ភ្នំពេញ៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ​ បាន​សរសេរ​អត្ថបទ​មួយ​បង្ហាញ​ពី​ការ​បារម្ភ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ពិសេស​ពួក​វីរុស​បំប្លែង​ថ្មី​ប្រភេទ Alpha និង Delta ដែល​កំពុង​វាយ​លុក​លើ​សកល​លោក​ និង​បាន​រក​ឃើញ​មាន​ឆ្លង​នៅ​កម្ពុជា ខណៈ​លោកស្រី​សង្កេត​ឃើញ​ការ​អនុវត្តន៍​កន្លង​មក​ក៏​ដូចជា​បច្ចុប្បន្ន​របស់​បុគ្គល និង​ម្ចាស់​ទីតាំង​ប្រមូល​ប្ដុំ គឺ​នៅ​ខ្វះ​ចន្លោះ​លើ​ចំណុច ៣ កុំ។

តាមរយៈ​អត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ថា៖ «ការ​ចេះ​ខ្លាច​ជំងឺ​កូវីដ ១៩ និង​មិន​មើល​ស្រាល​វីរុស​កូវីដ ១៩ គឺ​ដើម្បី​ការពារ​អាយុ​ជីវិត​ខ្លួន​ឯង» របស់​លោកស្រី ឱ វណ្ណឌីន មាន​កម្រាស ២ ទំព័រ បាន​សរសេរ បច្ចុប្បន្ន​នេះ​មនុស្ស​ម្នា​នៅ​លើ​សកល​លោក​កំពុង​តែ​វីវក់​ជាមួយ​នឹង​ការ​វ៉ៃលុក​នៃ​វីរុស​កូវីដ ១៩ ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ព្រម​ទាំង​ប្រាក់​ចំណូល​គ្រួសារ​ផង​ដែរ។

ស្ថានភាព​ចម្លង​ជំងឺ​កូវីដ ១៩ នៅ​តែ​ជា​ក្តី​ព្រួយ​បារម្ភ​របស់​មនុស្ស​នៅ​លើ​សកល​លោក ជាមួយ​នឹង​ការ​រាតត្បាត​យ៉ាង​ខ្លាំង​ក្លា​ពី​វីរុស​បំប្លែង​ថ្មី ដែល​កំពុង​តែ​ចរាចរ​យ៉ាង​សកម្ម​នៅ​លើ​ភព​ផែនដី​យើង​នេះ និង​កំពុង​តែ​ញាំញី​ការ​រស់នៅ​របស់​ប្រជាជន​ទូទៅ។

លោកស្រី​បាន​សរសេរ​ថា៖ «យើង​សង្កេត​ឃើញ​ថា ការ​ចម្លង​វីរុស​កូវីដ ១៩ នា​ពេល​ថ្មីៗ​នេះ ហាក់​មាន​សភាព​លឿន និង​ខ្លាំង គឺ​មាន​ពពួក​វីរុស​កូវីដ ១៩ ដែល​ពិភព​លោក​ក៏​កំពុង​តែ​បារម្ភ​ពី​ការ​ចម្លង​របស់​វា (Variant of concern) នោះ គឺ​ពពួក B.1.1.7 (Alpha) និង​ពពួក B.1.617 2 (Delta)»។

នៅ​ប្រទេស​កម្ពុជា វីរុស​កូវីដ ១៩ ដែល​បំប្លែង​ថ្មី​នេះ ក៏​បាន​រក​ឃើញ​ដោយ​ការ​វិភាគ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​លើ​វត្ថុ​សំណាក​អ្នក​ដំណើរ​ដែល​បាន​ចូល​មក​កម្ពុជា តាម​ច្រក​ផ្លូវ​គោក និង​ផ្លូវ​អាកាស ដែល​កន្លង​មក​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​រួច​ហើយ​ដែរ។

នៅ​ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ក៏​មាន​ការ​រក​ឃើញ​បន្ថែម​ទៀត ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នូវ​ពពួក B.1.617-2 (Delta) ចំនួន ៧ នាក់ (ខេត្ត​បន្ទាយមានជ័យ ១ នាក់ ខេត្ត​ឧត្តរមានជ័យ ២ នាក់ ខេត្ត​សៀមរាប ២ នាក់ ខេត្ត​កំពង់ចាម ១ នាក់ និង​ខេត្ត​កំពត ១ នាក់) ដែល​ក្រសួង​សុខាភិបាល​ទើប​តែ​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​ជូន​ដល់​សាធារណជន​នៅ​ថ្ងៃ​នេះ​រួច​ហើយ​ដែរ។

នៅ​ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល គឺ​មាន​អ្នក​ឆ្លង​ថ្មី​រហូត​ដល់ ៧៩៩ នាក់ (សរុប ៤១ ៥៨១ នាក់) និង​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ចំនួន ១៤ នាក់ (សរុប ៣៩៤ នាក់) ដែល​ជា​ចំនួន​សម្រាប់​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២១ និង​នៅ​ថ្ងៃទី ១៨ ខែ​ មិថុនា ឆ្នាំ ២០២១ (ក្រសួង​បាន​ជូន​ព័ត៌មាន​នៅ​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២១) មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៤៧១ នាក់ (សរុប ៤២ ០៥២ នាក់) និង​ករណី​ស្លាប់​ចំនួន ២០ នាក់ (សរុប ៤១៤ នាក់)។

លោក​ស្រី​បញ្ជាក់​ថា បើ​តាម​តួលេខ​ខាង​លើ​នេះ គឺ​ជា​ចំនួន​គួរ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ ហើយ​ដែល​បងប្អូន​មួយ​ចំនួន​ក៏​តែងតែ​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​ចំនួន​ឆ្លង និង​ស្លាប់​នៅ​តែ​មាន​ច្រើន​បែប​នេះ? ដើម្បី​ឆ្លើយ​ទៅ​នឹង​សំណួរ​នេះ​បាន ​បុគ្គល​គ្រប់​រូប​ចាំបាច់​ត្រូវ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​ការពារ​ខ្លួន និង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​មែនទែន​ចូលរួម​កាត់​ផ្តាច់​កុំ​ឱ្យ​មាន​ការ​ឆ្លង​បន្ត​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ទោះ​ជា​នៅ​ក្នុង​គ្រួសារ​នៅ​ក្នុង​សហគមន៍ ឬ​នៅ​ទីតាំង​ណា​ក៏​ដោយ។

បើ​តាម​លោកស្រី ឱ វណ្ណឌីន វិធានការ​កាត់​ផ្ដាច់​ការ​ចម្លង​វីរុស​កូវីដ ១៩ នេះ គឺ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​ចេញ​ឱ្យ​អនុវត្ត​តាំង​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ ២០២០ ដែល​មាន ៣ ការពារ និង ៣ កុំ ហើយ​និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ចាប់​តាំង​ពី​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ មក​ម៉្លេះ។

«ការ​អនុវត្តន៍​កន្លង​មក​ក៏​ដូចជា​បច្ចុប្បន្ន គឺ​នៅ​មាន​ខ្វះ​ចន្លោះ​លើ​ចំណុច ៣ កុំ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​ការ​កែប្រែ​ឥរិយាបថ​របស់​បុគ្គល និង​ម្ចាស់​ទីតាំង​ប្រមូល​ផ្តុំ​ទាំងឡាយ​ឱ្យ​មាន​ការ​ចូលរួម​អនុវត្ត​វិធានការ ៣ កុំ នេះ​ជា​ចាំបាច់ រួម​ជាមួយ​នឹង​ការ​អនុវត្តន៍​ច្បាប់​ជា​ធរមាន​ផង​ដែរ»។ លោក​ស្រី​បញ្ជាក់។

លោក​ស្រី​បន្ថែម​ថា ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល និង​សហគមន៍ គឺ​ជា​ចំណុច​សំខាន់​មួយ​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ ដែល​ត្រូវ​តែ​ជំរុញ​ឱ្យ​មាន​ការ​អនុវត្តន៍​ស្រប​តាម​វិធីសាស្ត្រ​រដ្ឋាភិបាល និង​សង្គម​ជាតិ​ទាំង​មូល (the whole of government and society approaches) ដើម្បី​បំពេញ​នូវ​ចន្លោះ​ប្រហោង​របស់​បុគ្គល និង​សហគមន៍​ ឬ​អាច​និយាយ​ប្រៀប​ធៀប​បាន​ថា «បំពេញ​ដី​កន្លែង គ្រហុកៗ» ដើម្បី​ឈាន​ទៅ​រក​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​បាន​រលូន​សំដៅ​កាត់​ផ្តាច់​បាន​នូវ​ការ​ចម្លង​ជំងឺ​បន្ត​គ្នា ជា​ពិសេស​ទប់ស្កាត់​ការ​រាតត្បាត​នៅ​ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ។

លោកស្រី​បន្ត​ថា៖ «ភាគ​ច្រើន​យើង​តែង​ឮ​ថា មនុស្ស​ខ្លាច​កូវីដ ១៩ ក៏​ប៉ុន្តែ​ការ​ខ្លាច​របស់​យើង​ហាក់​ដូចជា​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ឆ្លង​នៃ​ជំងឺ​នេះ ដែល​នៅ​តែ​មាន​ការ​ឆ្លង​ក្នុង​ចំនួន​រាប់​រយ​នាក់​ជា​រៀងរាល់​ថ្ងៃ​»។

លោកស្រី​បាន​បន្ថែម​ទៀត​ថា៖ «បើ​យើង​ខ្លាច​យើង​ត្រូវ​តែ​ខិតខំ​ធ្វើ​យ៉ាង​ណា កុំ​ឱ្យ​មាន​ការ​ឆ្លង​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ការពារ​រៀងៗ​ខ្លួន ជាពិសេស​មិន​ត្រូវ​បង្ក​ឱ្យ​មាន​ការ​ជួបជុំ​ណា​មួយ​ ឬ​ការ​ចល័ត​របស់​បុគ្គល​ជាច្រើន​ ដែល​មិន​មាន​ភារកិច្ច​ចាំបាច់ (រហូត​ដល់​កន្លែង​ខ្លះ​មាន​ការ​កក​ស្ទះ​មនុស្ស​នៅ​លើ​ដង​ផ្លូវ​ផង​ក៏​មាន) ដែល​បង្ក​ជា​បរិយាកាស​ដ៏​ល្អ សម្រាប់​វីរុស​កូវីដ ១៩ ធ្វើ​ការ​ចម្លង​បន្ត ឬ​ធ្វើ​ចរាចរ​បាន​ដោយ​ងាយ​ស្រួល»៕