល​ជំងឺ​កូវីដ ១៩ និង​ផ្ដល់​សេវា​ទូទៅ​ផង​ដែរ។

ទន្ទឹម​នឹង​នេះ រដ្ឋបាល​ខេត្ត​ក៏​បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ ចំពោះ​អ្នក​ដែល​បំពាន​លើ​រាល់​វិធានការ​ហាម​ឃាត់​នៅ​ក្នុង «តំបន់​លឿង» នេះ ដោយ​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់។

ការ​ព្រមាន​នេះ បាន​បញ្ជាក់​ថា៖ «បុគ្គល ឬ​នីតិបុគ្គល​ទាំង​ឡាយ​ណា​ដែល​មិន​អនុវត្ត​តាម​សេចក្ដី​សម្រេច​នេះ នឹង​ត្រូវ​កសាង​សំណុំ​រឿង​ទៅ​អង្គភាព​តុលាការ ដើម្បី​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ និង​ទោស​ពិន័យ​ជា​ប្រាក់​ស្រប​តាម​មាត្រា ១០ និង​មាត្រា ១១ នៃ​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន»៕