ភ្នំពេញ៖ តប​តាម​សំណើ​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា គណៈកម្មការ​រៀបចំ​ការ​ប្រឡង​នៃ​ក្រសួង​មុខងារ​សាធារណៈ​បាន​ប្រកាស​ការ​ប្រឡង​ជ្រើសរើស សិស្ស និស្សិត និង​មន្ត្រី​រាជការ​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្រ្ដី​ក្រសួង​សង្គមកិច្ច​ចំនួន ១៣៩ នាក់ សម្រាប់​ឆ្នាំ ២០២១។​

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មុខងារ​សាធារណៈ​កាល​ពី​ថ្ងៃទី ១៦ ខែ​មិថុនា​នេះ បាន​ឱ្យ​ដឹង​ថា ការ​រៀបចំ​ការ​ប្រឡង​ដោយ​ក្រសួង​មុខងារ​សាធារណៈ​នេះ គឺ​តាមរយៈ​សំណើ​សុំ​បញ្ចូល​ការ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​ឆ្នាំ ២០២១ របស់​ក្រសួង​សង្គមកិច្ច។

ក្រសួង​មុខងារ​សាធារណៈ​បាន​ឱ្យ​ដឹង​ថា ការ​ប្រឡង​ជ្រើសរើស​សិស្ស និស្សិត និង​មន្ត្រីរាជការ​ចំនួន ១៣៩ នាក់ សម្រាប់​ក្របខ័ណ្ឌ​ក្រសួង​សង្គមកិច្ច​នេះ គឺ​ប្រភេទ​ក្របខ័ណ្ឌ ក, ខ,និង គ នៅ​តាម​អង្គភាព​មួយ​ចំនួន​ដូចជា មជ្ឈមណ្ឌល​យុវនីតិសម្បទា និង​មជ្ឈមណ្ឌល​ថែទាំ និង​ស្ដារ​នីតិសម្បទា​ជន​មាន​វិបល្លាសស្មារតី នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល ៨១ នាក់។ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មនុស្ស​ចាស់​នៅ​រាជធានី​ភ្នំពេញ​ចំនួន ១៥ នាក់ និង​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​ដោយ​ស្ម័គ្រចិត្ដ និង​ផ្អែក​លើ​សហគមន៍ ស្ថិត​នៅ​ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ​ចំនួន ៤៣ នាក់។

បើ​តាម​សេចក្ដី​ជូន​ដំណឹង កាល​បរិច្ឆេ​ទទទួល​ពាក្យ​ចាប់​ពី​ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២១ និង​កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១ ជា​កាល​បរិច្ឆេទ​ចុង​ក្រោយ។

ចំណែក​ទី​កន្លែង​ទទួល​ពាក្យ និង​ដាក់​ពាក្យ​សុំ​សិទ្ធិ​ប្រឡង គឺ​ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ បេក្ខជន​អាច​ទាញ​យក​ពាក្យ​សុំ​សិទ្ធិ​ប្រឡង​តាមរយៈ​គេហទំព័រ​របស់​ក្រសួង​មុខងារ​សាធារណៈ​អាសយដ្ឋាន www.rmcs.gov.kh ឬ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ក្រសួង​ផ្ទាល់៕