រតនគិរី៖ រដ្ឋបាល​ខេត្ដ​រតនគិរី​កំពុង​រឹត​បន្តឹង​ការ​អនុវត្ដ​វិធានការ​សុខាភិបាល​នៅ​ភូមិសាស្រ្ដ​ក្រុង​បានលុង បន្ទាប់​ពី​មាន​ករណី​នាំចូល​ជំងឺ​កូវីដ ១៩ ជាង ៣០ ករណី ហើយ​បន្ត​ឆ្លង​រីក​រាលដាល​នៅ​ក្នុង​សហគមន៍​ចាប់​ថ្ងៃ​ទី ១៨-១៩ ខែ​មិថុនា​នេះ ចំនួន ៦១ ករណី​បន្ថែម​ទៀត។ នេះ​បើ​តាម​លោក ញ៉ែម សំអឿន អភិបាលរង និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ។

លោក ញ៉ែម សំអឿន បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅ​ថ្ងៃ​នេះ​ថា ចាប់​តាំង​ពី​ផ្ទុះ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ រហូត​មក ខេត្ដ​រតនគិរី រក​ឃើញ​ករណី​ឆ្លង​ចំនួន ៣៣ នាក់​សុទ្ធ​ជា​ករណី​នាំ​ចូល​ពី​ខេត្ដ​ផ្សេងៗ និង​ពី​ប្រទេស​ថៃ។ ទើប​រយៈពេល ២ ថ្ងៃ គឺ​នៅ​ថ្ងៃទី ១៨-១៩ ខែ​មិថុនា​នេះ បាន​ផ្ទុះ​ករណី​ឆ្លង​ចូល​ដល់​សហគមន៍​ក្នុង​ភូមិសាស្រ្ដ ក្រុង​បាន​លុង​ រក​ឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ៦១ ករណី​ហើយ។

លោក​បាន​ថ្លែង​ថា៖ «កន្លង​មក​យើង​បាន​អនុវត្ដ​នូវ​វិធានការ​ការពារ​ទាក់ទង​នឹង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល។ ផ្លូវ​ចូល​ខេត្ដ​សំខាន់ៗ គឺ​យើង​បាន​ដាក់​ប៉ុស្ដិ៍​ពិនិត្យសុខភាព។ ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ពី​ខេត្ដ​ផ្សេង​ចូល​មក គឺ​យើង​ពិនិត្យ​សុខភាព វាស់កម្ដៅ និង​សាក​សួរ​ព័ត៌មាន​ពី​ពួក​គាត់។ បើ​សិន​ជា​ពួក​គាត់​មក​ពី​តំបន់​ដែល​ប្រឈម​ហានិភ័យ​ឆ្លង​កូវីដ ១៩ ខ្លាំង យើង​យក​សំណាក​ពួក​គាត់​ទៅ​ពិនិត្យ»។

លោក ញ៉ែម សំអឿន បាន​ឱ្យ​ដឹង​ថា ដើម្បី​ទប់ស្កាត់​ឆ្លង​រីក​រាលដាល​នៅ​ក្នុង​សហគមន៍​នៅ​ថ្ងៃ​នេះ គណៈ​បញ្ជាការ​ឯកភាព​ខេត្ដ​បាន​ដឹកនាំ​កិច្ច​ប្រជុំ ដើម្បី​រៀបចំ​ផែនការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​បន្ត និង​ឈាន​ទៅ​កំណត់​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់​ផង​ដែរ។

លោក​បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្ដ​ក៏​ទទួល​បាន​ផែនការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ដល់​ប្រជាពលរដ្ឋ​ដែរ។ លោក​បន្ត​ថា នៅ​ពេល​រាជរដ្ឋាភិបាល​ទទួល​បាន​វ៉ាក់សាំង និង​ផ្ដល់​ដល់​រដ្ឋបាល​ខេត្ដ ដើម្បី​ចាក់​ជូន​ដល់​ពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ។

បើ​តាម លោក សំ អឿន រហូត​ដល់​បច្ចុប្បន្ន ខេត្ដ​រតនគិរី​ទើប​មាន​រក​ឃើញ​ករណី​ឆ្លង​សរុប​ទាំង​ករណី​ឆ្លង​សហគមន៍ និង​ករណី​នាំ​ចូល​សរុប​ជិត ១០០ ករណី និង​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ទេ៕

វីដេអូ៖