កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម កំពុង​ស្រាវជ្រាវ​ស្វែងរក​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​ជំងឺ​កូវីដ ១៩ បន្ទាប់​ពី​រក​ឃើញ​អ្នក​ជំងឺ​កូវីដ ១៩ ចំនួន ៤៣ នាក់​បន្ថែម​ទៀត ខណៈ​អ្នក​ជា​សះស្បើយ​មាន​ចំនួន ៧៩ នាក់ កាល​ពី​ម្សិលមិញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី ១៩ ខែ​មិថុនា​នេះ បាន​ជម្រាប​ជូន​ដំណឹង​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​កំពង់ចាម ស្រុក​កោះសូទិន ស្រុក​ស្ទឹងត្រង់​ ស្រុក​ចំការលើ បងប្អូន​កម្មករ-កម្មការិនី​រោងចក្រ​នៅ​ស្រុក​បាធាយ ស្រុក​កងមាស ស្រុក​ជើងព្រៃ ស្រុក​ព្រៃឈរ។ បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​សាធារណជន​ទាំង​អស់ អំពី​ការ​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ ចំនួន ៤៣ នាក់។

ក្នុង​សេចក្តី​ប្រកាស​សរសេរ​ថា៖ «ករណី​វិជ្ជមាន​កូវីដ ១៩ ចំនួន ៤៣ នាក់ ក្នុង​នោះ​ស្រុក​បាធាយ ២ នាក់ ស្រុក​កងមាស ១ នាក់ ស្រុក​ស្រីសន្ធរ ១ នាក់ ស្រុក​កោះសូទិន ១ នាក់ ស្រុក​ស្ទឹងត្រង់ ១ នាក់ ក្រុង​កំពង់ចាម ៦ នាក់ ស្រុក​ចំការលើ ៤ នាក់ ស្រុក​ជើងព្រៃ ៧ នាក់ ស្រុក​ព្រៃឈរ ១៦ នាក់ មក​ពី​ខេត្តកំពង់ធំ ១ នាក់ ខេត្ត​ត្បូងឃ្មុំ ៣ នាក់»។

នៅ​ថ្ងៃទី ១៨ ខែ​ មិថុនា ឆ្នាំ ២០២១ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ចាត់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​យក​សំណាក​លើ​កម្មករ-កម្មការិនី ពលករ​ចំណាក​ស្រុក និង​អ្នក​សង្ស័យ​ចំនួន ៥៩ នាក់ ទទួល​បាន​លទ្ធផល​តេស្ត​រហ័ស​វិជ្ជមាន​កូវីដ ១៩ ចំនួន ៤៣ នាក់។

មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​បញ្ជូន​អ្នក​ជំងឺ​ទាំង​នោះ មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម និង​កន្លែង​ព្យាបាល​កម្រិតស្រាល នៅ​វិទ្យាល័យ​ព្រះសីហនុ និង​កំពុង​បន្ត​ស្រាវជ្រាវ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល ជាមួយ​នឹង​អ្នក​ជំងឺ​កូវីដ ១៩ ទាំង ៤៣ នាក់​នោះ។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​អំពាវនាវ​អ្នក​ពាក់ព័ន្ធ និង​ធ្លាប់​ប្រាស្រ័យ​ទំនាក់ទំនង និង​អ្នក​ជំងឺ​ខាង​លើ សូម​ទៅ​ពិនិត្យ​សុខភាព និង​យក​សំណាក​នៅ​មន្ទីរ​ពេទ្យ​បង្អែក ដែល​ស្ថិត​នៅ​ជិត​ផ្ទះ ឬ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ តាមរយៈ​លេខ​ទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុង​ករណី​មាន​បញ្ហា​សុខភាព​ដូចជា ក្អក​មាន​ស្លេស ក្តៅ​ខ្លួន​លើស ៣៧ អង្សារ​ពិបាក​ដក​ដង្ហើម និង​ឈឺ​ក​តិចតួច។

ដោយ​ឡែក ករណី​ជា​សះស្បើយ​ក្នុង​ថ្ងៃទី ១៨ ខែ​មិថុនា មាន​ចំនួន ៧៩ នាក់ (បូក​យោង​ចំនួន ៩៧៧ នាក់) អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៥០ នាក់។ អ្នក​ជំងឺ​ទាំង ៧៩ នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូវីដ ១៩ ចំនួន ២ លើក និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម និង​កន្លែង​ព្យាបាល​កម្រិត​ស្រាល​នៅ​វិទ្យាល័យ​ព្រះសីហនុ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​សរសេរ​ថា «សូម​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣ កុំ ៣ ការពារ និង​ត្រូវ​កែប្រែ​ទម្លាប់​នៃ​ការ​រស់នៅ​សម្រប​តាម​បរិបទ​នៃ​ជំងឺ​កូវីដ ១៩ ដោយ​ត្រូវ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​វិធានការ​អនាម័យ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ការពារ​ក្រុម​គ្រួសារ និង​សមាគមន៍​ចៀស​ផុត​ពី​ជំងឺ​មហា​ប្រល័យ​នេះ»៕