ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក.) លោក ម៉ម ប៊ុនហេង បាន​សម្រេច​តែងតាំង​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​លោក គឹម សន្ដិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ឲ្យ​ធ្វើ​ជា​អ្នក​នាំពាក្យ គ.អ.ក ដោយ​ទទួល​បន្ទុក​លើ​ការងារ​ផ្សេង​គ្នា។

យោង​តាម​សេចក្ដី​សម្រេច​ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ១៩ ខែ​មិថុនា​នេះ លោក ម៉ម ប៊ុនហេង បាន​សម្រេច​តែងតាំង​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ឲ្យ​ធ្វើ​ជា​អ្នក​នាំពាក្យ គ.អ.ក ទទួល​បន្ទុក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩។

ចំណែក លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​វិញ​ត្រូវ​បាន​លោក ម៉ម ប៊ុនហេង សម្រេច​តែងតាំង​ឲ្យ​ធ្វើ​ជា​អ្នក​នាំពាក្យ គ.អ.ក. ទទួល​បន្ទុក​ព័ត៌មាន​ផ្សេង​ទៀត ដែល​ទាក់ទង​នឹង​ការ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ព្រម​ទាំង​ព័ត៌មាន​ទាក់ទង​នឹង​លទ្ធផល​ការងារ​របស់​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩។

គួរ​បញ្ជាក់​ដែរ​ថា ក្រៅ​ពី​តួនាទី​ថ្មី​នេះ ទាំង​លោក ស្រី ឱ វណ្ណឌីន ទាំង​លោក គឹម សន្ដិភាព សុទ្ធ​តែ​មាន​តួនាទី​ផ្សេង​នៅ​តាម​ក្រសួង​ និង​ស្ថាប័ន​រៀងៗ​ខ្លួន ដោយ​លោកស្រី ឱ វណ្ណឌីន ក៏​ជា​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ខណៈ​លោក គឹម សន្តិភាព ក៏​ជា​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ផង​ដែរ៕